កីឡាជាតិ
ជាតិ
Hun Sen Cup៖ ប៉ូលិស​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ ដើម្បី​ឡើងទៅ​ជួប​ទ័ព​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
02, Sep 2018 , 9:51 pm        
រូបភាព
ដោយ:
ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២ ខែកញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ នាំ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ប៉ះ​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

 
​នា​ជំនួប​ក្រោម​ដំណក់ទឹកភ្លៀង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កីឡាករ នួន បូរី បានផ្តល់​ភាពសប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​ការសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ នៅ​៣២​នាទី​ដំបូង​ក្នុង​តង់​ទី​១​។ ទោះបី​មានការ​វាយបក​ពី​អង្គ​រថា​យ​ហ្គឺ​រ​យ៉ាងណាក៏ដោយ តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​តង់​ទី​១​។​
 
​ឈាន​តង់​ទី​២​កីឡាករ លន់ ចំរើន សម្រេចបាន​១​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៧២ ដើម្បី​បង្កើន​ការនាំ​មុខ ២-០ សម្រាប់​ប៉ូលិស​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​មានការ​វាយបក​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។ តាមរយៈ​លទ្ធផល​នេះ មានន័យថា អង្គ​រថា​យ​ហ្គឺ​រ​នៅតែ​ជា​ក្រុម ដែល​គ្មាន​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ពួកគេ​ទទួលបាន​លេខ​៣​ម្តង​កាលពី​ឆ្នាំ​២០១៥​។ 
 
​ជ័យជម្នះ ២-០ ក្រោម​ដំណក់ភ្លៀង​នេះ ជួយ​ឲ្យ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​២ បន្ទាប់ពី​ពួកគេ​ខកខាន​អស់​រយៈពេល​៣​ឆ្នាំ​។ អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​គ្រង​ជើងឯក​ម្តង​នៅ​ឆ្នាំ​២០១៤ ក្រោយ​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​តទល់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក ខណៈ​ក្រុម​ណាហ្គា​វើ​ល ដែល​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ​ជាមួយ​លទ្ធផល ៣-១ ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។ ការប្រកួត​ទាំងពីរ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕   

Tag:
 ​បាល់ទាត់​
  Hun Sen Cup 2018
  ប៉ូលិស​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com