ជាតិ
សេដ្ឋកិច្ច
ប្រមុខរដ្ឋាភិបាល សន្និដ្ឋានថា ភាពក្រីក្រនៅកម្ពុជា សល់តែ៩ភាគរយប៉ុណ្ណោះ
× រយៈពេលជិត១០ថ្ងៃ នៅបែលហ្ស៊ិក តួកគី និង ស្វីស សម្តេច ហ៊ុន សែន បាននិយាយច្រើនពីបញ្ហានយោបាយ និង សេដ្ឋកិច្ចកម្ពុជា ទៅកាន់បរទេស រួមទាំងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅទីនោះ។ ចំពោះបញ្ហាសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងមោទនភាព ដែលប្រជាពលរដ្ឋកម្ពុជា កាន់តែមានជីវភាពធូរធាពីមួយឆ្នាំទៅមួយឆ្នាំ។
ទៅដល់ស្វីស ដែលជាប្រទេសចុងក្រោយនៃការចូលរួមប្រជុំ សម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជាថា កាលឆ្នាំ២០០៤ អត្រានៃភាពក្រីក្រនៅកម្ពុជា មានដល់ទៅ៥៣ភាគរយឯណោះ ប៉ុន្តែនៅឆ្នាំ២០១៤ ក៏ធ្លាក់មកនៅត្រឹមតែ១៣.៥ភាគរយ។
រហូតមកដល់ឆ្នាំ២០១៨នេះ កម្ពុជា ពុំទាន់មានតួលេខថ្មី ស្តីពីអត្រានៃភាពក្រីក្រនោះទេ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា អត្រានៃភាពក្រីក្រ បានធ្លាក់ចុះជាង១ភាគរយ ជារៀងរាល់ឆ្នាំ។
ដូច្នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានសន្និដ្ឋានថា រយៈពេល៤ឆ្នាំមកនេះ គឺចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ យ៉ាងហោចណាស់ អត្រានៃភាពក្រីក្រនៅកម្ពុជា អាចនឹងធ្លាក់ចុះប្រមាណ៤ភាគរយបន្ថែមទៀត។ ប្រមុខរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា៖«ពេលនេះ អត្រានៃភាពក្រីក្ររបស់យើង នៅសល់ប្រហែល៩ភាគរយប៉ុណ្ណោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com