បទយកការណ៍ / បទសម្ភាសន៍
លោក ជិត ជន បង្រៀន​ភាសាបាលី​សំស្ក្រឹត​ជាង​៤០​ឆ្នាំ ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធសាសនា​
02, Sep 2018 , 7:30 pm        
រូបភាព
ភ្នំពេញ​៖​ថ្វី​ដ្បិត​ការបង្រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត មិនអាច​ធ្វើ​ឲ្យ​លោក ជិត ជន ដែលមាន​វ័យ​៨៥​ឆ្នាំ ទទួលបាន​ផល​លាភ​ច្រើនក្ដី ប៉ុន្តែ​លោក​បាន​ចំណាយពេល​៤៥​ឆ្នាំ​មកហើយ ដើម្បី​បង្រៀន​ភាសា​ទាំងពីរ​នេះ​។ ប្រាក់​មិនមែនជា​គោលដៅ​របស់​គរុ​ពហូស្សូត​បណ្ឌិត ជិត ជន ក្នុងការ​បង្រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​ទេ តែ​បំណង​របស់លោក គឺ​ចង់​ទ្រទ្រង់​ព្រះពុទ្ធសាសនា និង​ចង់​ឲ្យ​សិស្ស​ទទួលបាន​សម្បត្តិ​ទាំង​បច្ចុប្បន្ន​និង​អនាគតជាតិ​។​


​តាមពិតទៅ​គរុ​ពហុស្សូត​បណ្ឌិត ជិត ជន បាន​ចូល​និវត្ត​តាំងពី​ឆ្នាំ ២០០០​មកម្ល៉េះ ប៉ុន្តែ​ក្រសួង​ធម្មការ​និង​សាសនា នៅតែ​ផ្ដល់​តម្លៃ​ដល់​លោក​ឲ្យ​មក​បង្រៀន​នៅ​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​រហូតដល់​សព្វថ្ងៃ ព្រោះតែ​លោក​មានចំណេះ​ជ្រៅជ្រះ​ក្នុង​ភាសា​ទាំងពីរ​។ 
 
​ដៃ​កាន់​ហ្វឺត​នៅមុខ​ក្ដារខៀន​ស កំពុង​បង្រៀន​តែង​កំណាព្យ​ជា​ភាសាបាលី ដល់​សិស្ស​ដែលជា​បព្វជិត គរុ​ពហូស្សូត​បណ្ឌិត ជិត ជន បាន​លះបង់​ពេលវេលា​ជាច្រើន​របស់ខ្លួន តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដើម្បី​បង្រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​។ តស៊ូ​បង្រៀន​ភាសា​ពុទ្ធវចនៈ​៤៥​ឆ្នាំ គរុ​ពហូស្សូត​បណ្ឌិត ជិត ជន ទទួលបាន​ផល​លាភ​តិចតួច តែ​លោក​ជ្រះថ្លា​ធ្វើការ​ងារ​នេះ ក៏​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធសាសនា និង​ចង់​បណ្ដុះ​ក្មេងជំនាន់ក្រោយ​ឲ្យ​មាន​បញ្ញា​។ «​ប្រាក់​ដែល​ខ្ញុំ​ទទួលបាន​ពី​ការបង្រៀន​នេះ​មិន​ច្រើន​ទេ តែ​ខ្ញុំ​ធ្វើ​ដើម្បី​សន្សំ​ឧបនិស្ស័យ​សម្រាប់​ទៅ​បរ​លោកនាយ​។ អ្នករៀន​ភាសា​នេះ​មិនមែន​រៀន​ឲ្យ​តែ​ចេះ​ទេ តែ​ពួកគេ​ថែមទាំង​បាន​សន្សំ​ឧបនិស្ស័យ​ទៅ​សួគ៌​និព្វាន​ផង ព្រោះ​យើង​រៀន​ពី​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិត ជន​។ 
  
