ជាតិ
កម្ពុជា និង​តួ​ក​គី ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​៥០០​លាន​ដុល្លារ នាពេលខាងមុខ
04, Oct 2018 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា និង​តួ​ក​គី រំពឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី នឹង​កើន​ឡើងដល់​៥០០​លាន​ដុល្លារ​ខាងមុខ តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ក្តី​រំពឹង​នេះ កើតឡើង​នៅក្នុង​ជំនួប​ពង្រឹង​ចំណងមិត្តភាព​ភាគី​ទាំងពីរ រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ប្រាក់ សុខុន នៅក្នុង​ប្រទេស​តួ​ក​គី រយៈពេល​៣​ថ្ងៃ​មកនេះ ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ការទូត​នៃ​ក្រសួងការបរទេស​ប្រទេស​ទាំងពីរ និង​ពង្រឹង​កិច្ចសហការ​លើ​គ្រប់​វិស័យ​ផងដែរ​។ ក្នុងនោះ​មាន​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ការហោះហើរ​ត្រង់ បច្ចេកវិទ្យា ទេសចរណ៍ កសិកម្ម អប់រំ កីឡា វប្បធម៌ ធនធានទឹក ជាដើម​។​
 
​ជាមួយគ្នានេះ កម្ពុជា និង​តួ​ក​គី គ្រោង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​លើក​ទី​២​ជាថ្មី​ម្ដងទៀត ដើម្បី​ដាក់ចេញ​នូវ​វិធា​នា​ការបន្ថែម​ទៀត ក្នុងការ​ជំរុញ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​សំដៅ​សម្រេច​គោលដៅ នៃ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​៥០០​លាន​ដុល្លារ នាពេលខាងមុខ​។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​តួ​ក​គី មាន​ចំនួន ៧៥​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៧​កន្លងមក​។​


 
​បន្ថែម​ពីនេះ​លោក ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី ប្រកាស​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​បោសសម្អាត​មីន និង​មជ្ឍមណ្ឌល​សកម្មភាព​មីន តំបន់​អាស៊ាន ដែលមាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។​
 
​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ទ្វេរ​ភាគី កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត នៅ​ក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី ក្នុង​ឆ្នាំ​២០១៩ សម្រាប់​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។​
 
​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​លោក ប្រាក់ សុខុន នៅ​តួ​ក​គី​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ ដែលជា​ការព្រួយបារម្ភ និង​ការយកចិត្ត​ទុក​ដា​ក់រួ​ម  ក្នុង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ ជាពិសេស​ផ្ដោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ការស្វែងរក​សក្តានុពល​ថ្មីៗ ក្នុង​ការជំរុញ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​៕
 

Tag:
 ប្រាក់ សុខុន​
  តួ​ក​គី​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com