បទយកការណ៍ / បទសម្ភាសន៍
ផ្ទះ​កាហ្វេ​វប្បធម៌ មាន​គោលដៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​
25, Oct 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ផ្ទះ​លក់​កាហ្វេ​មួយកន្លែង​ដែលមាន​ឈ្មោះថា ផ្ទះ​កាហ្វេ​វប្បធម៌ បាន​តាំង​វត្ថុ​បង្ហាញ​ពី​វប្បធម៌ ក្នុង​គោលដៅ​រួមចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​។ វត្ថុ​បុរាណ​ដែលមាន​ក្នុងផ្ទះ​កាហ្វេ​វប្បធម៌​នេះ មាន​អាយុកាល​ចាប់ពី​ជាង​១០០​ឆ្នាំ រហូតដល់​សម័យ​បច្ចុប្បន្ន​។ 


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



 
​ហាង​កាហ្វេ​មួយចំនួន​បាន​ច្នៃ​ម៉ូដ តាមបែប​ទំនើប​និង​ទាន់សម័យ ដែលមាន​បន្ទប់​ម៉ាស៊ីនត្រជាក់​ជាដើម​នោះ  អាច​និយាយបានថា​តម្រូវ​ទៅតាម​សម័យកាល​។ ប៉ុន្តែ​ផ្ទះ​កាហ្វេ​វប្បធម៌​វិញ បែរជា​រៀបចំ​កន្លែង​លក់​លក្ខណៈសាមញ្ញ និង​តាំង​វត្ថុ​បុរាណ​ច្រើន​ប្រភេទ​សម្រាប់​ឱ្យ​អតិថិជន​បាន​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​។​
 
​ស្លាក​ដែល​រចនា​អក្សរ​ព័ណ៌​បៃតង​ស្រស់ នៅ​ខាងលើ​បំផុត​ផ្នែក​ខាងស្ដាំ​ដាក់ថា ការ​ហ្វេ​ធម្មជាតិ ផ្នែក​ខាងឆ្វេង​សរសេរ​ពាក្យ free Wi Fi ផ្នែក​កណ្ដាល​មាន​ឡូ​ហ្កូ​ធំជាងគេ​ដាក់ថា​កាហ្វេ​វប្បធម៌ និង​ផ្នែក​ខាងក្រោម សរសេរ​អក្សរ​ធំៗ​ថា កាហ្វេ​ខ្មែរ បានដាក់​នៅ​ចិញ្ចើមផ្លូវ​ខាងមុខ​ទូ​ដាក់​គ្រឿង​ភេសជ្ជៈ​ច្រើន​មុខ​។ នេះ​ជា​ស្លាក​ដែល​ដាក់​នៅខាងមុខ​ផ្ទះ​លក់​កាហ្វេ ដែលមាន​តាំង​វត្ថុ​តំណាង​វប្បធម៌​ខ្មែរ​។



 
​បើ​មើល​តាម​ការរៀបចំ​នៅខាងមុខ​ផ្លូវ​ចូល ពិបាក​ឱ្យ​អ្នកធ្វើដំណើរ​ធម្មតា​ដឹងបាន​ណាស់​ថា ផ្ទះ​លក់​កាហ្វេ​នេះ មាន​តាំង​វត្ថុ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ច្រើន ប្រសិនបើ​ពួកគេ​មិនបាន​ដឹង​ពី​មិត្តភក្ដិ ឬ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។ ផ្ទះ​កាហ្វេ​វប្បធម៌​នេះ ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ 
 
​នៅ​ចំ​កណ្ដាលផ្លូវ​ចូល​មាន​ដាក់​ឆត្រ​ធំ​មួយ មាន​កៅអី​តូចៗ  និង​តុ​ច្នៃ​ពី​កង់ឡាន​ត្រួតគ្នា​២​។ ដើរ​ផុត​ឆត្រ​នេះ គេ​នឹង​ឃើញ​រូប​សម្ដេចព្រះសង្ឃរាជ ជួន ណាត យ៉ាង​ធំ​មួយ​ដែល​គូរ​ជាប់​នឹង​រនាំង​ផ្ទះ យ៉ាងច្បាស់ ព្រោះ​គំនូរ​នេះ​នៅ​ទស់មុខ​ផ្លូវ​ចូល​តែម្ដង​។ នៅ​ជញ្ជាំង​ផ្ទះថ្ម​ផ្នែក​ម្ខាង​ទៀត មាន​គំនូរ​លោក Beat Richner យ៉ាង​ធំ​ផងដែរ​។


