អត្ថបទពាណិជ្ជកម្ម
សិស្ស Zaman ដណ្តើមបាន​ជ័យលាភី​ទាំង​៣​ចំណាត់ថ្នាក់ ពី​ការប្រកួត​សំណេរ​អនាគត​កម្ពុជា​
03, Sep 2018 , 4:45 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត និង​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ Zaman បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​សំណេរ​អនាគត​កម្ពុជា លើក​ទី​៤ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Supreme Paper ។ «​ផលិតផល​របស់​ប្រទេស​កម្ពុជា​» គឺជា​ប្រធានបទ​សម្រាប់​ការប្រកួត​នៅ​ឆ្នាំនេះ ដោយ​តម្រូវ​ឲ្យ​បេក្ខជន សរសេរ​អត្ថបទ​ពី​ផលិតផល​មួយ ដែល​តំណាងឱ្យ​អត្តសញ្ញាណ​ប្រទេស​កម្ពុជា​។ បេក្ខជន​ដែលមាន​អត្ថបទ​ល្អ​បំផុត​ចំនួន​៥​រូប ត្រូវបាន​ជ្រើសរើស​សម្រាប់​ជ័យលាភី តាមរយៈ​ការធ្វើ​បទ​បង្ហាញ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៣ ខែសីហា កន្លងទៅ​។ ជា​លទ្ធផល និស្សិត​ពី​សាកលវិទ្យាល័យ Zaman ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ពី​ការ​ប្រជែង​នេះ​។​
 
​លោក ភួង សុ​ដា​នី​ត ជ័យលាភី​លេខ​១ ពី​កម្មវិធី​នេះ និង​ជា​និស្សិត​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ជំនាញ​សំណង់​ស៊ីវិល បាន​ឲ្យ​ដឹងថា​រូបគេ​បាន​បានជ្រើសរើស​យក «​ស្រាស​» ធ្វើជា​ផលិតផល​តំណាងឱ្យ​ប្រទេស​កម្ពុជា​»​។ បើតាម​លោក សុ​ដា​នី​ត រូបគេ​មិន​ត្រឹមតែ​សរសេរ​អំពី​ផលិតផល​មួយ​ដែល​តំណាង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ លោក​ក៏ត្រូវ​រចនា​និមិត្តសញ្ញា​ផលិតផល​របស់ខ្លួន ដើម្បី​ដាក់ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី​សំណេរ​នេះដែរ​។  លោក ភួង សុ​ដា​នី​ត​បន្តថា​៖«​ខ្ញុំ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​នេះ ប្រហែល​ដោយសារ​ខ្ញុំ​មាន​ជំនាញ​ផ្នែក​សរសេរ​ផង និង​ផ្នែក​និយាយ​ជា​សាធារណៈ​ផង ព្រោះ​ពីមុន ខ្ញុំ​ក៏​ធ្លាប់​ចូលរួម​ប្រកួត​និយាយ​ជា​សាធារណៈ និង​ឈ្នះ​ជា​ជ័យលាភី​ដែរ​»​។​
 


​រូបភាព​(Supreme Writing)៖ ស្រាស​ខ្មែរ ដែលជា​គំនិត​របស់​បេក្ខជន ភួង សុ​ដា​នី​ត​
 
​ចំណែក ជ័យលាភី​លេខ​២ បាន​ទៅ កញ្ញា ឌុំ រី​ដា ដែលជា​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។ កញ្ញា រី​ដា បានជ្រើសរើស​យក «​កក់​ខ្មែរ​» ដែល​អាច​ច្នៃ​ជា​ផលិតផល​ផ្សេងៗ រួមមាន​កន្ទេល​ជាដើម​នោះ ធ្វើជា​ផលិតផល​តំណាង​ប្រទេស​កម្ពុជា​។ ជ័លា​ភី​លេខ​២​ដដែល ឲ្យ​ដឹង​ទៀតថា អត្ថបទ​របស់ខ្លួន ត្រូវបាន​ជ្រើសរើស ដោយសារតែ​ផលិតផល​កក់​ខ្មែរ​នេះ មាន​លក្ខណៈសាមញ្ញ និង​ខុសប្លែក​ពី​គេ​។ ម្យ៉ាងវិញទៀត អត្ថបទ​ដែល​នាង​សរសេរ ក៏មាន​ចំណុច​ទាក់ទាញ​ល្អៗ តួយ៉ាង​ការសរសេរ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ពី​គំនិត​មួយ​ទៅ​គំនិត​មួយទៀត ហើយ​ការប្រើប្រាស់​វេយ្យាករណ៍​ក៏មាន​លក្ខណៈ​ត្រឹមត្រូវ​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា ឌុំ រី​ដា​។​
 


​រូបភាព​(Supreme Writing)៖ កក់​ខ្មែរ ដែលជា​គំនិត​របស់ កញ្ញា​ឌុំ រី​ដា​
 
​លោក កែវ ដា​រា​មង្គល ជា​ជ័យលាភី​លេខ​៣ នៅក្នុង​កម្មវិធី ហើយ​លោក ក៏​ជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ដែរ​។ លោក កែវ ដា​រា​មង្គល បានជ្រើសរើស​យក «​ការ៉េម​ត្នោត​» ធ្វើជា​ផលិតផល​តំណាង​ជាតិ ដោយ​លោក​គិតថា ផលិតផល​ការ៉េម​នេះ​ថ្មី មិន​ធ្លាប់មាន​ទាល់តែសោះ ទាំង​នៅក្នុង​ប្រទេស ក៏ដូចជា​បណ្ដា​ប្រទេស​នានា​។ ការ៉េម​ត្នោត​នេះ ទៀតសោត គ្មាន​ជាតិ​ស្ករ និង​អាច​ជាទី​ពេញនិយម សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ការ៉េម​។​
 


​រូបភាព​៖ ជ័យលាភី​ទាំង​៣​រូប ក្នុងការ​ប្រកួត​សំណេរ​អនាគត​កម្ពុជា
 
​គួរ​បញ្ជាក់ថា ប្រាក់រង្វាន់​ក្នុង​កម្មវិធី​សំណេរ​អនាគត​កម្ពុជា​នេះ សរុប​ដល់​១១​លាន​រៀល ដោយ​ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៤​លាន​រៀល លេខ​២ ទទួលបាន​៣​លាន​រៀល និង​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​២​លាន​រៀល​៕
 


​រូបភាព​៖ សាកលវិទ្យាធិការ​ហ្សា​ម៉ាន់ ទទួលពាន​ដែលមាន​បេក្ខជន​បេ​ក្ខ​នារី​ចូលរួម​ច្រើនជាងគេ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com