ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ កូន​ខ្ញុំ អាចធ្វើ​ជា​មេ​ដឹក​នាំ​កម្ពុជា​ឬក៏​អត់​នោះ ខ្ញុំ​មិនដឹង​ទេ
24, Oct 2018 , 10:44 am        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការនិយាយ​តៗ​គ្នា និង ការចុះផ្សាយ​របស់​សារព័ត៌មាន​នានា​ថា លោក ហ៊ុន ម៉ា​ណែ​ត អាច​ក្លាយជា​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ដែល​បាន​កាន់តំណែង​នេះ​រាប់​ទសវត្សរ៍​មកហើយ​នោះ ត្រូវតែ​បង្ខំចិត្ត​ចេញមក​បំភ្លឺ​។


 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ មេដឹកនាំ​កម្ពុជា បាន​សម្តែង​ការហួសចិត្ត​នឹង​ពាក្យ​ចចាមអារ៉ាម និង ការចុះផ្សាយ​ព័ត៌មាន​បែបនេះ ហើយក៏​បកស្រាយ​ថា បច្ចុប្បន្ន គ្មាន​សញ្ញា​ណាមួយ ដែល​បង្ហាញ​ពី​ការ​រុញ​កូន​របស់ខ្លួន ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ឡើយ​។ នាយករដ្ឋមន្ត្រី​កម្ពុជា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ឪ កំពុងតែ​ធ្វើ​ហើយ កូន​មក​ដណ្តើម​ធ្វើ​អី​។ និយាយ​មក អត់​សម​ហេតុផល​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តទៀតថា លោក ហ៊ុន ម៉ា​ណែ​ត អាច​ក្លាយ​នាយករដ្ឋមន្ត្រី ឬក៏​អត់​នោះ គឺ​ពឹង​ផ្អែកលើ​សមត្ថភាព​រប​ស់លោក​ផ្ទាល់ និង អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដ្បិត​កម្ពុជា ប្រកាន់យក​របប​ប្រជាធិបតេយ្យ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​មិនដឹងថា​ភ័ព្វវាសនា​កូនប្រុស​របស់ខ្ញុំ យ៉ាងម៉េច​ទេ​។ ប្រទេស​យើង គឺ​ប្រជាធិបតេយ្យ បើ​គេ​មានលទ្ធភាព​ជាប់ឆ្នោត ឲ្យ​គេ​ធ្វើទៅ​»​។   
 
​បច្ចុប្បន្ន លោក ហ៊ុន ម៉ា​ណែត ដែលជា​កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី កំពុងកាន់​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣)​។ លោក នៅមាន​តំណែង​សំខាន់ៗ​ផ្សេងទៀត ដូចជា តំណែង​ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស និង​តំណែង​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជាដើម​។ 
 
​បន្ទាប់ពី​បកស្រាយ​ពី​រឿង​លោក ហ៊ុន ម៉ាណែត រួចហើយ សម្តេច ហ៊ុន សែន ក៏​ឆ្លៀត​និយាយ​បន្តិច​ពី​វប្បធម៌​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​សាធារណជន​ថា នៅក្នុង​គណបក្ស​របស់​ខ្លួន គ្មាន​ការ​ប្រជែង​គ្នា​យក​តំណែង​នាយករដ្ឋមន្ត្រី​នោះទេ​៕ 
 

Tag:
 ហ៊ុន សែន​
  ហ៊ុន ម៉ា​ណែ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com