ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូងផ្តល់កម្ចីជាង៦៦លានដុល្លារ បង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
× ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ បានសម្រេចផ្តល់កម្ចីចំនួន ៦៦,៥៧លានដុល្លារ ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះ បណ្តាលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យកម្ពុជា(UHS)។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ចុះថ្ងៃទី១១តុលា។ កម្ចីជាង៦៦លានដុល្លារនេះ នឹងត្រូវផ្តល់មកកម្ពុជា តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។
រដ្ឋាភិបាលកូរ៉េបានបង្កើតEDCF នៅក្នុងឆ្នាំ១៩៨៧ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងជួយដល់បណ្តាប្រទេសទាំងនោះសម្រេចបាននូវឧស្សាហូបនីយកម្ម និងស្ថិរភាពសេដ្ឋកិច្ច តាម រយៈការផ្តល់ឥណទានរយៈពេលវែង និងការប្រាក់ទាប។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលគម្រោងនេះ មានបំណងចិញ្ចឹមបីបាច់បុគ្គលិកសុខាភិបាលប្រកបដោយវិជ្ជាជីវៈ ដែលមានគុណភាពអប់រំខ្ពស់ ព្រមទាំងផ្តល់សេវាសុខភាពស្តង់ដារខ្ពស់ ដោយបង្កើតមន្ទីរពេទ្យបង្រៀនមាន២០០គ្រែ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រ និងប្រព័ន្ធព័ត៌មានសុខាភិបាលល្អៗ។
ជំនួបរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងប្រតិភូមកពីប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ឆ្នាំ២០១៨
រដ្ឋាភិបាលកូរ៉េ រំពឹងថា នៅពេលមន្ទីរពេទ្យបង្រៀន UHS បង្កើតឡើង វានឹងអាចអភិវឌ្ឍអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ តាមរបៀបជាប្រព័ន្ធ។ នៅពេលនោះ ប្រជាពលរដ្ឋកម្ពុជា ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសេវាវេជ្ជសាស្ត្រទំនើប តាមរយៈការផ្គត់ផ្គង់ និងការដំឡើងឧបករណ៍ពេទ្យទំនើប និងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលកូរ៉េ បានផ្តល់ប្រាក់កម្ចីសរុបចំនួន ៧៦៦លានដុល្លារអាមេរិក ក្នុងកម្ចី EDCF ដើម្បីគាំទ្រដល់គម្រោងចំនួន២២ នៅកម្ពុជា៕
Tag:
សុខាភិបាល
មន្ទីរពេទ្យ
កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com