ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធាន​សភា​ចិន​៖ ទោះជា​លោកខាងលិច និយាយ​បែបណា​ក្តី តែ​ប្រជាជន​ជាង​១​ពាន់​លាន​នាក់ ស្គាល់​សម្ដេច ហ៊ុន សែន ច្បាស់​
04, Nov 2018 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន បាន​លើកឡើងថា​ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន និង​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ ស្គាល់ចិត្ត​គ្នា ក្លាយជា​មិត្ត​ដែកថែប​។ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លើកឡើង​បែបនេះ​ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនៈកិច្ច​កម្ពុជា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ។



​លោក ចាង ឈុន​ហ្ស៊ា​ន បាន​និយាយថា ចិន​គឺ​តែងតែ​គោរព និង​គាំទ្រ​គោលនយោបាយ​កម្ពុជា ដោយ​ឥតមាន​លក្ខខណ្ឌ និង​ស្របតាម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​រដ្ឋាភិបាល​កម្ពុជា​។ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​រូបនេះ បាន​បញ្ជាក់ថា​៖ «​បើទោះបីជា​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន បាន​សម្តែង​មតិ​ពីនេះ​ពី​នោះ ស្តីពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ប្រជាជន​ចិន ជាង​១​ពាន់​លាន​នាក់ គឺ​ស្គាល់ឈ្មោះ​ច្បាស់ និង​គាំទ្រ​សម្តេច ហ៊ុន សែន​»​។​
 
​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី បាន​និយាយថា កម្ពុ​ជាមាន​ឯករាជ្យភាព​ផ្នែក​នយោបាយ​ដ៏​រឹងមាំ​នេះ ដោយសារ​មាន​ចិន​ជា​ខ្នងបង្អែក​។ «​ចិន​មកជួយ​កម្ពុជា គិត​ចាប់តាំងពី​ជំនួយឥតសំណង់ សម្បទាន ពី​ការឧបត្ថម្ភ​ផ្សេងៗ ទាំង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ គឺ​កម្ពុជា​មិនអាច​កសាង​ប្រទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​នោះទេ បើ​គ្មាន​ជំនួយ​ពី​ចិន​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​កសាង​ទំនាក់ទំនង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​។​
 
​ក្រៅពី​និយាយ​ពី​រឿង​ទំនាក់ទំនង​នេះ សម្ដេច ហ៊ុន សែន ក៏​លើក​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែរ​ថា នៅក្នុង​ឆ្នាំ​២០១៨​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងមាន​ក្នុង​រង្វង់​៧,៣​ភាគរយ ដែលជា​កំណើន​ខ្ពស់បំផុត នៅក្នុង​តំបន់ ។ ហើយ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩​ខាងមុខ កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​នឹងមាន​លើសពី​៧​ភាគរយ​ផងដែរ បើទោះបីជា​មានការ​គំរាម​កំហែង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប (EBA) ក៏ដោយ​។ 
 
​ត្រង់ចំណុច​លោក ចាង ឈុន​ហ្ស៊ា​ន សន្យាថា ចិន​នឹង​ជួយ​ជំរុញ​ទីផ្សារ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន បន្ថែមទៀត​។ «​ទីផ្សារ​ចិន​ធំ​ណាស់ ដូច្នេះហើយ លោក​នឹង​ប្រាប់​ទៅកាន់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន ឲ្យ​ខិតខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន សម្រាប់​ទំនិញ​កម្ពុជា​។ កម្ពុជា​គួរតែ​រក​ទីផ្សារ​បន្ថែមទៀត ដូចជា​ទីផ្សារ​ជប៉ុន ទីផ្សារ​រុស្ស៊ី ព្រោះថា​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា គឺមាន​គុណភាព​ខ្ពស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អនុប្រធានរដ្ឋសភា​ចិន​៕
 

Tag:
 ហ៊ុន សែន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com