 
​បច្ចុប្បន្ន​លោក ជិត ជន បង្រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​ថ្នាក់​មហាវិទ្យាល័យ​និង​គរុកោសល្យ នៅ​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។ មាន​វ័យ​៨៥​ឆ្នាំ​ទៅហើយ ប៉ុន្តែ​បញ្ញា​និង​ស្មារតី​របស់​មរតក​ម​នុស្ស​រស់​រូបនេះ នៅតែ​ចងចាំ​ល្អ ដោយ​ការ​ឱហាត​(​សង្វាត​)​សិក្សា​រាល់ថ្ងៃ​។ តាមពិតទៅ​លោក ជិត ជន ដែល​បង្រៀន​ភាសាបាលី​នៅ​ថ្នាក់​មហាវិទ្យាល័យ​សព្វថ្ងៃ រៀន​បានត្រឹមតែ​ថ្នាក់បឋមសិក្សា​ទុតិយភូមិ​ភាសាបាលី​តែប៉ុណ្ណោះ​។ មាន​មនុស្ស​មិនតិច​ទេ​ដែល​ឆ្ងល់​ថា ហេតុអ្វី​បានជា​មរតក​មនុស្សរ​ស់រូប​នេះ​ពូកែ​ភាសាបាលី​និង​សំ​ស្ត្រឹ​ត តែ​សម្រាប់​លោក​គ្មានអ្វី​ចម្លែក​ឡើយ ព្រោះ​លោក​ខំប្រឹងប្រែង​រៀន​មិនដែល​ធ្វេស​។​
 
​លោក ជិត ជន បាន​រម្លឹកថា ទោះ​ផ្ទះ​លោក​ក្រ​យ៉ាងណាក្ដី តែ​ការសិក្សា​រៀនសូត្រ​គឺជា​កិច្ចការ​ចម្បង​។ ពេលវេលា​រៀន​នៅ​សាលា​មាន​មិន​ច្រើន​ឡើយ លោក ជិត ជន ត្រូវ​ភ្ជួរស្រែ​ពេលព្រឹក និង​ទៅ​រៀន​ពេល​ល្ងាច​។ លោកតា ជិត ជន បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនសូវមាន​ពេល​ទៅ​រៀន​គ្រប់គ្រាន់​ទេ ព្រោះ​ផ្ទះ​ក្រ ខ្ញុំ​ខំរៀន ខំ​ទន្ទេញ និង​គិត​វិភាគ​ពី​មេរៀន​ខ្លួនឯង​ច្រើន​។ កាលសម័យ​នោះ​ក្រ​ណាស់​គ្មាន​សម្ភារ​រៀន​គ្រប់គ្រាន់​ទេ​។ ខ្ញុំ​យកតែ​ធ្យូង​ទៅបុក​ឲ្យ​ហ្មត់ ហើយ​ហាល​វា​ឲ្យ​ស្ងួត​បន្តិច​ទើប​យកមក​សរសេរ​បា​ន​។ បើ​ក្រដាស​សៀវភៅ​វិញ ដូច​ក្រដាស​ចំបើង​អីចឹង​»​។​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ យុវជន ជិត ជន បាន​ទៅ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា ដើម្បី​បាន​សិក្សា​រៀនសូត្រ​បន្ត បន្ទាប់ពី​ម្ដាយ​បាន​មរណភាព ។ ក្រោយពី​លោក​ចូល​បួស​បាន​៣​ឆ្នាំ លោក​បាន​ប្រឡង​សញ្ញាបត្រ​សាលា​បាលី​រង​ជាប់​លេខ​១​ខេត្តតាកែវ មុននឹង​បន្ត​ប្រឡង​ជាប់​លេខ​១​ទៀត​ផ្នែក​ភាសាបាលី​ខេត្តកំពុងស្ពឺ​។ នៅ​អាយុ​២១​ឆ្នាំ លោក​ធ្វើជា​គ្រូ​បឋម​ភាសាបាលី​នៅ​ខេត្តកណ្ដាល បន្ទាប់មក​បង្រៀន​ថ្នាក់​មធ្យម និង ឧត្ដម ហើយ​បច្ចុប្បន្ន បង្រៀន​ភាសាបាលី​និង​សំស្ក្រឹត​ថ្នាក់​គរុកោសល្យ​និង​ថ្នាក់​មហាវិទ្យាល័យ​។ 
 
