ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​ថា គ្រាន់តែ​គេង​បែរ​ទៅខាង​ឆ្វេង សុខភាព​រាងកាយ​នឹង​ប្រែជា​ល្អប្រសើរ​យ៉ាងនេះ​ជាក់​ជាមិនខាន​
10, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ម្នាក់ៗ គឺ​គេង​ក្នុង​ទីតាំង​បែប​ផ្សេងៗ​ពីគ្នា​។ ជាធម្មតា យើង​ជ្រើសរើស​គេង​ទីតាំង​ណា​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​អារម្មណ៍​សុខ​ស្រួល​មាន​ផាសុកភាព ឬ​ងាយ​គេង​។​ទោះជា​យ៉ាងណា ប្រហែលជា​អ្នក​មិនបាន​ដឹង​អំពី​រឿងនេះ​ទេ​មើលទៅ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​បែរ ឬ​ផ្អៀង​ទៅខាង​ឆ្វេង​នោះ អ្នកនឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព​!



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​គេង​ផ្អៀង​បែរ​ទៅខាង​ឆ្វេង ៖
 
១. ល្អប្រសើរ​សម្រាប់​ដំណើរការ​មុខងារ​នៃ​បេះដូង​
 
​ផ្នែក​ខាងឆ្វេង​នៃ​បេះដូង​បូម​ឈាម​ឆ្ពោះទៅកាន់​រាងកាយ​។ នេះហើយ​ជា​មូលហេតុ​សមស្រប​មួយ​ដែល​អ្នក​គួរ​គេង​នៅ​ខាងឆ្វេង ដើម្បី​ផ្ដល់​ភាពងាយស្រួល​សម្រាប់​បេះដូង​ក្នុងការ​ដំណើរការ​មុខងារ​ដោយ​ប្រក្រតី​ទោះបីជា​កំឡុងពេល​អ្នក​កំពុង​គេង​។ លើសពីនេះទៅទៀត ការ​គេង​ក្នុង​ទីតាំង​បែបនេះ ក៏​អាចជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ប្រើប្រាស់​ទំនាញ​ជា​ប្រយោជន៍​សម្រាល​បន្ទុក​បូម​ឈាម​នៃ​បេះដូង​ផងដែរ​។​
 
២. អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
 
​គ្មានអ្វី​ខុស​ទេ ប្រសិនបើ​អ្នកសម្រេចចិត្ត​គេង​បែរ​ទៅខាង​ស្ដាំ​កំឡុងពេល​មាន​ផ្ទៃពោះ​នោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គេង​បែរ​ទៅខាង​ឆ្វេង អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​បន្ថែម ជាពិសេស​កំឡុង​ត្រីមាស​ចុងក្រោយ​។ អត្ថប្រយោជន៍​នោះ គឺ​វា​អាចជួយ​ធ្វើ​ឲ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង និង​សង្គ្រោះ​ថ្លើម​ពី​ទម្ងន់​ដែល​លើស ដោយ​ការអនុញ្ញាត​ឲ្យ​ថ្លើម​ដំណើរការ​មុខងារ​ផ្សេងទៀត​របស់​វា​។​
 
៣. បង្កើន​ភាពល្អប្រសើរ​នៃ​ប្រព័ន្ធ​ទឹករងៃ​
 
​ប្រព័ន្ធ​ទឹករងៃ គឺ​បញ្ចេញ​ភាពកខ្វក់ និង​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ យោងតាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ទឹករងៃ​ហូរ​ចូលទៅក្នុង​ស​សៃ​ឈាម thoracic duct ដែលមាន​ទីតាំងនៅ​ខាងឆ្វេង​។ នេះហើយ​ជា​មូល​ហេតុដែល​អ្នកនឹង​ទទួលបាន​ប្រយោជន៍​ពី​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង ដោយសារតែ​ក្នុងការ​គេង​របៀបនេះ​ជួយ​ព​ន្លឿ​ន និង​សម្រួល​ដល់​ដំណើរការ​នៃ​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ លើសពីនេះទៅទៀត ប្រព័ន្ធ​ទឹករងៃ​ប្រមូលផ្ដុំ​ប្រូតេអ៊ីន​ដែល​គេច​ចេញពី​កោសិកា​។ ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅខាង​ឆ្វេង អ្នកនឹង​អាច​នាំ​ប្រូតេអ៊ីន​ទាំងអស់នោះ​ទៅកាន់​កន្លែង​ដែល​វា​គួរ​នៅ​វិញ​បាន​។​

៤. ជួយ​ថ្លើម​មិន​ឲ្យ​កកស្ទះ​ឈាម​
 
​ថ្លើម គឺមាន​ទីតាំងនៅ​ខាងស្ដាំ​នៃ​រាងកាយ ហើយ​វា​អាច​នឹង​ស្ទះ​កកឈាម​ប្រសិនបើ​អ្នកចំណាយ​រាប់​ម៉ោង​គេង​បែរ​ទៅខាង​ស្ដាំ​ជាប់​រហូត​។ ការ​គេង​ផ្អៀង​ទៅ​ឆ្វេង គឺ​ដើម្បី​រក្សា​សារធាតុ​មិនល្អ​ផ្សេងៗ រួមទាំង​ជាតិពុល​ឲ្យ​ទទួល​បានការ​បន្សាប​ដោយ​ថ្លើម នៅ​មុនពេល​បញ្ចេញ​ទៅ​ក្រៅ​រាងកាយ ឬ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម​។​

៥. បង្កើន​មុខងារ​នៃ​ផាល (Spleen)
 
​ផាល គឺជា​សរីរាង្គ​ក្នុង​រាងកាយ​ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទឹករងៃ​។ វា​មាន​ទីតាំងនៅ​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ ហើយ​ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅខាង​ឆ្វេង​ដែល​នោះ អ្នកនឹង​អាចជួយ​ឲ្យ​ផាល​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរឡើង​។ អ្វីដែល​កើតឡើង គឺ​ទំនាញ​ជួយ​បង្កើន​លំ​ហូរឈាម​ទៅកាន់​ផាល និង​អនុញ្ញាត​ឲ្យ​វា​ច្រោះ​ភាពកខ្វក់​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។​

៦. ទប់ស្កាត់​បញ្ហា​ក្រហាយ​ទ្រូង​នៅពេល​យប់​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នោះ អ្នក​គួរ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​ទើប​ប្រសើរ​។ នៅពេល​អ្នក​គេង​ក្នុង​ទីតាំង​បែបនេះ ក្រពះ គឺ​នឹង​ស្ថិតនៅក្រោម​បំពង់​អាហារ​។ ដូច្នេះ​ទឹក​អាស៊ីត​ក្រពះ​មិនអាច​ច្រាល​ត្រឡប់​ចូលទៅក្នុង​បំពង់​អាហារ​វិញ​បានឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com