ជាតិ
សេដ្ឋកិច្ច
World Bank៖ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុងពេល​យូរ​ទៀត កម្ពុជា​ត្រូវ​ពឹង​ទុន​ក្នុងស្រុក​
04, Oct 2018 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន ៧​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ ដែល​ជំរុញ​មួយផ្នែកធំ​ដោយសារ​ការនាំចេញ​ផលិតផល​កាត់ដេរ​។ ប៉ុន្តែ​ដើម្បី​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​មធ្យម កម្ពុជា​ត្រូវ​ពឹងផ្អែក​ការ​សន្សំ និង​វិនិយោគ​ក្នុងស្រុក​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​ពិភពលោក (World Bank) នៅ​ថ្ងៃទី​៤​ខែតុលា​។


 
​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ត្រូវបាន​ព្យាករ​នេះ មាន​អត្រា​ខ្ពស់ជាង​ឆ្នាំ​២០១៧ បន្តិច​ដែលមាន​ត្រឹម ៦,៩​ភាគរយ​។ ភាពស្វាហាប់​នៃ​កំណើន​នេះ ត្រូវបាន​ទ្រទ្រង់​មួយផ្នែកធំ​ដោយ​ការនាំចេញ​ដែលមាន​ភាពប្រសើរ​ជាង​ការរំពឹងទុក​។ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ការនាំចេញ​ផលិតផល​កាត់ដេរ​សម្រេចបាន​កំណើន​ខ្ពស់​ដល់​ទៅ ១៦,២​ភាគរយ​។ ជាមួយគ្នានេះ កំណើន​ទេសចរ​មាន​អត្រា ១៣,៦​ភាគរយ រហូតដល់​ចំនួន ៣​លាន​នាក់ ក្រោម​សន្ទុះ​ខ្លាំង​នៃ​ការមកដល់​របស់​ភ្ញៀវ​ចិន​។ 

អត្ថបទទាក់ទង

 
​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ត្រូវបាន​ប្រមាណ​ឃើញថា​មាន​កំណើន ១៤,៣​ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​។ ហើយ​ជាង​ពាក់កណ្ដាល​នៃ​លំហូរ​ទុនវិនិយោគ​នេះ គឺ​បាន​ពី​ប្រទេស​ចិន ដែល​តម្រង់ទិស​ទៅលើ​ការអភិវឌ្ឍ​សំណង់​អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ ព្រមទាំង​មាន​ចំណុច​គោលដៅ​ទាក់ទាញ​ខ្លាំង​នៅ​ខេត្ត​ព្រះសីហនុ​។ 
​តែ​អត្រា​អតិផរណា​កើន​ដល់ ២,៩​ភាគរយ ក្នុង​ខែមិថុនា​ឆ្នាំនេះ ធៀប​នឹង ២,២​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។ 
 
​ទោះយ៉ាងណា​របាយការណ៍​នេះ បាន​ព្រមាន​ពី​ហានិភ័យ​ដែល​កើតចេញពី​នយោបាយ​គាំពារ​និយម និង​ការសើរើ​ដែល​អាច​កើតមាន​ចំពោះ​ភាពអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​។ ការដំឡើង​ពន្ធ​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នឹង​ជះឥទ្ធិពល​លើ​កម្ពុជា​ដោយ​ប្រយោល​។ ការធ្លាក់ចុះ​ណាមួយ​នៃ​សេដ្ឋកិច្ច​ចិន អាច​នឹង​រំខាន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ដែល​ប៉ះពាល់​ដល់​លំហូរ​ទេសចរ និង​ការវិនិយោគ​។​
 
​បន្ទាប់ពី​ព្រមាន​ពី​ឥទ្ធិពល​ពី​ខាងក្រៅ ពិសេស​ភាពមិនច្បាស់លាស់​នៃ​ការពឹង​ផ្អែកលើ​វិនិយោគ​ចិន​ខ្លាំងពេក World Bank បានផ្ដល់​អនុសាសន៍​ថា​៖«​ដើម្បី​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​មធ្យម និង​បន្ថយ​ការពឹង​ពាក់​ខ្លាំង​ហួសហេតុ​ទៅលើ​មូលធន​ក្រៅប្រទេស កម្ពុជា​ចាំបាច់​ត្រូវ​កៀរគរ​ការ​សន្សំ​ក្នុងស្រុក និង​បង្កើន​ការវិនិយោគ​ក្នុងស្រុក រាប់ទាំង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ទីផ្សារ​បំណុល និង​ពង្រឹង​កា​គ្រប់គ្រង​លើ​ការវិនិយោគ​សាធារណៈ​ថែមទៀត​»៕

Tag:
 សន្សំ​
  កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com