ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធិ​៖ រដ្ឋាភិបាល ត្រូវ​ទប់ស្កាត់​ភាពអវិជ្ជមាន​នៃ​ការវិនិយោគ​ចិន ដើម្បី​កុំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ក្នុងប្រទេស​
29, Oct 2018 , 10:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
​ភ្នំពេញ​៖ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ សន្ទុះ​វិនិយោគិន​ចិន បាន​សម្រុក​មករក​ស៊ី​យ៉ាងគំហុក​នៅ​កម្ពុជា ដែលមាន​ដល់​ទៅពាន់​គម្រោង​ក្នុង​មួយឆ្នាំៗ ហើយ​ភាគច្រើន​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ក្រៅពី​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ​។ ចំពោះ​លំហូរ​វិនិយោគ​ចិន​ច្រើន​នេះ វា​គឺជា​រឿង​មួយ​ល្អ សម្រាប់​ចរន្ត​សេដ្ឋកិច្ច​ក្នុងប្រទេស​។ នេះ​បើ​និយាយ​ផ្អែកទៅលើ​ទស្សន​សេដ្ឋកិច្ច​។ ប៉ុន្តែ​បើ​ពិនិត្យមើល​ទៅលើ​ភាពអវិជ្ជមាន​នៃ​កា​រវិនិយោគ​នេះ​វិញ វា​ក៏មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

 
​សហ​ស្ថាបនិក​នៃវិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ លោក ឈាង វណ្ណា​រិ​ទ្ធិ មើលឃើញថា ការវិនិយោគ​ចិន​នេះ មិនទាន់​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ច្រើន​នោះទេ ដោយសារ​ពួកគេ​នាំចូល​កម្មករ​ជំនាញ​មកពី​ប្រទេស​ចិន ហើយ​ខ្វះ​តម្លាភាព និង​ការចែករំលែក​ចំណេះ​ជំនាញ​ដល់ក​ម្មករ ក៏​នៅមានកម្រិត​ទាប​។ ជាពិសេស​បញ្ហា​វិនិយោគ​ចិន ដែល​ផ្ដោតលើ​កាស៊ីណូ ហើយ​នាំ​ផល​អវិជ្ជមាន​ដល់​កម្ពុជា​។​
 
​ដើម្បី​ទប់ស្កាត់​ផល​អវិជ្ជមាន​នៃ​ការវិនិយោគ​ចិន​នេះ រដ្ឋាភិបាល ត្រូវ​រៀបចំ​វិធានការ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការវិនិយោគ​បរទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ក្នុងប្រទេស​នាពេលខាងមុខ​។​
 
​សូម​លោកអ្នក​-​នាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឈាង វណ្ណា​រិ​ទ្ធិ សហ​ស្ថាបនិក​នៃវិទ្យាស្ថានកម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ ដូចតទៅ​៖



 
​បច្ចុប្បន្ននេះ មាន​ប្រទេស​មួយចំនួន​ដូចជា ញូ​វ​ហ្សឺ​លែ​ន ម៉ាឡេស៊ី​ជាដើម បាន​ទប់ស្កាត់​ការវិនិយោគ​ចិន ក្នុងប្រទេស​របស់​ពួកគេ ដោយសារតែ​ពួកគេ​យល់ឃើញថា ការវិនិយោគ​ចិន​មួយចំនួន បាន​នាំ​ឲ្យ​មានការ​ផ្ទុះឡើង​តម្លៃ​អចលនទ្រព្យ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្វះ​លទ្ធភាព ក្នុង​វិស័យនេះ​។ ជាពិសេស​បញ្ហា​បង្ក​អនាធិបតេយ្យ​ផ្សេងៗ​ទៀត ដែល​កើតចេញពី​ការវិនិយោគ និង​លំហូរ​ជន​ជាតិចិន​ក្នុងប្រទេស តាមរយៈ​ការវិនិយោគ​នេះ​។​
 
​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ កម្ពុជា​ក៏ត្រូវ​រៀនសូត្រ​ពី​ប្រទេស​ទាំងនោះ ដើម្បី​ទប់ស្កាត់​ភាពអវិជ្ជមាន​នៃ​ការវិនិយោគ​របស់​ចិន​នេះ ដែល​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កម្ពុជា​។​
 
«​នៅ​ប្រទេស​គេ គេ​មិន​បញ្ឈប់​ការវិនិយោគ​ចិន​នោះទេ ប៉ុន្តែ​គេ​ពិនិត្យឡើងវិញ នូវ​ការវិនិយោគ​ទាំងឡាយណា ដែល​មិន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​គេ គឺ​គេ​ពិនិត្យឡើងវិញ​។ វា​ជាការ​ធ្វើ​មួយ​ត្រឹមត្រូវ​ហើយ​។ ហើយ​យើង​មិន​ចង់ឃើញ​វិនិយោគ​បរទេស​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម នៅ​ប្រទេស​យើង​នោះទេ​។

ដូច្នេះ​វា​អាស្រ័យ​លើ​(​ការគ្រប់គ្រង​) ម្ចាស់ផ្ទះ​ទាំងអស់ ហើយ​យើង​ក៏​មិនអាច​ទៅ​បន្ទោស​ចិន​បានទេ ព្រោះ​អ្នករកស៊ី ឲ្យ​តែ​កន្លែង​ណា​ចំណេញ​គឺ​គេ​ទៅហើយ ។ ប៉ុន្តែ​យើង​ត្រូវ​ធ្វើជា​ច្បាប់ ឬ​ជា​នីតិវិធី​ណាមួយ ដើម្បី​គ្រប់គ្រង​ការវិនិយោគ​ហ្នឹង កុំ​ឲ្យ​វា​ប៉ះពាល់​អវិជ្ជមាន​ទៅដល់​សង្គម និង​បរិស្ថាន​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធិ​។​
 
​តាមរយៈ​លំហូរ​វិនិយោគ​ចិន​មក​កម្ពុជា​យ៉ាងគំហុក​នេះ ក៏មាន​ទស្សនៈ​ជាច្រើន​លើកឡើងថា កម្ពុជា​នឹង​ក្លាយទៅជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន ហើយ​អ្នកខ្លះ​និយាយ​ចំអក​ទៀតថា កម្ពុជា​នឹង​ក្លាយ​ទៅ​តំបន់​ម៉ា​កាវ​ទី​២​របស់​ចិន​ទៀតផង នៅក្នុង​រយៈពេល​៥​ឆ្នាំទៅ​១០​ឆ្នាំ​ខាងមុខនេះ​។ ផ្ទុយ​ពី​ការលើកឡើង​នេះ លោក ឈាង វណ្ណា​រិ​ទ្ធិ មើលឃើញថា កម្ពុជា​មិនអាច​ប្រែក្លាយ​ទៅជា​ខេត្ត​មួយ​របស់​ចិន​ទេ​។ នោះ​ក៏​ព្រោះតែ​កម្ពុជា មាន​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ ស្មើមុខ​មាត់​ជា​ប្រទេស​ដទៃ​។ ម្យ៉ាង​វិញ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏មាន​ឆន្ទៈ​មិន​ចង់​ស្ថិតនៅក្រោម​ប្រទេស​ណាមួយ​ដែរ​៕  
 

Tag:
 ​ឈាង វណ្ណា​រិ​ទ្ធិ​
  ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com