ជាតិ
បាក់ឌុប
បាក់ឌុបព្រឹកថ្ងៃទី២៖ សិស្សអវត្តមាន១៨០៦នាក់ ហើយជាង៣០នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ
× «មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ»។ នេះជាការកត់សម្គាល់របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការសំណេរនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដែលជាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
ក្រសួងបានគូសបញ្ជាក់ថា មណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ហើយ បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
នៅព្រឹកនេះ បេក្ខជនប្រឡងសរុបមានចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ ដោយអវត្តមានសរុបចំនួន១ ៨០៦នាក់ ស្រី ៧២៣នាក់។ ដោយឡែកបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣១ករណី ក្នុងនោះអនុរក្សមាន២ករណី និងអ្នកសង្កេតស្ម័គ្រចិត្ត ០១ករណី និងបេក្ខជនចំនួន២៨ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ក្នុងនោះ ៣ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអាចត្រឡប់មកបន្តការប្រឡងវិញ ១ករណី និង ២ករណី មិនអាចត្រឡប់មកបន្តការប្រឡងបានទៀតឡើយ ។
ក្រសួងបានបន្ថែមផងដែរថា បុគ្គលិកអប់រំមានកំហុសឆ្គង៣ករណី ដោយទុកទូរសព្ទជាប់ខ្លួន ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារហើយ ។ សម្រាប់បញ្ហាអាកាសធាតុ មណ្ឌលប្រឡងមួយចំនួននៅតែបន្តមានភ្លៀងធ្លាក់ដូចជា ខេត្តកែប ព្រះសីហនុ រតនគិរី និងខេត្តមណ្ឌលគិរី ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com