លោក ញឹង កាណុល គឺជាគ្រូបង្រៀនច្រៀង និងហ្វឹកហាត់ពត់សំឡេង នៅសាកលវិទ្យាល័យភូមិមិន្ទវិចិត្រសិល្បៈ ក៏ជាគ្រូបង្រៀនច្រៀងនៅសាលាឯកជនផងដែរ។ គ្រូឯកទេសបង្រៀនបទមហោរី អូប៉េរ៉ា និងបទសម័យរូបនេះ បានណែនាំដល់អ្នកដែលមានបំណងចង់ក្លាយជាតារាចម្រៀង ឬ ចង់ច្រៀងបានពីរោះ គួរណាស់តែហ្វឹកហាត់សំឡេងតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការប៉ះពាល់សុខភាព និងបំពង់ក។
មូលដ្ឋានគ្រឹះដំបូងនៃការហ្វឹកហាត់សំឡេងដើម្បីអាចប្រើប្រាស់បានត្រឹមត្រូវ ទីមួយត្រូវធ្វើលំហាត់ប្រាណឱ្យបានយ៉ាងហោចណាស់ ៥នាទីមុនហាត់ច្រៀង ដើម្បីឱ្យសរសៃឈាមរត់ស្រួល។ បន្ទាប់មកត្រូវដកដង្ហើមឱ្យចូលដល់ពោះ ហើយបច្ចេញមកវិញយឺតៗ កាន់តែយូរកាន់តែល្អ។ លំហាត់ប្រាណដង្ហើមនេះ មានសារសំខាន់ គឺដើម្បីទប់លំនឹងសំឡេង និងមិនធ្វើឱ្យប៉ះពាល់ដល់សួតថែមទៀតផង។នេះជាការពន្យល់របស់លោក ញឹង កាណុល។
បើតាមគ្រូបង្រៀនច្រៀងរូបនេះ លំហាត់ប្រាណខាងលើ ជាក្បួនខ្នាត និងបច្ចេកទេសទូទៅ ក្នុងការហ្វឹកហាត់សំឡេង ឱ្យបានត្រឹមត្រូវនិងជួយសុខភាព។ លោក ញឹង កាណុល បញ្ជាក់បន្ថែម៖«យើងត្រូវហ្វឹកហាត់តាមដំណាក់កាលនីមួយៗ ដើម្បីឱ្យបំពង់កបើក។ ការហ្វឹកហាត់នេះត្រូវតែធ្វើជារៀងរាល់ថ្ងៃ»។
ដំណាក់កាលបន្ទាប់គ្រូបង្រៀនរូបនេះថា ត្រូវតែរៀនគ្រហឹម ដើម្បីធ្វើឱ្យបបូរមាត់ញ័រ។ ការជ្រើសរើសបទចម្រៀងណាមួយដែលខ្លួនពេញចិត្ត យកមកហាត់រៀន ជាចំណុចសំខាន់បន្ទាប់ ដែលលោក កាណុល ថាវាជួយឱ្យអ្នករៀនដឹងពីសម្រិតសំឡេងរបស់ខ្លួន។ បច្ចេកទេសហាត់ច្រៀង លោក កាណុល ណែនាំថា ត្រូវតែរៀនច្រៀងតាមម្ចាស់សំនៀងមួយល្បៈម្ដងៗ។
«គាត់គួរតែរៀនឱ្យចេះមួយល្បះសិន ចាំគាត់រៀនទៅមុខមួយល្បះទៀត។ សំខាន់កុំបំភ្លៃទំនុកដើមរបស់គេ ។ គាត់ត្រូវច្រៀងយ៉ាងណាឱ្យដូចម្ចាស់សំនៀងសិន ដល់គាត់យល់ថាពីរោះគ្រប់គ្រាន់ហើយ គាត់អាចរៀនពត់សំឡេងតាមចិត្តគាត់»។ នេះជាការបន្ថែមរបស់លោក កាណុល។
ទោះជាយ៉ាងណា គ្រូដែលមានបទពិសោធន៍ទាំងការរៀននិងបង្រៀនជិត២០ឆ្នាំរូបនេះ ទទូចឱ្យអ្នកដែលមានបំណងចង់ក្លាយជាតារាចម្រៀងអាជីព គួរតែទៅរៀនពីបញ្ចេកទេសផ្សេងទៀតជាមួយគ្រូជំនាញ ដើម្បីឱ្យការច្រៀងមានគុណភាព។
បច្ចេកទេសដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជាមូលដ្ឋានគ្រឹះដំបូងក្នុងការហ្វឹកហាត់សំឡេងតែប៉ុណ្ណោះ។ ចំណែកការពន្យល់ស៊ីជម្រៅផ្សេងទៀត ទាល់តែជួបជាមួយគ្រូជំនាញផ្ទាល់។ គ្រូបង្រៀនរូបនេះ ក៏បើកទូលាយឱ្យអ្នកដែលមានបំណងចង់សួរនាំពីបច្ចេកទេសហាត់ពត់សំឡេង អាចសួរលោកបានផងដែរ៕