 
​បើ​មើល​តែ​នៅ​ចំហៀង​ខាងឆ្វេង​ដៃ​ផ្លូវ​ចូល នោះគេ​នឹង​ឃើញ រូប​ព្រះ​គណេស​ធ្វើ​ពី​ស៊ីម៉ងត៍​ធំ​ល្មម​។ ចូលទៅ​ជ្រៅ​បន្តិចទៀត មាន​គំនូរ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​គូរ​តែ​ព្រះ​សីសៈ​របស់​ទ្រង់ និង​មាន​ឧបករណ៍​ភ្លេង​រនាត សម្រាប់​ឱ្យ​អ្នក​ទៅ​ទទួលទាន​កាហ្វេ​បាន​ហាត់រៀន​ផងដែរ​។ ក្រៅពីនោះ​មាន​តាំង​គំនូរ​ប្រាសាទអង្គរវត្ត ឧបករណ៍​ស្បែក​ធំ ឃ្មោះ ទូរទស្សន៍​ចាស់​មួយ ញញួរ កាំបិទ និង​ហឹប​ជាដើម​។


 
​ងាក​មក​ផ្នែក​ខាងស្ដាំ​ដៃ​ផ្លូវ​ចូល​វិញ វត្ថុ​ប្រើប្រាស់​របស់​ខ្មែរ​ជាច្រើន តាំងពី​អកកំបោរ ជញ្ជីង​ខ្មែរ គងតូច ត្បាល់​ធ្វើ​ពី​ឈើ​មិន​ប្រណិត ឆ្នាំ​អ៊ុត ផ្ទិ​ល​ចាស់​ដែលមាន​ស្និម​បែក​មាត់​ដោយ​អន្លើ ព្រមទាំង​មាន​សម្ភារ​ច្រើន​ទៀត ដាក់​លើ​ទូ​មាន​ថ្នាក់​។ 


 
​តុ​និង​កៅអី​នៅទីនេះ​រៀបចំ​សាមញ្ញ ដោយ​គ្រាន់តែ​ដាក់​ឆត្រ​ការពារ​កំដៅថ្ងៃ​និង​ភ្លៀង សម្រាប់​ភ្ញៀវ​ដែល​មក​ទទួលទាន​កាហ្វេ តែប៉ុណ្ណោះ ។ ក្រៅពី​ការតុបតែង​ហាង ផ្ទះ​កាហ្វេ​វប្បធម៌ មាន​បង្រៀន​ឧបករណ៍​រនាត ស្គរធំ និង​ដាក់​សម្លៀកបំពាក់​បុរាណ​ឱ្យ​ភ្ញៀវ​បាន​ស្លៀកពាក់​ផងដែរ​។​
 
​ជា​អ្នកគ្រប់គ្រង​ក្នុង​ផ្ទះការ​ហ្វេ​វប្បធម៌​នេះ អ្នកនាង ស្រា​ន់ វ​ណ្ណេ​ត បាន​និយាយថា គោលបំណង​សំខាន់​ដែលនាំឱ្យ​មានការ​រៀបចំ​ដាក់តាំង​វត្ថុ​បុរាណ​ភ្ជាប់​ជាមួយ​ការលក់​កាហ្វេ​នេះ គឺ​ដើម្បី​ជា​ផ្នែក​មួយ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​វប្បធម៌​ខ្មែរ ទៅកាន់​កូន​ខ្មែរ​។ «​យើង​ផ្ដោត​សំខាន់​លើ​វប្បធម៌​ខ្មែរ ចង់​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​។ យើង​មាន​រៀបចំ​ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ ដាក់​ឧបករណ៍​ភ្លេងខ្មែរ​ជូន​គាត់​រៀន និង​មាន​តាំង​វត្ថុ​បុរាណ​ដែល​យើង​ប្រមូលបាន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង វ​ណ្ណេ​ត​។



