ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដំបូងបង្អស់នៅកម្ពុជា នឹងសម្ពោធនៅចុងខែតុលា
× សៀមរាប៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដំបូងបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្បែរជើងភ្នំគូលែន។ មជ្ឈមណ្ឌលនេះ នឹងប្រមូលផ្ដុំដោយប្រភេទកេសរកូល (ផ្កាអរគីដេ) ដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជផងដែរ។
ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ដែលស្រង់សំដីអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២២ កញ្ញា លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា ទីតាំងនេះត្រូវបានដាក់ឈ្មោះថា «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» បង្កើតឡើងដើម្បីរម្លឹកពីគុណបំណាច់របស់សម្តេច សុខ អាន ក្នុងបុព្វហេតុកសាងមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងការលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃដែលកំពុងរងការគំរាមកំហែង ជិតផុតពូជ។
មជ្ឈមណ្ឌលខាងលើនេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែតុលាខាងមុខ ដើម្បីសិក្សាស្រាវជ្រាវអំពីប្រភេទកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំង ប្រភេទកម្រ និង មិនទាន់បានកំណត់ អត្តសញ្ញា ដើម្បីស្តារឡើងវិញទៅក្នុងដែនជម្រកធម្មជាតិ។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីក្នុងការអប់រំផ្សព្វផ្សាយដល់ សិស្ស និស្សិត និងសាធារណជនឱ្យបានយល់ដឹង ចេះស្រឡាញ់ និងបំផុស គំនិតឱ្យចូលរួមថែរក្សាការពារនិងអភិរក្សពូជកេសរកូលព្រៃក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ដើម្បីលើក ស្ទួយវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ភ្នំគូលែនផងដែរ។
បើតាមលោក នេត្រ ភក្ដ្រា កម្ពុជាជាប្រទេសមួយដែលសម្បូរធនធានកេសរកូលព្រៃ ដែលមានប្រមាណ ៥០០ប្រភេទ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។ ក្នុងចំណោម ប្រភេទទាំង នោះមាន តែកេសរកូល ប្រមាណ ៣៦០ ប្រភេទ ប៉ុណ្ណោះ ដែលបានធ្វើអត្តសញ្ញាណរួច ។ បច្ចុប្បន្ន កេសរកូសព្រៃ កំពុងទទួល រងការគំរាមកំហែងតាមរយៈការជួញដូរក្នុងរូបភាព ផ្សេងទៅបរទេសជាពិសេសប្រទេស ថៃ និងវៀតណាម។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse៕
Tag:
កសិកម្ម
កេសរកូល
អ័រគីដេ
គូលែន
បន្ទាយស្រី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com