ជាតិ
សង្គមជាតិ
ត្រឹម​ឆមាស​ទី​១ អ្នកញៀន​គ្រឿងញៀន​ជាង​៣០០០​នាក់ ទទួល​សេវា​ព្យាបាល​ពី​ក្រសួងសុខាភិបាល
30, Sep 2018 , 1:49 pm        
រូបភាព
ភ្នំពេញ​៖ ក្នុង​ឆមាស​ទី ១ ឆ្នាំ​២០១៨​នេះ អ្នកញៀន​គ្រឿងញៀន​ចំនួន ៣២៣១​នាក់ បានមក​ទទួលយក​សេវា​ព្យាបាល​នៅតាម​មូលដ្ឋាន​នានា​របស់​ក្រសួងសុខាភិបាល​។ ចំនួន​អ្នក​មក​ទទួល​សេវា​ព្យាបាល​នេះ មានការ​កើនឡើង​ចំនួន ១០២% បើ​ប្រៀប​នឹង​ឆមាស​ទី​១ ឆ្នាំ ២០១៧ មាន​ត្រឹម ១៥៩៦​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី​១ ស្ដីពី​ការព្យាបាល​អ្នកញៀន​គ្រឿន​ញៀន​ទូទាំងប្រទេស​របស់​ក្រសួងសុខាភិបាល​។​


 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ចំនួន​អ្នកញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល​នៅតាម​សេវា​សុខាភិបាល​នានា មាន​ចំនួន ៣២៣១​នាក់ ក្នុងនោះ បុរស ៩៣% និង​ស្ត្រី ៧%​។ អ្នកញៀន​គ្រឿន​ញៀន​ដែល​មក​ទទួល​ការព្យាបាល បាន​បែង​ចែកជា​ពីរ គឺ​អ្នកញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ដែលមាន​ចំនួន ៣១០៨​នាក់ និង​អ្នកញៀន​ប្រភេទ​ហេ​រូ​អ៊ី​ន មាន​ចំនួន ១២៣​។ អ្នកញៀន​គ្រឿងញៀន​ទាំងអស់នោះ បានទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​ជាតិ​, មន្ទីរពេទ្យបង្អែក​, មណ្ឌល​សុខភាព​, មណ្ឌល​ព្យាបាល និង​ស្ដារនីតិសម្បទា​ជាដើម​។​
 
​ក្រសួងសុខាភិបាល បន្តថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​បន្ត​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ដោយបាន​បណ្ដុះបណ្ដាល​គ្រូពេទ្យ​មួយចំនួន​ផងដែរ​។ បន្ថែម​លើ​នេះ ការព្យាបាល​អ្នកញៀន​គ្រឿងញៀន គឺ​ផ្អែកលើ​សហគមន៍ ដោយ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​អន្តរ​វិស័យ ជាពិសេស​ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕

Tag:
 គ្រឿងញៀន​
 ​សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com