ប្រធានាធិបតីចាញ់ឆ្នោត Abdulla Yamee ចេញមុខទទួលស្គាល់លទ្ធផលជាថ្មី បន្ទាប់ពីតុលាការកំពូលបដិសេធបណ្តឹងរបស់លោកដែលទារឲ្យលុបចោលលទ្ធផលបោះឆ្នោត ព្រោះមិនចង់ផ្ទេរអំណាច។
តុលាការកំពូលម៉ាល់ឌីវបានចេញសេចក្តីសម្រេចមួយនៅថ្ងៃអាទិត្យទី ២១ ខែតុលាដោយទាត់ចោលបណ្តឹងរបស់ប្រធានាធិបតីចាញ់ឆ្នោតដែលទាមទារឲ្យមានការលុបចោលលទ្ធផលបោះឆ្នោតកន្លងទៅនោះ។ ក្រោយការសម្រេចនេះ មេដឹកនាំផ្តាច់ការម៉ាល់ឌីវនឹងត្រូវផ្ទេរអំណាចមុនថ្ងៃ ១៧ ខែវិច្ឆិកាខាងមុខ។
ចុងក្រោយ តុលាការកំពូលម៉ាល់ឌីវបានបញ្ចប់មន្ទិលសង្ស័យ និងក្តីបារម្ភរបស់ប្រជាជននៅក្នុងស្រុកដោយទាត់ចោលបណ្តឹងប្រធានាធិបតីចាញ់ឆ្នោតAbdulla Yamee ដែលក្រឡាស់សម្តីមិនចង់ផ្ទេរអំណាចទៅឲ្យមេបក្សប្រឆាំងលោក Ibrahim Mohamed Solih ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមតុលាការកំពូលទាំង ៥រូបបានឯកភាពគ្នាជាឯកច្ឆ័ន្ទដោយសម្រេចបដិសេធការអះអាងរបស់លោក Yameen ថា ការបោះឆ្នោតកាលពីឆ្នាំ ២៣ ខែកញ្ញាប្រព្រឹត្តទៅដោយមិនភាពត្រឹមត្រូវ និងសុចរិតឡើយ។
ដើមឡើយលោក Yameen បានប្រកាសទទួលស្គាល់លទ្ធផល និងភាពបរាជ័យរបស់ខ្លួនរួចទៅហើយ។ ប៉ុន្តែក្នុងខែតុលានេះ មេដឹកនាំផ្តាច់ការរូបនេះបានក្រឡាស់សម្តីដោយចោទសួរពីភាពត្រឹមត្រូវ និងសុចរិតភាពនៃការបោះឆ្នោតនេះទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសម្រេចដាក់បណ្តឹងទៅកាន់តុលាការកំពូលឲ្យលុបចោលលទ្ធផលបោះឆ្នោតថែមទៀតផង។
សេចក្តីសម្រចរបស់តុលាការកំពូលនេះបានក្លាយជាដំណឹងល្អសម្រាប់ប្រជាជនម៉ាល់ឌីវជាពិសេសក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំង។ គេឃើញមានការប្រារព្ធពិធីអបអរសាទរនៅក្នុងរដ្ឋធានីម៉ាល់ ហើយពួកគេសង្ឃឹមថា ការផ្ទេរអំណាចនឹងត្រូវរៀបចំឡើងដោយរលូននៅពេលខាងមុខផងដែរ។
សូមទាញការចាប់អារម្មណ៍បន្តិចដែរ ស្ថានការណ៍នៅពេលបច្ចុប្បន្ន វាស្រដៀងនឹងអ្វីដែលកើតឡើងកាលពីឆ្នាំ ២០១៣។ ក្នុងពេលនោះ ប្រធានាធិបតីរូបនេះបានស្នើឲ្យតុលាការកំពូលលុបចោលលទ្ធផលបោះឆ្នោតជុំទីមួយនៅពេលដែលបេក្ខជនបក្សប្រឆាំងលោក Mohamed Nasheed ឈ្នះឆ្នោត។ ប៉ុន្តែកាលនោះ តបតាមការទាមទាររបស់ប្រធានាធិបតីរូបនេះ តុលាការកំពូលបានសម្រេចលុបចោលលទ្ធផល ដែលត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំរូបនេះបន្តក្តោបក្តាប់អំណាចមកដល់បច្ចុប្បន្នផង។
ត្រឡប់មកវិញ បន្ទាប់ពីលឺសេចក្តីសម្រេចតុលាការកំពូលហើយ លោក Yameen បានចេញមុខប្រកាសទទួលស្គាល់លទ្ធផលជាថ្មីទៀត ប៉ុន្តែមិនបានរម្លឹកពីបណ្តឹងទាមទារលុបលទ្ធផលបោះឆ្នោតឡើយ។ លោកប្រកាសប្រាប់ប្រជាជនថា វាជាសុន្ទរកថាចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតីព្រោះលោកត្រូវលាលែងពីតំណែងនៅត្រឹមថ្ងៃ ១៧ ខែវិច្ឆិកាខាងមុខនេះ។ ប្រធានាធិបតីវ័យ ៥៩ ឆ្នាំរូបនេះបានឆ្លៀតបង្ហាញការសោកស្តាយចំពោះការដឹកនាំកន្លងមកដែលមិនបានស្វែងយល់ពីតម្រូវការរបស់ប្រជាជនឲ្យបានច្បាស់លាស់។
តាមពិតទៅ ក្រោមការដឹកនាំរបស់លោក Yameen ពីឆ្នាំ ២០១៣ មកនោះ រាល់អ្នកប្រឆាំងលោកទាំងអស់ត្រូវប្រឈមការចាប់ខ្លួន ហើយបើមិនដូច្នេះទេពួកគេក៏ត្រូវនិរទេសខ្លួនទៅបរទេសដែរ។ ហើយវិបត្តិនយោបាយធ្ងន់ធ្ងរនៃកោះម៉ាល់ឌីវនេះបានកើតឡើងចាប់ពីខែកុម្ភៈកន្លងមក ដោយមានការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយប្រធានាធិបតីចាញ់ឆ្នោតលោក Yameen។ រដ្ឋាភិបាលម៉ាល់ឌីវនេះនេះបានព្យួរដំណើរការតុលាការកំពូល សភា និងការអនុវត្តរដ្ឋធម្មនុញ្ញផង ស្របពេលដែលមានការបង្ក្រាប និង ចាប់ខ្លួនអ្នកប្រឆាំងផងដែរ៕