ជាតិ
នយោបាយជាតិ
អយ្យការ៖ លោក កឹម សុខា អាចធ្វើដំណើរនិងជួបអ្នកដទៃបាន តែមានដែនកំណត់ លោក កឹម សុខា ជួបម្តាយនិងភរិយា នៅផ្ទះរបស់លោក ក្រោយចេញពីពន្ធនាគារ។ រូបពីគណនីហ្វេសបុក Chantha Muth
× ភ្នំពេញ៖ តុលាការ មិនមែនឃុំលោក កឹម សុខា ក្នុងផ្ទះទេ។ តុលាការ ពន្យល់ថា តាមពិត លោក ត្រូវបានដាក់ឲ្យនៅក្រៅឃុំ គ្រាន់តែជាប់បម្រាមខ្លះៗប៉ុណ្ណោះ។
ក្រោយពីមនុស្សទូទៅ យល់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងផ្ទះ ជំនួសឲ្យការឃុំខ្លួនក្នុងពន្ធនាគារ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីបំភ្លឺ។ តាមរយៈសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ បានទាត់ចោលចំពោះការយល់ច្រឡំថា លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងផ្ទះ។
អ្នកនាំពាក្យ ពន្យល់ក្នុងសេចក្តីថ្លែងការណ៍ថា អតីតប្រធានគណបក្សប្រឆាំង ត្រូវបានដាក់ឲ្យនៅក្រៅឃុំ ដោយជាប់ជាមួយនឹងកាតព្វកិច្ច។ អ្នកនាំពាក្យ បានហៅ នីតិវិធីបែបនេះ ថាជា «ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
អ្នកនាំពាក្យ បន្ថែមថា ផ្អែកតាមនីតិវិធីខាងលើ លោក កឹម សុខា មានសេរីភាពគ្រប់គ្រាន់ ក្នុងការចេញពីផ្ទះ ដើម្បីជួបនិងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ប៉ុន្តែ អ្នកនាំពាក្យ បញ្ជាក់ថា ការដើរហើររបស់ជនត្រូវចោទរូបនេះ មិនត្រូវឲ្យហួសពីព្រំដែន ដែលចៅក្រមស៊ើបសួរ កំណត់នោះទេ និងមានមនុស្សមួយចំនួន ដែលមិនអាចជួបបាន។
បើតាមការកំណត់របស់ចៅក្រមស៊ើបសួរ លោក កឹម សុខា មិនអាចចេញទៅណាមកណាឆ្ងាយពីផ្ទះឡើយ ហើយអ្នកដែលលោក មិនអាចជួបបាន គឺជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង និងអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ។ ហេតុផល ដែលចៅក្រមស៊ើបសួរ កំណត់ដែនដីឲ្យលោក កឹម សុខា ធ្វើដំណើរ គឺដើម្បីរក្សាសុវត្ថិភាពជូនលោក និងខ្លាចលោក រត់គេចខ្លួន។ ចំណែក ការមិនឲ្យជួបមនុស្សមួយចំនួន គឺដើម្បីជៀសវាងការត្រូវរ៉ូវគ្នា ហើយបង្កបទល្មើសបន្ថែមទៀត។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការមួយ ដោយសម្រេចឲ្យលោក កឹម សុខា នៅក្រៅឃុំ តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ។ រហូតដល់ម៉ោងប្រមាណ៣ទៀតបភ្លឺ នាថ្ងៃទី១០ ខែកញ្ញា ក៏មានព័ត៌មានផ្ទុះឡើងថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ច យកទៅដល់ផ្ទះរបស់លោកវិញ ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស និងសហគមន៍អន្តរជាតិនានា បានជំរុញឲ្យតុលាការកម្ពុជា ផ្តល់សេរីភាពឲ្យពេញលេញដល់លោក កឹម សុខា។
សូមរម្លឹកថា អតីតប្រធានគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចុះទៅចាប់ដល់ផ្ទះ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក បានលួចទៅសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សម្រាប់តុលាការ បទល្មើសនេះ គឺស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ៕
Tag:
តុលាការ
កឹម សុខា
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com