កីឡាជាតិ
ជាតិ
ជើងឯកពិភពលោកនៅបេឡារុស៖ តេក្វាន់ដូ ITF បានមេដាយសំរឹទ្ធ១ទៀតហើយ
× អត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ទទួលបានមេដាយសំរឹទ្ធ១ទៀតហើយលើវិញ្ញាសាសំដែង នាការប្រកួតជើងឯកពិភពលោកកម្រិតយុវជន នៅប្រទេសបេឡារុស។ មុនទទួលបានមេដាយសំរឹទ្ធនេះ កីឡាករ បួន ច័ន្ទថារ៉ាត់ បានឈ្នះមេដាយប្រាក់១ផងដែរ លើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម។ ប្រតិភូកីឡាកម្ពុជា នឹងនាំមេដាយទាំងនេះ មកដល់មាតុភូមិនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។
សម្រាប់ការប្រកួតលើវិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងចំណោម១៣ប្រទេស ដោយពួកគេចាញ់ក្រុមកីឡាករកូរ៉េខាងជើង និងរុស្ស៊ី។ តាមរយៈចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជាទទួលបានមេដាយសំរឹទ្ធ១បន្ថែម ពីការប្រកួតជើងឯកពិភពលោកនៅបេឡារុស បន្ទាប់ពីកីឡាករ បួន ច័ន្ទថារ៉ាត់ ដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម។
ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ចប់បេសកកម្ម សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកកម្រិតយុវជននៅបេឡារុសរបស់ខ្លួនហើយ។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១។ បើតាមលោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រតិភូកីឡាតេក្វាន់ ITF មកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។
សម្រាប់ការប្រកួតជើងឯកពិភពលោកកម្រិតយុវជន ដែលរៀបចំនៅប្រទេសបេឡារុស ចន្លោះពីថ្ងៃទី២០-២៧ ខែសីហា មានជាង៦០ប្រទេសចូលរួម ខណៈសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនកីឡាករ៧រូប និងប្រតិភូ៣រូបឲ្យចូលរួម៕
Tag:
តេក្វាន់ដូ ITF
បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com