ជាតិ
អតីតមន្ត្រីបក្សអំណាចខ្មែរ ស្នើឲ្យសម្ដេច ស ខេង និរាករណ៍ឯកសាររបស់លោក សួង សោភ័ណ្ឌ
× ភ្នំពេញ៖ អតីតមន្ត្រីគណបក្សអំណាចខ្មែរជាច្រើននាក់ បានធ្វើលិខិតស្នើទៅសម្ដេច ស ខេង សុំនិរាករណ៍ឯកសាររបស់លោក សួង សោភ័ណ្ឌ ដែលបានដាក់តម្កល់នៅក្រសួងមហាផ្ទៃ។ មន្ត្រីទាំងនោះ អះអាងថា លោក សួង សោភ័ណ្ឌ ក្លែងបន្លំឯកសារ ដើម្បីក្លាយជាមេបក្សអំណាចខ្មែរ។
លិខិតរបស់អតីតមន្ត្រីគណបក្សអំណាចខ្មែរ បានរៀបរាប់ប្រាប់សម្ដេច ស ខេង ថា លោក សួង សោភ័ណ្ឌ ដែលជាប្រធានបក្សបច្ចុប្បន្ន បានរៀបចំឯកសារក្លែងបន្លំហត្ថលេខាលោក សួន សេរីរដ្ឋា ដែលអះអាងលាលែងពីប្រធានបក្ស ដើម្បីមានឱកាសធ្វើសមាជបក្សឡើងកាន់អំណាចខ្លួនឯង។ អតីតមន្ត្រីបក្សជាង២០នាក់នេះ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និរាករណ៍ឯកសាររបស់លោក សួង សោភ័ណ្ឌ ហើយទទួលស្គាល់លោក សួន សេរីរដ្ឋា ដែលទើបចេញពីពន្ធនាគារ ជាប្រធានបក្សអំណាចខ្មែរវិញ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីអត្ថាធិប្បាយជុំវិញដំណោះស្រាយបញ្ហាលើគណបក្សអំណាចខ្មែរនេះនៅឡើយទេ។
តែយ៉ាងណាប្រធានគណបក្សអំណាចខ្មែរបច្ចុប្បន្នលោក សួង សោភ័ណ្ឌ បាននិយាយថា លោកមិនបានក្លែងបន្លំឯកសារឡើយ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៧ កញ្ញា លោក សួង សោភ័ណ្ឌ បានអះអាងថា លោកសុខចិត្តលាលែងចេញពីតំណែងប្រធានបក្សវិញ បើសិនជាលោក សួន សេរីរដ្ឋា មានភស្តុតាងបង្ហាញថា លោកពិតជាក្លែងបន្លំឯកសារមែននោះ៕
Tag:
ស ខេង
សួន សេរីរដ្ឋា
សួង សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com