ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន បញ្ជា​មេ​បញ្ជា​ប៉ូលិស​ទាំង​២៥​រាជធានី​-​ខេត្ត ឲ្យ​បង្ក្រាប​គ្រឿងញៀន​នៅ​គ្រប់​ទីតាំង
28, Sep 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​វិធានការ​ក្តៅ​ឲ្យ​ស្នងការ​នគរបាល​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ អនុវត្ត ដោយ​ត្រូវ​ចុះទៅ​ឆែកឆេរ និង​បង្ក្រាប​គ្រឿងញៀន​ក្នុង​ដែនដី​របស់ខ្លួន ជាពិសេស តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​បើតាម​នគរបាលជាតិ នាយក​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​បញ្ជា​នេះ នៅ​ចំពោះមុខ​ស្នងការ​នគរ​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​កិច្ចប្រជុំ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។ 
 
​នគរបាលជាតិ បាន​ចុះផ្សាយ​ទៀតថា ក្រោយ​កិច្ចប្រជុំ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​៖«​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ប្រាប់​ឲ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​បញ្ហា​គ្រឿងញៀន​នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​នានា​ដោយ​មិន​លើកលែង​នោះឡើយ​»​។​
 
«​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ប្រាប់​គ្រប់​ស្នងការ​នគរបាល​ទាំងអស់ ឲ្យ​អនុវត្ត​ឲ្យ​បាន​ដាច់​ខាត់​នូវ​ប្រតិបត្តិការ​នេះ ដោយ​ទទួលខុសត្រូវ តាម​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គោលនយោបាយ​ការបង្ក្រាប​គ្រឿង​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ខណៈ​បញ្ហា​នេះ​នៅតែមាន​ការព្រួយបារម្ភ​នៅឡើយ​»​។ នេះ​ជាស​ម្តី​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​ទ្ធិ ដដែល  ដែល​ត្រូវបាន​នគរបាលជាតិ ដកស្រង់​យកទៅ​ចុះផ្សាយ​។​
 
​គួ​រម្លឹកថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​ម​ជាង​៥៦០០ ករណី ឃាត់​ជនសង្ស័យ​ជាង​១​ម៉ឺន​នាក់ (​ស្រី​ជិត​១​ពាន់​នាក់​)៕ 
​ 

Tag:
 គ្រឿងញៀន​
  នេ​ត សាវឿន​
© រក្សាសិទ្ធិដោយ thmeythmey.com