អត្ថបទពាណិជ្ជកម្ម
និស្សិត​ហ្សា​ម៉ាន់​៤​រូប ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន ប្រទេស​ចិន​
29, Aug 2018 , 4:39 pm        
រូបភាព
​រូបភាព​៖ និស្សិត​ហ្សា​ម៉ាន់​ទាំង​បួនរូប ដែល​នឹង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន
​រូបភាព​៖ និស្សិត​ហ្សា​ម៉ាន់​ទាំង​បួនរូប ដែល​នឹង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន
ដោយ:
​ពិតណាស់​ការសិក្សា​នៅក្រៅ​ប្រទេស ជា​ក្ដី​ស្រមៃ​របស់​សិស្ស​និស្សិត​គ្រប់រូប​។ ការសិក្សា​នៅ​ប្រទេសក្រៅ អាច​ផ្ដល់​គុណភាព​អប់រំ​ខ្ពស់ និង​បទពិសោធន៍​ជីវិត​ថ្មី ឲ្យ​សិស្ស​និស្សិត​អាច​ស្វែងយល់​ពី​វប្បធម៌ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនបរទេស​។ នៅពេល​ថ្មីៗ​នេះ និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​៤​រូប បានទទួល​ឱកាស​សិក្សា​នៅក្រៅ​ប្រទេស ពោលគឺ​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន ប្រទេស​ចិន សម្រាប់​ថ្នាក់អនុបណ្ឌិត ក្នុង​មុខជំនាញ សេដ្ឋកិច្ច​អនុវត្តន៍ (Applied Economics)​។ ការសិក្សា​នេះ ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាកលវិទ្យាល័យ​ហ៊ូ​ណាន ដែលជា​ដៃគូ​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។​
 
​លោក ឆុន នភាល័យ និស្សិត​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​ឲ្យ​ដឹងថា ដំណើរ​ការដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ មិន​លំបាក​អ្វី​ឡើយ​សម្រាប់​រូបគេ​។ អ្វីដែល​នភាល័យ និង​និស្សិត​ដទៃទៀត​ត្រូវធ្វើ គឺ​ការសរសេរ​ផែនការ​សិក្សា​(Study Plan) និង​លិខិត​ផ្ទាល់ខ្លួន (Personal Statement) ហើយ​និស្សិត​នៅ​ហ្សា​ម៉ាន់ នឹងមាន​ឱកាស​ខ្ពស់ ក្នុងការ​ទទួលបាន​អាហារូបករណ៍​នេះ បើ​ពួកគាត់​មាន​ពិន្ទុ​សិក្សា​ល្អ​។​
 
​អនាគត​និស្សិត​អនុបណ្ឌិត​រូបនេះ មិនបាន​ខ្វល់ខ្វាយ​នឹង​ការ​ទៅ​សិក្សា​មុខជំនាញ​ផ្សេង ខុសពី​ជំនាញ​ដែល​ខ្លួន​ធ្លាប់​សិក្សា នៅ​ថ្នាក់​បរិញ្ញាបត្រ​នោះទេ ដ្បិតអី​រូបគេ បាន​សិក្សា​មុខវិជ្ជា​មួយចំនួន​ដូចជា សេចក្ដី​ផ្ដើម​ពី​សេដ្ឋកិច្ច​(Introduction to Economy) មីក្រូសេដ្ឋកិច្ច​(Micro-Economy) ម៉ាក្រូសេដ្ឋកិច្ច​(Macro-Economy) ក៏ដូចជា​សេដ្ឋកិច្ច​នយោបាយ​អន្តរជាតិ​(International Political Economy) ដែល​អាចជា​មូលដ្ឋានគ្រឹះ ក្នុងការ​សិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​សេដ្ឋកិច្ច​អនុវត្តន៍​។​
 
