ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា ត្រូវបាន​ព្រះមហាក្សត្រ​លើកលែង​ទោស​
23, Aug 2018 , 7:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្សអំណាចខ្មែរ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ​លើកលែងទោស តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានចេញនៅថ្ងៃទី​២៣ សីហា ឆ្នាំ២០១៨នេះ។


នាពេលកន្លងមក លោក សួន សេរីរដ្ឋា បានសរសេរលិខិតសុំទោសម្តេច  ហ៊ុន សែន និងសុំឲ្យជួយថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោស។ ហើយនៅថ្ងៃទី២៣ ខែសីហានេះ លោក បានសរសេរលិខិតពីពន្ធនាគារជូនសម្តេច  ហ៊ុន សែន ម្តងទៀត  ក្នុងគោលបំណងដដែល។ 

លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន៣​បទល្មើស រួមមាន បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សួន សេរី​រដ្ឋា បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក កាលពីអំឡុងខែសីហា ឆ្នាំ២០១៧​ ទាក់ទង​នឹង​ការបញ្ជា​កងទ័ព​ឲ្យ​ទៅ​ត្រៀមប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ថា​៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​ឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹក គគ្រេង​»​។ តាមរយៈ​បទ​ចោទ​នេះ ​តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​១០​លាន​រៀល​ កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។  

អត្ថបទទាក់ទង
 
ជាការកត់សម្គាល់ រយៈពេលប៉ុន្មានថ្ងៃនេះ មានការលើកលែងទោសពីព្រះមហាក្សត្រជាបន្តបន្ទាប់ តាមការស្នើសុំពីសម្ដេច ហ៊ុន សែន។ ក្នុងនោះរួមមានលោក កឹម សុខ អ្នកវិភាគនយោបាយ, លោកស្រី ទេព វន្នី និងសកម្មជន៣នាក់ទៀត និងអតីតអ្នកកាសែតអាស៊ីសេរី២នាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ជាដើម។ បន្ថែមពីសម្ដេច ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៣ សីហា ថា សម្ដេច គ្រោងស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសមនុស្ស១២នាក់ទៀតផង៕
 
 

Tag:
 សួន សេរី​រដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com