កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហេង សំរិន ដែល​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​អាជីព កើន​ទាំង​ប្រាក់រង្វាន់ និង​ចំនួន​ក្រុម​
25, Aug 2018 , 9:19 pm        
រូបភាព
លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតពាន់រង្វាន់សម្តេច ហេង សំរិន ចាប់ឆ្នោតចែកពូល
លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតពាន់រង្វាន់សម្តេច ហេង សំរិន ចាប់ឆ្នោតចែកពូល
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហេង សំរិន លើក​ទី​២ កើន​ទាំង​ប្រាក់រង្វាន់​លើកទឹកចិត្ត និង​ចំនួន​ក្រុម​ចូលរួម បើ​ធៀប​នឹង​លើក​ទី​១​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​ដាក់​កីឡាករ​ក្នុង​លី​គ​កំពូល​២​នាក់ និង​លី​គ​លំដាប់​ទី​២​ចំនួន​២​នាក់​នៅ​ឆ្នាំនេះ​។ ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​មួយ​នេះ បង្កើតឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ និង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​មិន​អាជីព ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​បានបង្ហាញ​សមត្ថភាព​។



​ពានរង្វាន់​បាល់ទាត់​សម្តេច ហេង សំរិន លើក​ទី​២​ឆ្នាំនេះ បាន​ទាក់ទាញ​ក្រុម​ចូលរួម​រហូតដល់​២១​ក្រុម ដែល​ចំនួន​នេះ​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​លើក​ទី​១​មាន​១៦​ក្រុម​។ ការកើនឡើង​នេះ បញ្ជាក់​ឲ្យ​ឃើញថា ពានរង្វាន់​ពាក់កណ្តាល​អាជីព​មួយ​នេះ ទទួល​ការគាំទ្រ និង​មាន​ទំនុកចិត្ត​ពី​បណ្តា​ក្លិប​កីឡាបាល់ទាត់​ទាំងចាស់ និង​ថ្មី​។



​ទន្ទឹមនឹង​ការកើនឡើង​នេះ លោក ធុល នាង ទីប្រឹក្សា​សម្តេច ហេង សំរិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ស្នើ​ឲ្យ​កីឡាករ​ទាំងអស់​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ជាមួយ​ការទទួលខុសត្រូវ ពិសេស​ត្រូវ​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ ព្រោះ​លោក​យល់ថា ការប្រកួត​បាល់ទាត់ វា​មិនអាច​ចៀស​ផុតពី​ការប៉ះទង្គិច​គ្នា​នោះទេ​។ តែ​ការប៉ះទង្គិច​ត្រូវមាន​កម្រិត​តិចតួច​បំផុត​។

​ពាក់ព័ន្ធ​នឹង​គោលបំណង ព្រឹត្តិការណ៍​នេះ បង្កើតឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា និង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​មិន​អាជីព​បានបង្ហាញ​សមត្ថភាព​ក្នុងការ​ទាក់ទាញ​ចិត្ត​គ្រូបង្វឹក​តាម​បណ្តា​ក្លិប​អាជីព ដើម្បី​សម្រេច​បំណង​ចង់​ក្លាយ​កីឡាករ​អាជីព​ទៅ​ថ្ងៃ​អនាគត​។ «​ការបង្កើត​ពានរង្វាន់​នេះ​ឡើង គឺ​ដើម្បី​បង្កើន​សុខភាព សុខមាលភាព រឹតចំណង​សាមគ្គីភាព​រវាង​ក្រុម កីឡាករ និង​គ្រូបង្វឹក​នៃ​ក្រុម​នីមួយ​។ លើសពីនេះ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​បច្ចេកទេស​គ្នា​ទៅវិញទៅមក​»​។ ជាការ​បន្ថែម​របស់លោក ធុល នាង​។​

​ដើម្បី​បង្កើន​ការប្រកួត​ឲ្យ​កាន់​តែមាន​ភាពស្វិតស្វាញ​និង​តានតឹង​ជាង​មុន គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ពានរង្វាន់​ស​ម្តេច ហេង សំរិន ឆ្នាំនេះ អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​ដាក់​កីឡាករ​អាជីព​ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​២​រូប និង​ក្របខណ្ឌ​លី​គ​ទី​២​ចំនួន​២​រូប​។ ខណៈ​កាលពី​ឆ្នាំមុន​កីឡាករ​ទាំងនេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​នោះទេ​។

​លោក ធុល នាង បាន​បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ដាក់​កីឡាករ​អាជីព​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​បច្ចេកទេស​រវាង​កីឡាករ​មិន​អាជីព​និង​អាជីព​។ លើសពីនេះ ដើម្បី​ឲ្យ​កីឡាករ​មិន​អាជីព​សិក្សា​បច្ចេកទេស​ពី​កីឡាករ​អាជីព​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​មិនមែន​តែ​ចំនួន​ក្រុម​នោះទេ ដែល​កើនឡើង សូម្បី​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ជ័យលាភី​ក៏​កើនឡើង​ផងដែរ​។ ក្នុងនោះ​ក្រុម​ជើងឯក​ទទួលបាន​៣២​លាន​រៀល​, លេខ​២​បាន​២០​លាន​រៀល និង​លេខ​៣​បាន​១៤​លាន​រៀល​។ ខណៈ​ឆ្នាំមុន​លេខ​១​បាន​២៥​លាន​រៀល​, លេខ​២​បាន​២០​លាន​រៀល និង​លេខ​៣​បាន​១៥​លាន​រៀល​។ ក្រៅពីនេះ ក៏មាន​ប្រាក់រង្វាន់​សម្រាប់​កីឡាករ​ល្អ អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ និង​ក្រុម​លេង​ល្អ​ជាងគេ​ផងដែរ​។



​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៦ ខែសីហា ដល់​ថ្ងៃទី​២០ តុលា ឆ្នាំ​២០១៨ ចែកចេញជា​៤​ពូ​ល​។ ក្នុងនោះ​ពូ​ល A មាន TN Kandal F.C, សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត និង​បញ្ញា​វ័​ន្ត​កម្ពុជា​, ដោ​ន​ថោ​ន​ស្ព័ត​, អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង Yara Yaroth, ពូ​ល B មាន​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​, យុវជន​បៃតង​, Bassac FC, KMH Academy និង​បុរី​រ៉ាត់​អែ​ហ្វ​ស៊ី​, ពូ​ល C មាន Pisnoka FC, ISI Group, Madina FC, ព្រះខ័ន​រាជ​ស្វាយរៀង​, ស្នងការ​នគរបាល​ខេត្តកំពត និង​យុវជន​វត្ត​វា​រិន្ទ​ព្រែកលៀប​, ពូ​ល D មាន​ស្វាយជ្រុំ FC, X-Sport FC, ទន្សោង FC, Avatar FC និង​អាណាចក្រ​បៃតង​៕   
 


Tag:
 បាល់ទាត់​
  Heng Samrin Cup 2018
  ធុល នាង
© រក្សាសិទ្ធិដោយ thmeythmey.com