ជាតិ
បេក្ខជន ឌូ ពុធមូលីតា តំណាងកម្ពុជា ដែលទៅប្រកួតផាត់មុខលំដាប់ពិភពលោក
× ភ្នំពេញ៖ អ្នកនាង ឌូ ពុធមូលីតា គឺជាបេក្ខជនតំណាងឱ្យប្រទេសកម្ពុជា ដែលត្រូវបានកម្មវិធីប្រកួតផាត់មុខដ៏ធំមួយរបស់សហរដ្ឋអាមេរិក មានឈ្មោះថា IMATS battle of the brushes ជ្រើសរើសឱ្យចូលប្រកួតផាត់មុខក្នុងកម្មវិធីរបស់ខ្លួន។ បេក្ខជនរូបនេះត្រូវបានគណៈកម្មការ ជ្រើសរើសឱ្យចូលរួមប្រកួត២វិញ្ញាសាតែម្ដង។
អ្នកនាង ឌូ ពុធមូលីតា នឹងត្រូវចូលរួមប្រកួតផាត់មុខក្នុងកម្មវិធី IMATS battle of the brushes ដ៏ធំរបស់សហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។ វាជាសមត្ថភាពដ៏កម្រមួយសម្រាប់បេក្ខជនកម្ពុជា ដែលមានលទ្ធភាពធ្វើឱ្យគណៈកម្មការពេញចិត្តជ្រើសរើសនាង ដើម្បីប្រកួតប្រជែងផាត់មុខដល់ទៅ២ប្រធានបទ ស្របពេលដែលបេក្ខជនខ្លះមិនជាប់។ វិញ្ញាសា២ដែលត្រូវប្រកួតប្រជែង មានផាត់មុខបែបស្អាត(beauty) និងបែបគួរឱ្យខ្លាច(special effect) ។ ប្រធានបទផាត់បែបស្អាតគឺ «ម្ចាស់ព្រៃ» និងផាត់មុខបែបអាក្រក់គឺ «មនុស្សយន្ត»។
ពុធមូលីតា ដែលគេច្រើនស្គាល់ឈ្មោះថា Apple Love ទទួលបានអាហាររូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិក ជំនាញផាត់មុខបែបស្អាត(beauty) និងបែបគួរឱ្យខ្លាច(special effect) រយៈពេល៨ខែ នៅសាលា Cinema Makeup School។
ក្រោយពីធ្លាប់ធ្លាក់ក្នុងការជ្រើសរើសពីមុនមក ពុធមូលីតា បានព្យាយាមស្រាវជ្រាវឯកសារជាច្រើនទាក់ទងនឹងកម្មវិធីប្រកួតនិងការផាត់មុខ ព្រមទាំងសួរយោបល់ពីអ្នកជំនាញផាត់មុខ ដែលធ្លាប់ទទួលបានពានអូស្កាបន្ថែមផង ដើម្បីជាជំនួយដល់ការដាក់ពាក្យជាថ្មី។ បន្ទាប់ពីដាក់ពាក្យម្ដងទៀត មូលីតា ក៏ត្រូវបានជ្រើសរើសឱ្យជាប់ទៅប្រកួតប្រជែងទាំង២វិញ្ញាសាតែម្ដង ដែលនាងថា វាស្ទើរតែមិនជឿលើខ្លួន ជាប់ក្នុងការជ្រើសរើសនេះ។
កញ្ញា ពុធមូលីតា បញ្ជាក់បន្ថែម៖ «ខ្ញុំឃើញឈ្មោះខ្ញុំជាប់ប្រកួតដល់ទៅ២មុខ ខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំគិតថាប្រហែលជាគេដាក់ឈ្មោះខ្ញុំច្រឡំហើយ តែដល់ខ្ញុំទៅសួរខាងសាលា គេប្រាប់ថាកម្មវិធីពិតជាបានជ្រើសរើសឈ្មោះខ្ញុំឱ្យប្រកួត២មុខមែន ព្រោះគេឃើញថាស្នាដៃខ្ញុំគួរឱ្យចាប់អារម្មណ៍»។
នេះជាក្ដីសុបិនដែលមានតាំងពីយូរមកហើយរបស់អ្នកនាង ពុធមូលីតា ដែលប្រាថ្នាចង់ចូលប្រកួតប្រជែងផាត់មុខ ក្នុងកម្មវិធីលំដាប់ពិភពលោកបែបនេះ។ មូលីតា បញ្ជាក់៖«កម្មវិធីត្រូវការឱ្យយើងថតរូបឱ្យគេ២០សន្លឹក ជារូបដែលយើងផាត់មុខដោយខ្លួនឯង និងថតដោយខ្លួនឯងទៀត។ ហើយខ្ញុំត្រូវស្រាវជ្រាវមូដសម្លៀកបំពាក់ ព័ណ៌ផាត់ និងមកុដ ព្រមទាំងបញ្ចូលអត្ថន័យឱ្យស័ក្តិសមផង។ ក្រៅពីនោះខ្ញុំត្រូវហ្វឹកហាត់ផាត់មុខ ដើម្បីផ្ទៀងនាទី ថាខ្ញុំអាចធ្វើទាន់ពេលដែលគេកំណត់ឬទេ»។
ជាការរំពឹងទុក ឌូ ពុធមូលីតា សង្ឃឹមថាខ្លួនអាចនឹងជាប់ក្នុងកម្មវិធីប្រកួតប្រជែង ដែលមានសាលាផាត់មុខល្បីៗនៅទូទាំងពិភពលលោកចូលរួមនេះ។ តែទោះជាលទ្ធផលបានយ៉ាងណាក៏ដោយ ក៏ មូលីតា ពេញចិត្ត ព្រោះនាងបានព្យាយាមអស់ពីលទ្ធភាព។ «ខ្ញុំមានក្ដីសង្ឃឹមថា ខ្ញុំអាចនឹងជាប់ ព្រោះបើតាមមើលស្នាដៃរបស់ខ្ញុំក៏គ្រាន់បើដែរ ម្យ៉ាងខ្ញុំបានស្រាវជ្រាវច្រើន។ តែទោះជាបានលទ្ធផលយ៉ាងណា ក៏ខ្ញុំបានព្យាយាមអស់លទ្ធភាពដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់ ឌូ ពុធមូលីតា៕
Tag:
ភ្នំពេញ ឌូ ពុធមូលីតា
ផាត់មុខ
Apple Love
© រក្សាសិទ្ធិដោយ thmeythmey.com