ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋចេះតែច្រឡំក្រដាសប្រាក់រៀលមួយចំនួន!
× អ្នកលក់បន្លែវ័យជាង ៤០ឆ្នាំម្នាក់ បានរអ៊ូនៅមុខអ្នកទិញ ពេលខ្លួនលូកដៃចូលកាបូបយកលុយអាប់៖«ចុមក្រដាសពីរម៉ឺនទេ ឯងស្មានតែក្រដាសប្រាំពាន់។ លុយចេញថ្មីឥឡូវ ពិបាកមើលណាស់ ចេះតែច្រឡំគ្នា»។
ការបោះពុម្ភក្រដាសប្រាក់រៀល រងការរិះគន់ពីប្រជាពលរដ្ឋ នាពេលកន្លងមក និងបច្ចុប្បន្ន។ ពួកគាត់រអ៊ូថាក្រដាសប្រាក់ចេញថ្មីមួយចំនួន មានពណ៌ស្រដៀងក្រដាសប្រាក់រៀលផ្សេងទៀត ដែលកំពុងចរាចរ។ រឹតតែពិបាក ចំពោះអាជីវករលក់ដូរ ព្រោះពួកគេមមាញឹកលក់ដូរ ហើយត្រូវយឺតយូរនឹងក្រដាសប្រាក់ដែលស្រដៀងគ្នា ពេលទូទាត់ម្ដងៗ។ ជួនកាលច្រឡំតែម្ដង ដែលនាំឲ្យអាជីវករអាប់លុយលើស ឬខ្វះដល់អតិថិជន។
អ្នកស្រី វណ្ណនី ដែលជាអ្នកលក់បង្អែមមួយរូប បានថ្លែងទាំងខឹងថា៖«ថ្ងៃមុនច្រឡំអាប់ក្រដាសប្រាំម៉ឺនឲ្យគេបាត់ ស្មានតែក្រដាសមួយម៉ឺន យ៉ាប់មែន»។ ចុះទម្រាំពលរដ្ឋវ័យចំណាស់ ដែលសមត្ថភាពភ្នែករបស់ពួកគាត់បាត់បង់ខ្លះទៅហើយ តើនឹងត្រូវពិនិត្យមើលក្រដាសប្រាក់សារចុះសារឡើងប៉ុន្មានដង?
ពលរដ្ឋលក់ដូរ ក៏ដូចជាអ្នកចាយវាយដែរ ចង់ឲ្យរដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់រៀល មានពណ៌ផ្សេងដាច់ពីគ្នា ងាយស្រួលសម្គាល់។ អាជីវករលក់ទំនិញចាប់ហួយលោក ឌឿន មានប្រសាសន៍ថា៖«បើរដ្ឋចេញក្រដាសប្រាក់ ងាយមើល ងាយចំណាំ ពណ៌ខុសដាច់ពីគ្នា ពួកខ្ញុំប្រាកដជាចាយស្រួល»។
ទោះយ៉ាងណារដ្ឋាភិបាល ពិសេសធនាគារជាតិនៃកម្ពុជា មានគោលនយោបាយលើកកម្ពស់ប្រាក់រៀល តាមរយៈការផ្សព្វផ្សាយ និងដាក់ចេញយន្តការនានាដើម្បីឲ្យការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ។ ប៉ុន្តែបើធនាគារជាតិអាចស្រាយបញ្ហាជុំវិញភាពងាយភ័ន្តច្រឡំនៃក្រដាសប្រាក់រៀលនេះបាន នោះនឹងកាន់តែឲ្យសាធារណជនពេញចិត្តក្រដាសប្រាក់ជាតិរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com