​លោក ទេព សុភា​រង្សី និស្សិត​ម្នាក់ទៀត​ដែល​នឹង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​នាពេលខាងមុខ បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ ក្រោយ​ដឹងថា​ខ្លួន​បានជា​ប់​អាហារូបករណ៍​នេះ​។ និស្សិត​ទេព សុភា​រង្សី​ថ្លែងថា​៖ «​អាហារូបករណ៍​នេះ នឹង​រួមបញ្ចូល​ទាំង​ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​ការចំណាយ​ផ្សេងៗ អំឡុងពេល​នៅ​ប្រទេស​ចិន​»​។​
 
​និស្សិត​រូបនេះ ជឿថា​ខ្លួន​ទទួលបាន​អាហារូបករណ៍​នេះ ដោយសារ​ពិន្ទុ​ខ្លួន​ល្អ នៅពេលដែល​គេ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ហើយ​ក្នុងនាម​ជា​អនាគត​និស្សិត​ថ្នាក់អនុបណ្ឌិត ទេព សុភា​រង្សី សង្ឃឹមថា រូបគេ​អាចធ្វើ​ការ​ក្នុង​ជំនាញ​វិភាគ​សេដ្ឋកិច្ច​(Economic Analysis) អាច​ក្នុង​រដ្ឋាភិបាល​ក្ដី ឬ​វិស័យ​ឯកជន ក្រោយ​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ចិន​។​
 
​ដោយឡែក លោក មាស មុ​នឹ​ន្ទ្រ និស្សិត​ហ្សា​ម៉ាន់ ដែល​ទើបតែ​បញ្ចប់​ការសិក្សា ពី​ដេ​ប៉ាត់​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម ក៏ត្រូវ​បានជ្រើសរើស​ឱ្យទទួល​បាន​អាហារូបករណ៍​របស់​សាកល​វិទ្យា    ល័យ​ហ៊ូ​ណាន​ដែរ​។ ដំបូង​ឡើយ មុ​នឹ​ន្ទ្រ នៅ​មិនទាន់​សម្រេចចិត្ត​ដាច់ស្រេច ទោះបី​ខ្លួន​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផង ចង់​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ទទួលបាន​បទពិសោធន៍​ផង​។ ប៉ុន្តែ​និស្សិត​រូបនេះ សម្រេច​ចិត្តជា​ចុងក្រោយ ថា​នឹង​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ដោយសារ​ឱកាស​សិក្សា​នៅក្រៅ​ប្រទេស អាចធ្វើឱ្យ​ខ្លួន​មាន​ឯករាជ្យភាព​ជាង​មុន​។ ម្យ៉ាងវិញទៀត ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ក៏​ជា​កត្តា​ចម្បង​ដែល​មុ​នឹ​ន្ទ្រ​សម្រេចចិត្ត​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន​នេះដែរ​។ អំឡុងពេល​សិក្សា​នៅ​ប្រទេស​ចិន មុ​នឹ​ន្ទ្រ គ្រោង​ចំណាយពេល​មួយចំនួន​ដើម្បី​រៀន​សរសេរ​កូដ ស្វែងរក​ឱកាស​ហ្វឹកហាត់​ការងារ និង​រៀន​ភាសា​ចិន​។ ក្រោយ​បញ្ចប់​ការសិក្សា មុ​នឹ​ន្ទ្រ អាច​នឹង​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ទទួលបាន​បទពិសោធន៍ មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។​
 
​កញ្ញា គីម លី​ណា អតីត​និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​មួយរូប​ទៀត​ដែរ ដែល​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០១៦ ហើយ​កំពុងតែ​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន បាន​បញ្ជាក់ថា ហ៊ូ​ណាន​ជា​ខេត្ត​មួយ ដែល​ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់​។ ដោយឡែក​ការចាយវាយ​ប្រចាំថ្ងៃ មាន​ភាពសមរម្យ សម្រាប់​និស្សិត ខណៈ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ក៏មាន​ភាពងាយស្រួល​។ ទោះយ៉ាងណា កញ្ញា​ស្នើឱ្យ​និស្សិត​ដែល​នឹង​មក​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន ក៏ដូចជា​នៅ​ប្រទេស​ឯទៀត ស្រាវជ្រាវ​ពី​វប្បធម៌​តំបន់ និង​ស្គាល់​មិត្តភក្ដិ​ថ្មីៗ ដែល​នឹង​ជួយ​ឱ្យ​និស្សិត ទទួលបាន​បទពិសោធ​ន៍​សម្បូរបែប ពី​ការសិក្សា​នៅក្រៅ​ប្រទេស​។​
 
