ជាតិ
សំរាម​នៅ​ភ្នំពេញ មាន​ជិត​៣០០០​តោន នៅ​សៀមរាប​ជាង​៣០០​តោន និង​ព្រះសីហនុ ៦០០​តោន​ក្នុង​មួយថ្ងៃ​
11, Oct 2018 , 12:59 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាកសំណល់​សំរាម បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​។ បច្ចុប្បន្ននេះ កម្ពុជា មាន​កាកសំណល់​សំរាម​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ដែល​ក្នុងនោះ​នៅ​រាជ​ភ្នំពេញ មាន​សំរាម​ច្រើនជាងគេ​។​

 
​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា កម្ពុជា មានការ​កើនឡើង​សំរាម​១០​ភាគរយ​ក្នុង​មួយឆ្នាំ ដោយសារ​កំណើន​ប្រជាពលរដ្ឋ ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​។ ជាពិសេស​ការយល់ដឹង​ពី​ការញែក​សំរាម​តាម​ប្រភេទ និង​ការគ្រប់គ្រង​សំរាម ឲ្យ​ស្របតាម​គោលការណ៍​បច្ចេកទេស នៅមានកម្រិត​នៅឡើយ​។ 
 
​តាម​ការប៉ាន់ប្រមាណ នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​បរិមាណ​សំរាម​សំណល់​រឹង​ទីប្រជុំជន ដែល​បាន​បង្កើតឡើង មាន​ប្រហែល​ជាង​៣,៦៥​លាន​តោន​ក្នុង​មួយឆ្នាំ ឬ​ជាង​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ដែល​ក្នុងនោះ​ក្នុង​មួយថ្ងៃ សំរាម​នៅ​ខេត្តសៀមរាប​ពី​៣៥០​តោន ទៅ​៤០០​តោន ខេត្ត​ព្រះសីហនុ ពី​៦០០​តោន តៅ​៦៥០​តោន និង​រាជធានី​ភ្នំពេញ មាន​ជិត​៣​ពាន់​តោន ដែល​សំណល់​សំរាម​ពី​៧០​ទៅ​៨០​ភាគរយ នៃ​បរិមាន​សំណល់​សរុប ត្រូវបាន​ប្រមូល​ទៅ​ដាក់​ទីលាន និង​សម្រាប់​កែច្នៃ​។ នេះ​បើតាម​លោក នេ​ត ភក្ត្រា​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា បរិមាណ​សំរាម​សំណល់​រឹង ប្រហែល​៤១​ភាគរយ (១,៥​លាន​តោន​ក្នុង​មួយឆ្នាំ​) នៃ​បរិមាណ​សំណល់​សរុប ត្រូវបាន​ប្រមូល​យកទៅដាក់​នៅ​ទីលាន ។ ចំណែក​បរិមាណ​១១​ភាគរយ (៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​) នៃ​ចំនួន​សរុប ត្រូវបាន​កែឆ្នៃ ខណៈ​សំណល់​៤៨​ភាគរយ​ទៀត ត្រូវបាន​ដុត ឬ​បោះចោល​តាម​ទីសាធារណៈ និង​ប្រភពទឹក​នានា​។ បើតាម​លោក នេ​ត ភក្ត្រា កាកសំណល់​រឹង ដែល​អាច​កែច្នៃ​បាន​គ្រប់​ប្រភេទ ប្រហែលជា​៧០​ទៅ​៨០​ភាគរយ​នៃ​បរិមាណ​សំណល់​សរុប​។ 
 
​លោក នេ​ត ភក្ត្រា បាន​បន្ថែមថា​៖«​ការ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម មិន​ត្រឹមត្រូវ បោះចោល​សំរាម​អនាធិបតេយ្យ​នៅតាម​ទីធ្លា​សាធារណៈ និង​តាម​បណ្ដោយ​ផ្លូវ​នានា នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ដូចជា ការ​ធ្វ​ឲ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ ដែល​បង្ក​ឲ្យ​មាន​ជំនន់ ពេល​រដូវភ្លៀង ធ្វើ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង និង​ទីប្រជុំជន ជា​ជម្រក​មេរោគ និង​បង្ក​ជាតិពុល​ថែមទៀត​ផង​»​។​
 
​ក្រសួងបរិស្ថាន នឹង​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ​រប​ស់​ក្រសួង ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​នានា​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន អាជីវកម្ម និង​ក្រុមហ៊ុន គ្រប់គ្រង​សំណល់​រឹង -​រាវ និង​សំរាម​ដែល​បាន​បង្កើតឡើង នៅតាម​ទីតាំង​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​៕

Tag:
 ​នេ​ត ភក្ត្រា​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com