កីឡាជាតិ
ជាតិ
ខាន់ ចេ​សា​៖ មេដាយមាស​មិនមែន​សម្រាប់តែ​ខ្ញុំ​ឡើយ តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​គ្រួសារ​របស់ខ្ញុំ​
25, Aug 2018 , 2:06 pm        
រូបភាព
កីឡាការិនី ខាន់ ចេសា ក្រោយឈ្នះកីឡាការិនីអេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
កីឡាការិនី ខាន់ ចេសា ក្រោយឈ្នះកីឡាការិនីអេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
ដោយ:
​វ័យ​១៦​ឆ្នាំ កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បាន​នាំ​មេដាយមាស​ទីមួយ​ជូន​កម្ពុជា ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី លើ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ (Jiu-jitsu) ទម្ងន់​ក្រោម​៤៩​កី​ឡូ​ក្រាម កាលពី​ថ្ងៃទី​២៤ ខែសីហា​។



អត្ថបទទាក់ទង


​កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ រំភើប​រហូត​ស្រក់​ទឹកភ្នែក ក្រោយ​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី សម្រាប់​កម្ពុជា​។ កីឡាការិនី​ដែលមាន​ឪពុក​ជា​ជនជាតិខ្មែរ ហើយ​ម្តាយ​មាន​សញ្ជាតិ​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​នោះ អះអាងថា ខ្លួន​ប្រកួត​ពោរពេញ​ទៅដោយ​ទំនុកចិត្ត ហើយ​នាង​ចង់​ផ្ញើ​សារ​ថា ស្ត្រី​ក៏​ខ្លាំង​ដូច​បុរស​ដែរ​។ តាម​ជោគជ័យ​ដ៏​ធំធេង​នេះ ចេ​សា រំពឹងថា នឹងធ្វើ​គេ​ស្គាល់​កីឡា​ជឺ​ជិត​ស៊ូ កាន់តែច្រើន​ថែមទៀត​។​



​តាមរយៈ​បណ្តាញ​សង្គម Instagram របស់ខ្លួន ខាន់ ចេ​សា បានបង្ហាញ​ពី​មោទកភាព​ដែល​បាន​ក្លាយជា​ស្ត្រី​ដំបូង​បំផុត​ដែល​ឈ្នះ​មេដាយមាស​ពី​កីឡា​អាស៊ី និង​បាន​តំណាង​ឲ្យ​កម្ពុជា​។ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ចំពោះ​ការប្រកួត​របស់ខ្ញុំ​។ ខ្ញុំ​រីករាយ​ដែល​បានឈ្នះ​មេដាយមាស ប៉ុន្តែ​មិនមែន​សម្រាប់​ខ្ញុំ​ឡើយ តែ​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​គ្រួសារ​របស់ខ្ញុំ​»​។​

​កីឡាការិនី​ដែល​រស់នៅ​សហរដ្ឋអាមេរិក​រូបនេះ បាន​អះអាងថា ខ្លួន​មានបទពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​នៅ​កម្ពុជា និង​ឥណ្ឌូណេស៊ី ហើយ​រំពឹង​នឹងមាន​វត្តមាន​ម្តងទៀត​៕​

Tag:
 ​ជឺ​ជី​តស៊ូ​
  ខាន់ ចេ​សា​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com