ជាតិ
សង្គមជាតិ
អ្នកជំនាញ​ពី​អាមេរិក​៖ ព័ត៌មាន​មិន​ពិត​ច្រើន ធ្វើ​ឲ្យ​យើង​យល់ថា ព័ត៌មាន​ពិត ជា​ព័ត៌មាន​មិន​ពិត​
25, Oct 2018 , 12:09 pm        
រូបភាព
លោកស្រី Maggie Farley ថ្លែង​ក្នុងសិក្ខាសាលា​ស្តីពី​ការ​ទប់​ស្តា​ត់​ព័ត​មាន​ក្លែងក្លាយ
លោកស្រី Maggie Farley ថ្លែង​ក្នុងសិក្ខាសាលា​ស្តីពី​ការ​ទប់​ស្តា​ត់​ព័ត​មាន​ក្លែងក្លាយ
ដោយ:
​ការរីក​សាយ​ភាយ​ខ្លាំង​នូវ​សារព័ត៌មាន​ក្លែងក្លាយ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគិត​របស់​ប្រជាពលរដ្ឋ​។ ការប៉ះពាល់​នោះ គឺ ពេល​ប្រជាពលរដ្ឋ ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ច្រើន ហើយ​ដល់ពេល​ឃើញ​ព័ត៌មាន​ពិត ក៏​ធ្វើ​ឲ្យ​ពួកគេ ចាត់ទុក​ព័ត៌មាន​ពិត​នោះ ថា​ជា​ព័ត៌មាន​មិន​ពិត​ទៅវិញ​។​


 
​លោកស្រី Maggie FARLEY ជា​សាស្ត្រាចារ្យ​ផ្នែ​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​មួយ​របស់​សហរដ្ឋអាមេរិក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ខួរក្បាល​របស់​យើង នៅពេលដែល​តែងតែ​ទទួលបាន​ព័ត៌មាន​មិន​ពិត ទោះជា​ថ្ងៃ​ណាមួយ​ទទួលបាន​ព័ត៌មាន​ពិត ក៏​នៅតែ​គិតថា​ព័ត៌មាន​មិន​ពិត​ដែរ​»​។ លោកស្រី ថ្លែង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ការ​ទប់​ស្តា​ត់​ព័ត​មាន​ក្លែងក្លាយ (Fake News) ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ​។ 
អត្ថបទទាក់ទង
 
 
​អ្នកជំនាញ​ជនជាតិ​អាមេរិក អ្នកកាសែត​បរទេស និង​អ្នកកាសែត​កម្ពុជា​ប្រមាណ​៤០​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​សិក្ខាសាលា​នេះ ដោយមាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​
 
​អ្នកកាសែត​កម្ពុជា​ដែល​ធ្លាប់បាន​ចូលរួម​វេទិកា​អន្តរជាតិ​ក្នុង​តំបន់ និង​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន បាន​ចូលរួម​ចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​។

លើសពីនេះ​ទៀត​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​អាមេរិក លោកស្រី Maggie Farley បាន​ឡើង​ធ្វើ​បទឧទ្ទេសនាម​មួយ​ស្តីអំពី​បច្ច័យ​អវិជ្ជមាន​ពិតប្រាកដ​ដែល​បង្កដោយ​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ បន្ទាប់មក អ្នកសារព័ត៌មាន​បរ​ទេស​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​បារាំង​ពីររូប ក៏ត្រូវ​ពន្យល់​លម្អិត​អំពី​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​នេះ​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ប្រទេស​អភិវឌ្ឍ​ផងដែរ​។​
 
​វាគ្មិន​កិត្តិយស​ផ្សេងៗ​រួមមាន លោក ង៉ែត ម៉ូ​សេ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល ដែល​នឹងធ្វើ​បទ​បង្ហាញ​ស្តីពី «​សុវត្ថិភាព​អន​ឡាញ​សម្រាប់​អ្នកសារព័ត៌មាន​»​។ លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា និពន្ធ​នាយក​កាសែត Khmer Times លោក គុណ ចិន្តា ការី​និពន្ធ​ព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង​លោក ផាក់ ស៊ា​ង​លី អនុប្រធាន​ក្រុម​អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចូលរួម​ពិភាក្សា​ស្តីពី «​តួនាទី​របស់​អ្នកកាសែត និង​ការី​និពន្ធ​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ដើម្បី​បង្កើន​ភាពជឿជាក់​ដល់​អ្ន​ក​អាន​»​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក Pierre Gillette អគ្គលេខាធិការ​ក្រុមហ៊ុន Confirel និង PPM និង​ជា​អតីត​និពន្ធ​នាយក​កាសែត​បារាំង​កាំបូ​ដ​ស័​រ នឹង​ពិភាក្សា​វែកញែក​ពី​មូលហេតុ​ផ្សេងៗ​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម និង​ខ្វល់ខ្វាយ​ពី​លំហូរ​ព័ត៌មាន​ក្លែងបន្លំ ដោយមាន​ការសម្របសម្រួល​ដោយ​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ​៕

Tag:
 Fake News
© រក្សាសិទ្ធិដោយ thmeythmey.com