បើក​នៅ​ដើមឆ្នាំ​២០១៨ ហាង​កាហ្វេ​នេះ ទទួលបាន​អតិថិជន​ច្រើន​គួរសម ដែលមាន​មកពី​ខេត្ត​ផ្សេងៗ ព្រមទាំង​មកពី​ក្រៅប្រទេស​ផងដែរ នេះ​បើតាម​ការបញ្ជាក់​ពី អ្នកនាង​វ​ណ្ណេ​ត​។ បន្ថែម​ពី​ការតាំង​វត្ថុ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ការបង្រៀន​ភ្លេង និង​ការ​ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ​ពី​សម័យ​លង្វែក និង​សម័យ​ឧត្ដុង្គ ជា​ចំណុច​សំខាន់​មួយទៀត​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​។ ដោយសារតែ​មិនមាន​កម្លាំង​គ្រប់គ្រាន់ អ្នក​ដែលមាន​បំណង​ចង់​រៀន​ភ្លេង ឬ​ស្លៀក​សំលៀកបំពាក់​បុរាណ​ត្រូវតែ​ហៅ​ទូរស័ព្ទ​មក​មុន ដើម្បីឱ្យ​ក្រុមការងារ​រៀបចំ​ជូន​។


 
​សម្រាប់​ការរៀន​ឧបករណ៍​ភ្លេង​រនាត និង​ស្គរធំ បង្រៀន​ដោយ​នាយក​សាលា​ហ្វូណន ដោយ​រៀន​តែ​ថ្ងៃ​អង្គា​រ៍​ពី​ម៉ោង​៣​រសៀល​តទៅ និង​មិនមាន​ការបង់ប្រាក់​ឡើយ​។ ចំណែក​ការ​ស្លៀក​សម្លៀកបំពាក់​បុរាណ​សម្រាប់​សិស្ស ត្រូវ​បង់​វិភាគទាន​៥,០០០​រៀល ហើយ​សម្រាប់​មនុស្ស​ធម្ម​តា​តម្លៃ​ផ្សេង​។​
 
​បើតាម អ្នកគ្រប់គ្រង​ដដែល សម្ភារ​មួយចំនួន​ដូចជា​ឧបករណ៍​ស្បែក​ធំ សម្លៀកបំពាក់​បុរាណ និង​ឧបករណ៍​ភ្លេង​ជាដើម​នោះ ផ្ទះ​កាហ្វេ​វប្បធម៌​បាន​សហការ​ជាមួយនឹង​សាលា​ហ្វូណន ដើម្បី​យកមក​តាំង​បង្ហាញ​។ ជា​ជំហាន​ដំបូង​ផ្ទះ​កាហ្វេ​វប្បធម៌​មានលទ្ធភាព តាំង​សម្ភារ​វប្បធម៌​បាន​ក្នុង​ចំនួន​តិចតួច​នៅឡើយ ព្រោះ​នៅ​ខ្វះ​ថវិកា​។ ក្រោយពី​មានការ​គាំទ្រ​ជា​ជំហាន​បន្ទាប់ ផ្ទះ​កាហ្វេ​វប្បធម៌​មាន​គម្រោង បើក​នៅ​ខេត្តសៀមរាប និង​នៅ​ខេត្តបាត់ដំបង​ផងដែរ​។​
 
​វ​ណ្ណេ​ត បន្ថែម​៖«​ជំហាន​ដំបូង​យើង​ចាប់ផ្ដើម​តែ​ពីរ​សម័យកាល​ទេ ព្រោះ​នៅ​ខ្វះខាត​សម្លៀកបំពាក់ ។ សិស្ស​ចង់​ស្លៀកពាក់​គាត់​អាចជួយ​ជា​មូលនិធិ​ខ្លះទៅ ហើយ​អ្នកធ្វើការ យើង​យក​តម្លៃ​ពី​គាត់​លើសពី​មូលនិធិ​។ ប្រាក់​ដែល​យើង​ទទួលបាន​ពីនេះ យើង​យកទៅ​កាត់​សម្លៀកបំពាក់​បន្ថែម​»​។