​គ្រូ​ភាសាបាលី​ដែល​កើត​ក្នុង​ឆ្នាំ​១៩៣៣​រូបនេះ​ថា ការ​ខំរៀន​ភាសា​ទាំងពីរ​នេះ​ឲ្យ​ចេះ​ចាំ​ស្ទាត់ មិនមែនជា​ការងាយស្រួល​ឡើយ​វា​ត្រូវការ​ឧបនិស្ស័យ​ផង និង​ការខិតខំ​ប្រឹងប្រែង​ខ្លាំង​ផង​។ ផ្ដើម​រៀន​ពី​ក្បួន​វេយ្យាករណ៍​ភាសាបាលី​និង​សំស្ក្រឹត​ឲ្យ​ចេះ​ចាំ​ស្ទាត់ ជា​ដំណាក់កាល​ដំបូង​បំផុត ដែលជា​ផ្លូវ​នាំ​ឲ្យ​ការរៀន​របស់​គរុ​ពហុស្សូត ជិត ជន បាន​ដល់​គោលដៅ​លឿន​ជាង​មនុស្ស​ធម្មតា​។ លោក ជិត ជន បញ្ជាក់ថា​៖ « វេយ្យាករណ៍​ភាសាបាលី​និង​សំស្ក្រឹត​មាន​ភាពស្មុគស្មាញ​ណាស់​ដូច្នេះ​ទាមទា​ឲ្យ​យើង​ចាំ​និង​យល់​ទើប​យើង​រៀន​លឿន​។ ក្រោយពី​ចេះ​វេយ្យាករណ៍​ហើយ​ត្រូវតែ​ចេះ​ក្បួន​បំបែក​ពាក្យ​មួយៗ​ទៀត នោះ​ទើប​យើង​រៀន​ឆាប់​ចេះ​»​។​
 
​គុណសម្បត្តិ​នៃ​ការចេះ​ភាសាបាលី បាន​នាំ​ឲ្យ​មរតក​មនុស្សរ​ស់រូប​នេះ ចេះ​ភាសា​បារាំង អង់គ្លេស និង ថៃ យកទៅ​ប្រើការ​បាន​យ៉ាង​ស្ទាត់ជំនាញ​។  បុរស​ដែល​មានកូន​ប្រាំ​រូបនេះ អាច​បកប្រែ​ភាសា​ទាំង​ប្រាំមួយ​រួមទាំង​ភាសា​កំណើត ពី​ភាសា​មួយ​ទៅ​ភាសា​មួយទៀត​ជា​កំណាព្យ​ពាក្យរាយ និង​ពាក្យកាព្យ​បាន​យ៉ាង​ប៉ិនប្រសប់​។ «​ខ្ញុំ​រៀន​ចេះ​ប្រាំ​ភាសា​នេះ​ព្រោះតែ​ខ្ញុំ​មាន​មូលដ្ឋានគ្រឹះ​ភាសាបាលី​និង​សំស្ក្រឹត ហើយ​ខ្ញុំ​យល់ច្បាស់​ពី​វេយ្យាករណ៍​របស់​ភាសា​។ ខ្ញុំ​ចេះ​ប្រៀបធៀប​ភាសា​ទាំងនេះ រក​ចំណុច​ប្រហាក់ប្រហែលគ្នា វា​ធ្វើ​ឲ្យ​យើង​ងាយ​យល់​និង​រៀន​ឆាប់​ចេះ​។ ភាសា​ទាំងអស់​ឲ្យ​តែ​យើង​ចេះ​ក្បួន​រៀន​បាន​ត្រឹមត្រូវ ហើយ​មានការ​ព្យាយាម រៀន​មិន​ពិបាក​ទេ​»​។ 
 
​គរុ​ពហុស្សូត ជិត ជន សង្កត់ធ្ងន់ថា លោក​បង្រៀន​ភាសាបាលី និង​សំស្ក្រឹត​មាន​ប្រយោជន៍​ទាំង​បច្ចុប្បន្ន​ជាតិ​និង​ទៅ​បរលោក​ផង​។ «​គម្ពី​ព្រះពុទ្ធសាសនា​សម្បូរ​ដោយ​ភាសាបាលី​សំស្ក្រឹត បើ​ជន​ប្រុស​ស្រី​ចេះ​ភាសា​ទាំងនេះ គេ​ងាយ​យល់​ចូលចិត្ត​ព្រះធម៌​ដែលជា​ពុទ្ធឱវាទ អាច​បានសម្រេច​សួគ៌​និព្វាន​។ ចំណែក​ផ្លូវលោក​វិញ​ប្រសិនបើ​គេ​ចេះ​ភាសាបាលី​និង​សំស្ក្រឹត​ច្បាស់ នោះគេ​នឹង​រៀន​ភាសាបរទេស​ផ្សេងៗ​ឆាប់​យល់​ឆាប់​ចេះ​ព្រោះ ភាសា​ទាំង​ពីនេះ​ជា​ភាសា​ដើម​នៃ​ភាសា​ផ្សេងៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិត ជន​៕

 

Tag:
 ជិត ជន​
  ភាសាបាលី​
  សំស្ក្រឹត​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com