ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ស្នើឲ្យសាធារណជនប្ដឹងមន្ត្រីប្រមូលពន្ធរូបណាដែលប្រព្រឹត្តមិនត្រឹមត្រូវ
×
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ណែនាំឲ្យសាធារណជន ដាក់ពាក្យប្ដឹងក្នុងករណីមន្ត្រីពន្ធដារណាម្នាក់យកប្រាក់ពន្ធលើសចំនួនកំណត់ក្នុងច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានមួយនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងដូច្នេះថា ក្នុងពេលថ្មីៗនេះ មានសារព័ត៌មាន និងបណ្ដាញសង្គម Facebook មួយចំនួន បានសរសេរ និងផ្សាយថា ប្រាក់ពិន័យដែលត្រូវបង់ គឺប្រែប្រួលតាមតែបបូរមាត់របស់មន្ត្រីពន្ធដារ ហើយពន្ធដារគិតតែពិន័យដោយមិនមានការយោគយល់ណាមួយសោះជាមួយពលរដ្ឋខ្លួន។
ក្នុងករណីមន្ត្រីពន្ធដារណាម្នាក់ យកប្រាក់លើសពីចំនួនប្រាក់ពន្ធដែលបញ្ជាក់ក្នុងវិក្កយបត្រ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្ដឹងដោយបញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណរបស់មន្ត្រីនោះ ព្រមទាំងភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារ ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការប្រមូលពន្ធអាករគ្រប់ប្រភេទសុទ្ធតែមានចែងក្នុងច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិនានាសី្ដពីពន្ធដារ ដែលរដ្ឋបាលសារពើពន្ធ គឺជាអង្គភាពដែលមានភារកិច្ចអនុវត្តតាមការប្រមូលពន្ធអាការ ដើម្បីបង់ចូលថវិការដ្ឋ។
អគ្គនាយកដ្ឋានពន្ធដារ បន្ថែមថា អ្នកជាប់ពន្ធ អាចបង់ពន្ធអាករនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជជាដៃគូ ទៅតាមចំនួនប្រាក់ពន្ធ ដូចបានកំណត់ក្នុងវិក្កយបត្រ ហើយរាល់ការប្រមូលប្រាក់ពន្ធអាករ គឺសុទ្ធតែមានចេញវិក្កយបត្រ (Single Invoice) ដែលបញ្ជាក់យ៉ាងត្រឹមត្រូវពីប្រភេទពន្ធអាករ ចំនួនប្រាក់ពន្ធ និងប្រាក់ពន្ធបន្ថែមនិងការប្រាក់ ដោយប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ៕
© រក្សាសិទ្ធិដោយ thmeythmey.com