កីឡាជាតិ
ជាតិ
ក្បួន​ដង្ហែជ័យលាភី​មេដាយមាស​អាស៊ី នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា​
27, Aug 2018 , 11:38 am        
រូបភាព
ជ័យលាភីមេដាយកីឡាអាស៊ី ខាន់ ចេសា និងសាលី អ៊ូមើត
ជ័យលាភីមេដាយកីឡាអាស៊ី ខាន់ ចេសា និងសាលី អ៊ូមើត
ដោយ: រួបរួម
​កម្ពុជា​មិនទាន់​បញ្ចប់​បេសកកម្ម​របស់ខ្លួន​នៅ Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូណេស៊ី​ឡើយ ប៉ុន្តែ កម្ពុជា​រកបាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​រួចទៅហើយ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​១ ។​

 
​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Newaza ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នៃ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ី (Jiu-Jitsu) មុន​ពេលដែល​កីឡាករ​ម៉ូតូ​ទឹក (JetSki) សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រៀម​ទទួល​ម្ចាស់​ជ័យលាភី និង​ប្រតិភូ​កីឡា​កម្ពុជា នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​មួយថ្ងៃ​ក្រោយ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ ។ បើតាម​ការអះអាង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្បួន​ដង្ហែនឹង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ម៉ោង​១៧ និង​៣៥​នាទី ឆ្ពោះទៅ​វិមាន​សន្តិភាព ជាមួយនឹង​ម៉ូតូ​កិត្តិយស​អម​ចំនួន​៦​គ្រឿង​។​
 
​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាលពី​ឆ្នាំ​២០១៣ ជ័យលាភី​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត នឹង​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន​៨០​លាន​រៀល ហើយ អ៊ូ​មើ​ត ទទួលបាន​២៤​លាន​រៀល​បន្ថែមទៀត​សម្រាប់​មេដាយ​សំរឹទ្ធ​។ គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក​ទាំង​២​ទទួល​ម្នាក់ៗ​៨០​លាន​រៀល រីឯ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​។​
 
​បន្ថែម​ពីនេះ ជ័យលាភី​ក៏ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​ផ្ទាល់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផងដែរ ។ កន្លងមក សម្តេច​ប្រកាស​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​មេដាយមាស ៥០០០​ដុល្លារ​អាមេរិក​សម្រាប់​មេដាយប្រាក់ និង​៣០០០​ដុល្លារ​អាមេរិក​សម្រាប់​មេដាយ​សំរឹទ្ធ​៕
 

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com