​លោក សុខន សុវណ្ណារិទ្ធ គឺជា​អតិថិជន​ប្រចាំ​នៅផ្ទះ​កាហ្វេ​វប្បធម៌​នេះ ចាប់អារម្មណ៍​ពី​ការតាំង​បង្ហាញ​វត្ថុ​ចាស់ៗ ដែលជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​វត្ថុ​ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ច្រើន​ទៀត​។ មក​ទទួលទាន​កាហ្វេ​ស្ទើរ​រាល់ថ្ងៃ សុវណ្ណារិទ្ធ មក​ទីនេះ​ក៏​ព្រោះ​គេ​អាច​រៀន​ឧបករណ៍​រនាត​ដោយ​មិន​គិតថ្លៃ និង​បាន​សិក្សា​ពីអ្វី​ដែលជា​របស់​ខ្មែរ​ផង​។ ជាធម្មតា​ថ្ងៃ​រៀន​ភ្លេង​មានតែ​ថ្ងៃ​អង្គារ​តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ថ្ងៃ​សម្រាក​ពី​ការសិក្សា​ថ្នាក់​ទី​១០​នោះ រិ​ទ្ធ​តែងតែ​មក​ហាត់រៀន​រនាត​ដោយ​ខ្លួនឯង​។​
 
​សុវណ្ណារិទ្ធ បញ្ជាក់​៖«​ខ្ញុំ​មក​រាល់ថ្ងៃ តែ​ថ្ងៃ​ខ្លះ​ក៏​ខាន​ដែរ​។ ខ្ញុំ​ជា​សិស្ស​ធម្មតា តែ​ខ្ញុំ​ស្រឡាញ់​ភ្លេងខ្មែរ​។ នៅទីនេះ​រៀបចំ​ជា​លក្ខណៈ​វប្បធម៌​តែម្ដង​។ យើង​អាច​រៀន​ភ្លេង ហើយ​ស្លៀកពាក់​ជា​លក្ខណៈ​បុរាណ​បាន​ទៀត​»​។



​ចំណែក​យុវ​សិស្ស សំអុន រិទ្ធី វិញ បច្ចុប្បន្ន​មាន​អាយុ​១៧​និង​រៀន​ថ្នាក់​ទី​១១​។ មាន​ស្រុកកំណើត​នៅ​ខណ្ឌឫស្សីកែវ រិទ្ធី​ក៏​តែងតែ​មក​ទទួលទាន​កាហ្វេ​នៅទីនេះ​ជាប្រចាំ​ដែរ​។ ក្រៅពី​រៀន​ឧបករណ៍​រនាត ក្មេងប្រុស​រូបនេះ ចាប់អារម្មណ៍​ខ្លាំង​លើ​ការធ្វើ​ខ្មុក​ស្មាច់​មុខ​ហនុមាន និង​ការ​ប៉ាក់​ឌិន​អាវ​បុរាណ​ខ្មែរ ដែលមាន​នៅក្នុង​ផ្ទះ​កាហ្វេ​វប្បធម៌​នេះ​។

ក្មេងប្រុស​ដែល​ទើបតែ​រៀន​ថ្នាក់​វិទ្យាល័យ​រូបនេះ យល់ឃើញថា បើ​ម្ចាស់​ហាង ឬ​កន្លែង​លក់​ផ្សេងៗ​ទៀត រៀបចំ​តាំង​វត្ថុ​វប្បធម៌​បែបនេះ​ដែរ ជាការ​ចូលរួមចំណែក​ដ៏​ល្អ​មួយ ឱ្យ​កូន​ខ្មែរ​បាន​សិក្សា​ស្វែងយល់​ពី​របៀបរបបរ​ស់​នៅ​របស់​ខ្មែរ​ពី​បុរាណ​។ «​ឱ្យតែ​ជា​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន គាត់​អាច​បើក​ជា​លក្ខណៈ​បុរាណ​បែបនេះ​បាន​។ ចង់ឱ្យ​គាត់​បើក​នៅ​ទីប្រជុំជន ទីមួយ​គាត់​អាច​រកចំណូលបាន​ច្រើន មួយទៀត​គាត់​អាច​ផ្សព្វ​ផ្សាយបាន​ទូលាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ សំអុន រិទ្ធី​។



