អន្តរជាតិ
រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី ប្រកាស​ដំឡើង​ប្រាក់ខែ​អប្បរ​មា​តាម​ការសន្យា​ពេល​បោះឆ្នោត​
06, Sep 2018 , 8:19 pm        
រូបភាព
រូបភាព-AFP
រូបភាព-AFP
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​អប្បបរមា​សម្រាប់​វិស័យ​ឯកជន​នៅ​ទូទាំងប្រទេស​។ ការដំឡើង​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៩​ខាងមុខ​។ ការប្រកាស​នេះដែរ គឺ​ដើម្បី​បំពេញ​តាម​ការសន្យា​ទៅកាន់​ប្រជាជន​អំឡុងពេល​បោះឆ្នោត ឲ្យ​បាន​មុន​ថ្ងៃ​ខួប​នៃ​ការបង្កើត​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី នា​ថ្ងៃទី​១៦ កញ្ញា​ខាងមុខ​។

 
ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ថ្ងៃទី ០៥ កញ្ញា ឆ្នាំ​២០១៨ បានប្រកាសថា ប្រាក់​បៀរ​វត្ស​ន៍​ថ្មី គឺមាន​ចំនួន ២៥៧​ដុល្លារ ក្នុង​មួយខែ (​ប្រហែល​១,២២​ដុល្លារ ក្នុង​មួយ​ម៉ោង​)​។ ប្រាក់ខែ​ថ្មី​នេះ គឺ​កើនឡើង​ពី ២៤១​ដុល្លារ សម្រាប់​តំបន់​ឧបទ្វីប​ម៉ាឡេស៊ី និង​២២១,៨១​ដុល្លារ​សម្រាប់​តំបន់​ភាគ​ខាងកើត​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewsAsia ។ 
 
​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ដែល​បាន​ចូល​ដឹកនាំ​រដ្ឋាភិបាល​ជា​លើកដំបូង នៅ​ពី​ខែឧសភា​កន្លងទៅ បាន​សន្យា​ធ្វើយ៉ាងណា​ឲ្យ​ប្រាក់បៀវត្សរ៍​នៅ​ទូទាំងប្រទេស​មាន​ភាពស្មើគ្នា ក្នុង​រយៈពេល​ត្រឹម ១០០​ថ្ងៃ​ប៉ុណ្ណោះ គិត​ចាប់​ពីថ្ងៃ​ខ្លួន​ដឹកនាំ​រដ្ឋាភិបាល​។ លើសពីនេះ ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នេះ ក៏បាន​សន្យា​ដំឡើង​ប្រាក់ខែ​អប្បបរមា​ឲ្យ​បាន ៣៦១​ដុល្លារ ផងដែរ ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់ខ្លួន​។ 
 
​ទាក់ទិន​នឹង​ការដំឡើង​ប្រាក់ខែ​នេះ ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់​ដូច្នេះ​ថា​៖ «​ការដំឡើងប្រាក់បៀវត្សរ៍​នេះ ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​បច្ចុប្បន្ន​។ ហើយ​យើង​ក៏ត្រូវ​គិតគូរ​ម៉ត់ចត់​ផងដែរ​ថា កំណើន​ប្រាក់បៀវត្សរ៍​ដ៏​ច្រើន​លើសលប់ អាច​បង្ក​ជា​បញ្ហា​ដល់​រោងចក្រ សហគ្រាស​នានា និង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ប្រទេស​ផងដែរ​»​។ 

ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បន្តថា ទោះជា​យ៉ាងនេះ​ក្ដី ការដំឡើងប្រាក់បៀវត្សរ៍ គឺជា​រឿង​ត្រឹមត្រូវ​ណាស់ ក្នុង​កាលៈទេសៈ​នេះ​។ ដូច្នេះ​បណ្ដា​រោងចក្រ សហគ្រាស ជាពិសេស ម្ចាស់​សហគ្រាស​ធន​តូន នឹងមិន​ត្រូវ​បិទទ្វារ ដោយសារ​ការចំណាយ​ប្រតិបត្តិការ​ខ្ពស់​។ ប្រសិនបើ​បណ្ដា​សហគ្រាស​ធន​តូច បិទទ្វារ ចំនួន​ភាព​អត់​ការងារ​ធ្វើ នឹងត្រូវ​កើនឡើង​។​
​ជាមួយគ្នានេះដែរ រដ្ឋាភិបាល បាន​អំពាវនាវ​ដល់​បណ្ដា​សហគ្រាស កុំ​ដំឡើង​ថ្លៃទំនិញ និង​បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ តាមឃ្លាំមើល​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​បញ្ហា​នេះ​ផងដែរ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ការិយាល័យ​នាយករដ្ឋមន្ត្រី ក៏​អះអាង​ដែរ​ថា នឹង​គ្មាន​ការផ្គត់ផ្គង់​ណាមួយ​ពី​រដ្ឋាភិបាល ត្រូវបាន​ផ្ដល់​ឲ្យ​បណ្ដា​រោងចក្រ សហគ្រាស ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​នេះឡើយ ក៏​ព្រោះតែ​ស្ថានភាព​ចំណូល​និង​ចំណាយ​របស់​ជាតិ​បច្ចុប្បន្ន​៕
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com