ជាតិ
សេដ្ឋកិច្ច
កសិកម្មកម្ពុជា ត្រូវការពឹងផ្អែក SME ក្នុងស្រុក ឬ ក្រុមហ៊ុនធំៗបរទេស?
× ភ្នំពេញ៖ កសិករ ដើរតួជាអ្នកផលិត ប៉ុន្តែបើអត់មានអ្នកប្រមូលទិញ ក៏មិនដឹងថាមានទីផ្សារល្អៗមកពីណា។ កម្ពុជាត្រូវការក្រុមហ៊ុនជាច្រើនទៀត ដែលដើរតួនាទីជាអ្នកស្វែងរកទីផ្សារ ពិសេសទីផ្សារអន្តរជាតិ បង្កើតរោងចក្រកែច្នៃ និងសហការជាមួយកសិករផលិតឲ្យត្រូវតាមទីផ្សារ។ ក្រុមហ៊ុននេះឯង ដែលនឹងធានាទិញកសិផលពីកសិករ ដើម្បីកែច្នៃនាំចេញ។ ចុះបើមានក្រុមហ៊ុនច្រើនវិនិយោគបែបនេះ តើកសិករនឹងសប្បាយដាំ សប្បាយលក់ យ៉ាងណា? ឬមានន័យថានេះជាច្រកធ្វើឲ្យកសិកម្មកម្ពុជាងើបឡើងយ៉ាងរស់រវើក។
ម្យ៉ាងទៀតនេះមិនមែនជារូបភាពធម្មតាៗ ដូចដែលឈ្មួញរកស៊ីធ្វើកន្លងមកនោះទេ។ ឈ្មួញ គឺគ្រាន់តែចាំទិញតាមរដូវប្រមូលផលប៉ុណ្ណោះ មិនបានបង្កើនតម្លៃបន្ថែមដល់ការដាំដុះ គ្មានការច្នៃប្រឌិដ្ឋផលិតផលនោះទេ ហើយក៏គ្មានធានាដល់កសិករដែរ។ ធ្វើបែបនេះ ពិបាកនឹងប្រកួតប្រជែងជាមួយនឹងថៃ និងវៀតណាមណាស់ ព្រោះបរិមាណផលិតផលរបស់គេច្រើនជាង ថ្លៃដើមផលិតគេតិចជាង និងមានការជួយជ្រោមជ្រែងច្រើនពីរដ្ឋាភិបាលរបស់គេទៀតផង។
ដូចនេះ ការវិនិយោគ ដែលក្រុមហ៊ុនដើរតួជាអ្នកសម្របសម្រួល ឬនៅកណ្ដាល រវាងកសិករ និងទីផ្សារ ពិតជាសំខាន់។ ទោះជាល្អ ប៉ុន្តែកន្លងមក មិនទាន់មានសកម្មភាពវិនិយោគបែបនេះច្រើន ឬផុសផុលនៅឡើយ។
តើការវិនិយោគបែបនេះ ត្រូវការអ្នកវិនិយោគខ្មែរ ដែលបោះទុនក្នុងទម្រង់ជាសហគ្រាសធុនតូច និងមធ្យម (SME) ឬក្រុមហ៊ុនធំៗបរទេស? មួយណាល្អជាង?
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ខាងក្រោមនេះ៖
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice យល់ឃើញថា ក្នុងដំណាក់កាលដំបូងក្នុងអំឡុងពេលប្រមាណ ៥ឆ្នាំ កម្ពុជាត្រូវការ SME ឲ្យមានសកម្មភាពរស់រវើកលើការកែច្នៃនាំចេញ។ តែសម្រាប់រយៈពេលវែងទៀត កម្ពុជាត្រូវការក្រុមហ៊ុនធំអន្តរជាតិ ដែលនឹងនាំបច្ចេកវិទ្យាមកកម្ពុជា។
ប៉ុន្តែលោក សារ៉ន អះអាងថា ក្រុមហ៊ុនធំទាំងនោះ ត្រូវតែជាក្រុមហ៊ុនវិនិយោគពិតប្រាកដ ដោយមិនមែនគ្រាន់តែប្រកាសគម្រោងចោលនោះទេ។ លោកថ្លែងដូច្នេះថា៖«ក្រុមហ៊ុនធំ តែជាក្រុមហ៊ុនដែលមានបទពិសោធន៍ពិតប្រាកដ ដែលកំពុងតែវិនិយោគនៅប្រទេសណាមួយ ហើយមកបង្កើតរោងចក្រនៅស្រុកយើង ដែលអាចឲ្យ SME រៀនពីគេ ហើយប្រែក្លាយជាក្រុមហ៊ុនធំដែរ»៕
Tag:
កសិកម្ម
សុង សារ៉ន
SME
© រក្សាសិទ្ធិដោយ thmeythmey.com