ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី៖ សភាកម្ពុជា មានបក្សតែមួយ មិនមែនជារឿងចម្លែកទេ សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
× ភ្នំពេញ៖ ក្នុងសម័យសង្គមរាស្ត្រនិយម និង សម័យ លន់ នល់ រដ្ឋសភាកម្ពុជា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងដោយឯកបក្ស ហើយនៅប្រទេសខ្លះ ក៏មានរឿងបែបនេះដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីបញ្ជាក់ថា ការដែលគណបក្សរបស់ខ្លួន ឈ្នះឆ្នោតតែម្នាក់ឯង មិនមែនជាព្រឹត្តិការណ៍ថ្មីនោះទេ។
ការបោះឆ្នោតអាណត្តិទី៦ បានកន្លងទៅជាច្រើនខែហើយ តែប្រធានបទនេះ មិនទាន់ចប់នៅឡើយទេ។ អ្វីដែល ធ្វើឲ្យគេ ចេះតែនាំគ្នានិយាយមិនព្រមឈប់ គឺអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ហើយគ្មានវត្តមាននៅក្នុងការបោះឆ្នោត ដែលផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជម្នះ១០០ភាគ ហើយគ្រប់គ្រងរដ្ឋសភាតែម្នាក់ឯង។
ប្រកាសនេះហើយ ដែលកម្ពុជា រងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសក្រុមអ្នកប្រឆាំង និង សហគមន៍ជាតិមួយចំនួន ថាជាប្រទេស ដែលកំពុងដើរខុសពីគន្លងប្រជាធិបតេយ្យ ព្រោះមានគណបក្សតែមួយក្នុងរដ្ឋសភា។
បើគិតពីឆ្នាំ១៩៩៣មក វា អាចជារឿងថ្មីមែន សម្រាប់ការបោះឆ្នោតនៅកម្ពុជា ដែលមានគណបក្សតែមួយនៅក្នុងរដ្ឋសភា ខណៈរដ្ឋធម្មនុញ្ញ បានចែងថាកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ តែបើក្រឡេកទៅមើលប្រវត្តិសាស្ត្រនៅមុនឆ្នាំ១៩៩៣វិញ គេ នឹងដឹងថា រឿងបែបនេះ ធ្លាប់កើតមាននៅកម្ពុជារួចមកហើយ គឺមិនមែនទើបនឹងកើតមានជាលើកទី១ឡើយ។
ក្នុងពិធិសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សកាន់អំណាច បានទាញយកការបោះឆ្នោតក្នុងសម័យសង្គមរាស្ត្រនិយម នាអំឡុងឆ្នាំ១៩៥៥ មកបរិយាយ ដើម្បីបញ្ជាក់ថា រដ្ឋសភាកម្ពុជា មិនមែនស្ថិតនៅក្រោមការគ្រប់គ្រង់ដោយឯកបក្ស តែនៅក្នុងសម័យបច្ចុប្បន្ននោះទេ។
នាយករដ្ឋមន្ត្រី បានរម្លឹកថា កាលនោះ មានគណបក្ស៨ ដែលចូលរួមក្នុងការបោះឆ្នោត តែមានតែគណបក្សរបស់ព្រះបាទ នរោត្តម សីហនុ ប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា។ ប្រធានគណបក្សកាន់អំណាច បន្តថា មកដល់សម័យ លន់ នល់ កម្ពុជា បានជួបរឿងនេះម្តងនេះ ដោយមានតែគណបក្សរបស់លោកសេនាប្រមុខ លន់ នល់ ទេ ដែលបានកាន់កាប់ស្ថាប័នរដ្ឋសភា។
ប្រមុខរដ្ឋាភិបាលកម្ពុជា បកស្រាយថា ការគ្រប់គ្រងរដ្ឋសភា ដោយឯកបក្ស ទាំងនៅក្នុងអតីតកាលនិងបច្ចុប្បន្ន ថាជាឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច់និងជាម្ចាស់ឆ្នោត ដោយមិនអាចប្រកែកឬរំលោភបាន។ មេដឹកនាំកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា៖«ការបោះឆ្នោត មានគណបក្សច្រើន ហើយលទ្ធផល មានគណបក្សតែមួយក្នុងរដ្ឋសភា មិនមែនជារឿងចម្លែកទេ»។
ទំនងជាខ្លាចអ្នករិះគន់ មិនទាន់យល់ និងមិនទាន់ទទួលយកបាននូវអ្វីដែលខ្លួនរៀបរាប់ខាងលើ ប្រធានគណបក្សកាន់អំណាច ក៏ឆ្លៀតលើកយកការបោះឆ្នោតនៅតាមបណ្តាប្រទេសមួយចំនួន មកបង្ហាញបន្ថែម។ នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា សិង្ហបុរី មានគណបក្សនយោបាយច្រើន ដែលចូលរួមក្នុងការបោះឆ្នោត តែមានតែគណបក្សរបស់លោក លី ក្វាន់យូ ដែលបានជាប់ឆ្នោត ហើយនៅម៉ិកស៊ិក ក៏ធ្លាប់មានប្រវត្តិបែបនេះដូចគ្នាដែរ។ «សូមអ្នកឯង នាំគ្នាសិក្សាទៅ។ នៅលើពិភពលោក វា ធ្លាប់មានប្រវត្តិអ៊ីចឹង»។
ប្រធានគណបក្សកាន់អំណាច ពន្យល់ទៀតថា ទោះជារដ្ឋសភា មានគណបក្សតែមួយក្តី តែកម្ពុជា មានគណបក្សជាច្រើន ដែលបានចូលរួមក្នុងការបោះឆ្នោតកន្លងមក និង កំពុងធ្វើសកម្មភាព ដូច្នេះ កម្ពុជា នៅតែជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សដដែល។ ជាការពន្យល់ចុងក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានតំណាងពីគណបក្សនានា ជាសមាជិក មកធ្វើជាទឡ្ហីករណ៍បន្ថែម ដើម្បីបង្ហាញថា នេះ គឺជាពហុបក្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com