អន្តរជាតិ
ព្រះអង្គម្ចាស់​ស៊ុ​ល​តង់​ម៉ាឡេស៊ី​ប្រាប់​និស្សិត​បញ្ចប់​ការសិក្សា​«​កុំ​ឲ្យ​ពើងទ្រូង​ដោយសារ​សញ្ញាបត្រ​ខ្ពស់​»
27, Oct 2018 , 10:59 am        
រូបភាព
ដោយ: ​គី ចំណា
 
​ស្តេច​ស៊ុ​លត​ង់ Ibrahim Sultan Iskandar នៃ​រដ្ឋ Johor របស់​ម៉ាឡេស៊ី​បាន ក្រើនរម្លឹក​ដល់​និស្សិត​ទើបនឹង​បញ្ចប់​ការសិក្សា​ថ្មីៗ​ឲ្យ​ដាក់ខ្លួន និង​កុំ​វាយ​ឬ​ក​ព្រោះ​ខ្លួន​កាន់​សញ្ញាបត្រ​ខ្ពស់​នោះ​។ ទ្រង់​ដាស់តឿន​ថា ភាពជោគជ័យ​របស់​ម​នុស្ស​ម្នាក់ៗ​គ្មាន​ផ្លូវ​កាត់​ឡើយ​។


 
​ថ្លែង​នៅ​ចំពោះមុខ​និស្សិត​នៅ​សកល​វិទ្យាល័យ Tun Hussein Onn ស្តេច​ស៊ុ​ល​តង់​ប្រចាំ​រដ្ឋ Johor មានបន្ទូលថា ទោះបី​ជាមាន​សញ្ញាបត្រ​មួយ​ចេញពី​សកល​វិទ្យាល័យ​រួចហើយ​ក៏ដោយ ប្រសិនបើ​គេ​មិនអាច​រក​ការងារ​ធ្វើបាន​សមរម្យ​ទេនោះ នោះ​វា​ក៏​គ្មាន​តម្លៃ​ដែរ​។​ដូច្នេះហើយ​គេ​មិនគួរ​មាន​មោទកភាព​ជ្រុល​នឹង​សញ្ញាបត្រ​នោះឡើយ​។​
 
​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី Malaysiankini ព្រះអង្គម្ចាស់ Ibrahim ក៏បាន​ពន្យល់ថា មនុស្ស​ម្នាក់ៗ​ត្រូវ ចាប់ផ្តើម​ធ្វើការ​ងារ​ពី​តូច​ទៅ​ធំ​បន្តិច​ម្តងៗ​ដើម្បី​ប្រមូល​បទពិសោធន៍​សំខាន់​នានា​ពី​ការងារ​ទាំងនោះ​។ 
 
​សម្រាប់​ស្តេច​ស៊ុ​លត​ង់​នៃ​រដ្ឋ Johor អង្គ​នេះ ការ​សន្សំ​បទពិសោធន៍ ការខិតខំ​បង្កើន​ជំនាញ និង​ចំណេះដឹង​បន្ត គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​និស្សិត​ដែល​រៀបចំ​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត​ព្រោះ​វា​គ្មាន​ផ្លូវ​កាត់​ឡើយ​។ 
 
​ព្រះអង្គម្ចាស់​ស៊ុ​លត​ង់​មានបន្ទូល​បន្ថែមទៀតថា​៖« នៅពេល​អ្នក​កំពុងធ្វើការ​ងារ អ្នក​គួរ​គប្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​បានល្អ ធ្វើការ​ដោយ​ទំនួល​ខុសត្រូវ ស្មោះត្រង់ និង​បង្កើត​ការទុកចិត្ត​ដល់​អ្នកដទៃ​នៅ​ជុំវិញខ្លួន​»​។ 
 
​ទ្រង់​ក៏បាន​ឆ្លៀត​រម្លឹក​ពី​ការតស៊ូ និង​ទុក្ខលំបាក​របស់​មាតាបិតា​របស់​សិស្ស​ដែល​បាន​លះបង់​ដើម្បី​ការសិក្សា​របស់​កូនៗ​ផងដែរ​។ ជាការ​ដឹងគុណ កូនចៅ​ត្រូវតែ​បង្ហាញ​ការគោរព​ជាការ​តបស្នង​គុណ​ចំពោះ​ពួកគាត់​វិញ​នៅពេល​អនាគត​៕ 
 

Tag:
 ម៉ាឡេស៊ី​
  Ibrahim Sultan Iskandar
© រក្សាសិទ្ធិដោយ thmeythmey.com