​ងាក​មក​ចាប់អារម្មណ៍​យុវតី ហៀ​ប ឡាំង​ហ័ន អាយុ​២០​ឆ្នាំ ម្ដង​។ ឡាំង​ហ័ន មក​ផ្ទះ​កាហ្វេ​វប្បធម៌​ក្នុង​បំណង​ស្លៀក​សម្លៀកបំពាក់​បុរាណ​។ ដឹង​ដំណឹង​ថា​មាន​កន្លែង​ស្លៀកពាក់​បុរាណ​តាមរយៈ​មិត្ត​ភ័ក្ដិ និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យុវតី​រូបនេះ មិន​ត្រឹមតែ​មក​ម្នាក់ឯង​ទេ ថែមទាំង​បាន​នាំ​មិត្ត​របស់ខ្លួន​មក​៣​នាក់​ទៀតផង​។ ការ​ស្លៀ​ប​ពាក់​បុរាណ​គឺជា​បំណង​របស់ យុវតី​រូបនេះ​យូរ​មកហើយ តែ​នាង​ទើបតែ​រកឃើញ​កន្លែង​ដែលមាន​តម្លៃ​ធូរ​ថ្លៃ ដែល​អាចឱ្យ​នាង​ជា​សិស្ស​នៅឡើយ​នោះ​មានលទ្ធភាព​។



ឡាំង​ហ័ន បាន​សិក្សា​ពី​ទំនៀមទម្លាប់​ខ្មែរ បាន​មួយចំនួន​ដែរ តាមរយៈ​ជីតា ម្ដាយ​ឪពុក និង​ឯកសារ​មួយចំនួនទៀត ពី​របៀប​រស់នៅ​របស់​ចាស់​បុរាណ​។ ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ឡាំង​ហ័ន ស្នើ​ដល់​កូន​ខ្មែរ​គ្រប់រូប បើក​ចិត្ត​ទូលាយ​សិក្សា​ពីអ្វី​ដែលជា​របស់​ខ្មែរ ឱ្យបាន​ច្បាស់​មុននឹង​ចាប់យក​វប្បធម៌​ដទៃ​។  ឡាំង​ហ័ន បញ្ជាក់បន្ថែម​៖«​ចំពោះ​យោបល់​របស់ខ្ញុំ យុវជន​ជំនាន់​ក្រោយ​គួរតែ​សិក្សា​ពី​វប្បធម៌​របស់ខ្លួន​ឱ្យ​ច្បា​ស់សិន មុន​ចាប់យក​វប្បធម៌​គេ ហើយ​កុំ​ដាក់ខ្លួន​ក្នុង​អន្លង់​មួយ ព្រោះ​វប្បធម៌​គេ​ក៏​ល្អ​ដែរ​។ មនុស្ស​មិនអាច​ធ្វើ​អ្វីដែល​ខ្លួន​មិន​ពេញចិត្ត​បានទេ តែ​ក្នុងនាម​ជា​កូន​ខ្មែរ គួរតែ​សិក្សា​អ្វី​ដែលជា​ខ្មែរ​តាម​សម័យមួយៗ​»​។



​អ្នកគ្រប់គ្រង​ផ្ទះ​កាហ្វេ​វប្បធម៌​អ្នកនាង ស្រា​ន់ វ​ណ្ណេ​ត ចង់ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់រូប ចាប់ផ្ដើម​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ ឱ្យបាន​ច្បាស់លាស់ និង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ផង ដើម្បី​កុំឱ្យ​មានការ​បាត់បង់​នៅ​ថ្ងៃ​ខាងមុខ​។ ស្រា​ន់ វ​ណ្ណេ​ត បញ្ជាក់បន្ថែម​៖«​ចូលចិត្ត​តែ​ផ្អើល​មួយ​ឆាវៗ ស្រឡាញ់​បានតែ​ពេល​ផ្អើល អីចឹង​កុំ​ឱ្យគេ​ថាឱ្យ​យើង​។ យើង​គ្រាន់តែ​ថែរក្សា​វា​មិន​មានអី​ពិបាក​ទេ តែ​ដូនតា​យើង​គាត់​ខំ​បង្កើត និង​ថែរក្សា​មិនដឹង​ត្រូវ​ចំណាយ​កម្លាំងកាយ​ចិត្ត ញើស​ឈាម​ប៉ុណ្ណា ទម្រាំ​សល់​ដល់ពេលនេះ​។ យើង​ត្រូវតែ​ពួតដៃគ្នា រួម​ថែរក្សា​»៕

 










Tag:
 ផ្ទះ​កាហ្វេ​វប្បធម៌​
  វត្ថុ​បុរាណ​
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com