ជាតិ
សភា បើកកិច្ចប្រជុំដើម្បីរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបង្កើតរដ្ឋាភិបាលថ្មី
× ភ្នំពេញ៖ រដ្ឋសភា បើកកិច្ចប្រជុំជាលើកទីពីរនៅថ្ងៃទី៦ កញ្ញានេះ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំរដ្ឋសភា និងបង្កើតរដ្ឋាភិបាលក្នុងពេលជាមួយគ្នាតែម្តង (បោះឆ្នោតជាកញ្ចប់)។ ការបង្កើតក្បាលម៉ាស៊ីនរដ្ឋសភានិងសមាសភាពរដ្ឋាភិបាលអាណត្តិទី៦ តាមរយៈការបោះឆ្នោតជាកញ្ចប់នេះ គឺធ្វើឡើងតាមនីតិវិធី ដែលមានចែងក្នុងមាត្រា៤នៃរដ្ឋធម្មនុញ្ញបន្ថែម។
ថ្នាក់ដឹកនាំរដ្ឋសភា ដែលសំដៅនោះ រួមមាន ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាទាំងពីររូប រួមទាំងប្រធាននិងអនុប្រធាននៃគណៈកម្មការជំនាញនានារបស់រដ្ឋសភា។ ចំណែកសមាសភាពរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។
តំណាងរាស្ត្រទាំង១២៥រូប ដែលសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភាប្រកាសសុពលភាព នៅក្នុងកិច្ចប្រជុំលើកដំបូងកាលពីថ្ងៃទី៥ កញ្ញា។ តំណាងរាស្ត្រទាំងនោះ បានចូលទៅស្បថក្នុងព្រះបរមរាជវាំងរួចរាល់ហើយ ក្នុងថ្ងៃដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com