ជាតិ
សង្គមជាតិ
ការីនិពន្ធនៃVOD ៖ ចុះផ្សាយលឿនពេក ដោយខ្វះការពិនិត្យ អាចបង្កើតជាព័ត៌មានមិនពិត លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍ នៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។(កំពុងកាន់ក្បាលមេក្រូ)
× លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍ នៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានលើកឡើងពីបញ្ហាបីយ៉ាង ដែលបណ្តាលឲ្យមានព័ត៌មានក្លែងក្លាយច្រើន នៅលើប្រព័ន្ធអ៊ីនធឺណិត (Online)។
បញ្ហាទាំងបីនោះ រួមមាន ទីមួយ អ្នកផ្សាយព័ត៌មានមិនពិត មានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ ទីពីរ អ្នកកាសែត ចុះផ្សាយព័ត៌មាន ដោយមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ ព្រោះចង់ឲ្យព័ត៌មានរបស់ខ្លួន បានចេញផ្សាយមុនគេ និងមានអ្នកអានច្រើន (Scoop) និងទីបី អ្នកកាសែត លួចព័ត៌មានរបស់ស្ថាប័នដទៃ ដោយគ្រាន់តែដូរចំណងជើងឬខ្លឹមសារតិចតួច។
លោក គុណ ចិន្តា បញ្ជាក់យ៉ាងដូច្នេះថា៖«ព័ត៌មានក្លែងក្លាយ អាចបំផ្លាញដល់សង្គម និងប្រជាធិបតេយ្យ»។ ការថ្លែងរបស់ការីនិពន្ធនរបស់ VOD គឺធ្វើឡើងក្នុងនាមជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនដទៃទៀត នៅក្នុងសិក្ខាសាលាស្តីពីការទប់ស្តាត់ព័ត៌មានក្លែងក្លាយ (Fake News) ដែលរៀបចំដោយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២0១៨នេះ។
អ្នកជំនាញជនជាតិអាមេរិក អ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជាប្រមាណ៤០នាក់ បានជួបជុំគ្នានៅក្នុងសិក្ខាសាលានេះ ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ អ្នកកាសែតកម្ពុជា ដែលធ្លាប់បានចូលរួមវេទិកាអន្តរជាតិក្នុងតំបន់ និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន បានចូលរួមចែករំលែកពិសោធន៍ និងចំណេះដឹងរបស់ពួកគេជាមួយសិក្ខាកាមជាអ្នកសារព័ត៌មាន។
លើសពីនេះទៀត សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអាមេរិក លោកស្រី Maggie Farley បានឡើងធ្វើបទឧទ្ទេសនាមមួយស្តីអំពីបច្ច័យអវិជ្ជមានពិតប្រាកដដែលបង្កដោយព័ត៌មានក្លែងបន្លំ ឬព័ត៌មានក្លែងក្លាយនេះ។ ចំណែក អ្នកសារព័ត៌មានបរទេសជនជាតិអូស្ត្រាលី និងជនជាតិបារាំងពីររូប ក៏បានចូលរួមពន្យល់លម្អិតអំពីបាតុភូតនៃព័ត៌មានក្លែងបន្លំនេះនៅតាមបណ្តាប្រទេសនៅអឺរ៉ុប និងនៅប្រទេសអភិវឌ្ឍផងដែរ។
វាគ្មិនកិត្តិយសផ្សេងៗ រួមមាន លោក ង៉ែត ម៉ូសេ អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលត្រូវធ្វើបទបង្ហាញស្តីពី «សុវត្ថិភាពអនឡាញសម្រាប់អ្នកសារព័ត៌មាន»។ រីឯ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែត Khmer Times លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និង លោក ផាក់ ស៊ាងលី អនុប្រធានក្រុមអ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ ធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី «តួនាទីរបស់អ្នកកាសែត និងការីនិពន្ធកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ដើម្បីបង្កើនភាពជឿជាក់ដល់អ្នកអាន» នៅក្នុងសិក្ខាសាលាខាងលើ។
ជាមួយគ្នានេះផងដែរ លោក Pierre Gillette អគ្គលេខាធិការក្រុមហ៊ុន Confirel និង PPM និងជាអតីតនិពន្ធនាយកកាសែតបារាំងកាំបូដស័រ នឹងពិភាក្សាវែកញែកពីមូលហេតុផ្សេងៗដែលអ្នកសារព័ត៌មានត្រូវចូលរួម និងខ្វល់ខ្វាយពីលំហូរព័ត៌មានក្លែងបន្លំ៕
© រក្សាសិទ្ធិដោយ thmeythmey.com