​លោក​បណ្ឌិត សុខ ហេង ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ធនាគារ និង​ហិរញ្ញវត្ថុ និង​ជា​អ្នកសម្របសម្រួល​ក្នុង​ការដាក់​អាហារូបករណ៍​បាន​ឲ្យ​ដឹងថា មកដល់​ឆ្នាំនេះ មាន​និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ចំនួន​១០​រូប​ហើយ ដែល​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន ក្នុងនោះ​មាន​និស្សិត​២​រូប បានបញ្ចប់​ការសិក្សា​។ លោក​បណ្ឌិត បញ្ជាក់ថា​៖«​និស្សិត​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដែល​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ហ៊ូ​ណាន គួរតែ​ខិតខំ​សិក្សា ដើម្បី​ទទួលបាន​ពិន្ទុ​ល្អ​»​។​
 
​បើទោះជា​ប្រទេស​ចិន មិនមែនជា​ប្រទេស​ដែល​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​និស្សិត​មួយចំនួន​ក្ដី បើ​ធៀប​នឹង​លោកខាងលិច ការសិក្សា​នៅ​ប្រទេស​ចិន​មាន​ប្រយោជន៍​ច្រើន ដល់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​ទីនោះ ដោយសារ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន ដូចដែល​បានឃើញ តាមរយៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​ប្រទេស​ទាំងពីរ​។ ហេតុ​ដូច្នេះហើយ និស្សិត​អាច​ប្រើប្រាស់​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍​ដែល​ខ្លួន​ទទួលបាន​ពី​ប្រទេស​ចិន ក្នុង​គម្រោង​អភិវឌ្ឍន៍​រួម​របស់​ប្រទេស​ទាំងពីរ​។ សម្រាប់​វិស័យ​ឯកជន ទំហំ​នៃ​ការបណ្ដាក់ទុន​ក្នុងប្រទេស​កម្ពុជា របស់​វិនិយោគិន​ចិន ក៏​ឈរ​នៅ​លំដាប់​ទី​១ ចំនួន​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​២០១៦ បើ​ប្រៀបធៀប​ជាមួយនឹង​ការវិនិយោគ​ពី​ប្រទេស​ផ្សេងទៀត នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​។​
 
 


​រូបភាព (Wikimedia)៖ អគារសិក្សា​របស់​សាកលវិទ្យាល័យ​ហ៊ូ​ណាន
 
​គួរ​បញ្ជាក់ដែរថា ខេត្ត​ហ៊ូ​ណាន​ជា​ខេត្ត​ដែលមាន​ប្រជាជន​ចំនួន​៦៨​លាន​នាក់ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប រហូតដល់​៤៤០​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​គេហទំព័រ China Folio​។ តាមរយៈ​គេហទំព័រ​ដដែល ម្ហូប​របស់​ខេត្ត​ហ៊ូ​ណាន ស្ថិតក្នុង​ចំណោម​ម្ហូប​ល្បី​ថា​ហឹរ​ខ្លាំង​បំផុត ប្រចាំ​ប្រទេស​ចិន​។ សាកលវិទ្យាល័យ​ហ៊ូ​ណាន ស្ថិតនៅ​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត ឈ្មោះថា​ឆាង​សា ដែលជា​ចំណុចប្រសព្វ នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ហ៊ូ​ណាន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com