កីឡាជាតិ
ជាតិ
លោក Lee Taehoon ចប់​កិច្ចសន្យា​ជាមួយ FFC ក្រោយ​រួមរស់​ជាង​៧​ឆ្នាំ​
01, Nov 2018 , 4:19 pm        
រូបភាព
ដោយ:
​កិច្ចសន្យា​រវាង​លោក Lee Taehoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឈាន​ដល់ពេល​កំណត់​។ ក្រោយ​រួមរស់​ជាង​៧​ឆ្នាំ​នៅ​កម្ពុជា គ្រូបង្វឹក​កូរ៉េខាងត្បូង​រូបនេះ​ថា ភាពសប្បាយ​រីករាយ និង​ឈឺចាប់​លាយឡំ​គ្នា​។ តែ​យ៉ាងណា លោក អរគុណ​ដល់​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និង​អ្នកគាំទ្រ ដែល​បាន​ជួយ​ជ្រោមជ្រែង ទំនុកបម្រុង និង​ផ្តល់​កម្លាំងចិត្ត​កន្លងមក​។ 

 
 
​លោក Lee Tae Hoon ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដំបូង​ពី​២០១០-២០១២​។ បន្ទាប់មក​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ ត្រូវបានតែងតាំង​ឲ្យ​ដឹកនាំ​ជា​លើក​ទី​២​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៦ មុន​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ​ពី​ឆ្នាំ​២០១៦-២០១៨​។ ការផ្លាស់ប្តូរ​នេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតាំង​លោក Leonardo Vitorino ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។   


 
​ក្រៅពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ លោក Lee ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ និង​២៣​ឆ្នាំ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​ដូចជា វគ្គ​ជម្រុះ World Cup(២០១៤, ២០១៨), SEA Games (២០១១, ២០១៣, ២០១៥) និង AFF Suzuki Cup (២០១០, ២០១៤, ២០១៦)​ជាដើម​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គ្រូបង្វឹក​កូរ៉េខាងត្បូង​រូបនេះ ជា​អ្នក​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា តាមរយៈ​ការដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើង​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយ​យកឈ្នះ​ក្រុម​ម៉ា​កាវ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-១ នា​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​៕ 
 

Tag:
 បាល់ទាត់​
  Lee Taehoon
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com