ជាតិ
សម្ដេច ស ខេង ហាមអភិបាលខេត្តថ្មី លុបបំបាត់ស្នាដៃអភិបាលខេត្តចាស់ចោល រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ អភិបាលខេត្តចាស់ប្រឹងបន្សល់ទុកសមិទ្ធផលល្អៗ សម្រាប់អ្នកជំនាន់ក្រោយ ប៉ុន្តែអ្នកថ្មីឡើងមក បែជាលុបស្នាដៃអ្នកចាស់ចោលទៅវិញ ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលហាមអភិបាលខេត្តថ្មី ធ្វើសកម្មភាពអវិជ្ជមានបែបនេះ។
សម្ដេច ស ខេង ដែលធ្លាប់បានឃើញអភិបាលខេត្តថ្មីខ្លះ បានធ្វើសកម្មភាពមិនត្រឹមត្រូវនេះ ចាត់ទុកទង្វើរបស់ពួកគេជាការបំផ្លាញ និងបំបាក់ទឹកចិត្តរបស់អ្នកចាស់ ដែលខិតខំប្រឹងប្រែងកសាងស្នាដៃ ដើម្បីប្រទេសជាតិ។
សូមស្ដាប់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖
ថ្លែងក្នុងពិធីប្រគល់តំណែងអភិបាលខេត្តត្បូងឃ្មុំ ទៅលោក ជាម ច័ន្ទសោភ័ណ្ឌ ជំនួសលោក លី ឡេង នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ សម្ដេច ស ខេង បាននិយាយដោយមិនចំឈ្មោះដូច្នេះថា ៖«វាមានខេត្តខ្លះអញ្ចេះ តែខ្ញុំមិនបញ្ចេញឈ្មោះទេ។ អ្នកមុន(អភិបាលខេត្តចាស់)គ្នាខំករវែក ករឆ្នាំងទៅ បានសមិទ្ធផល ហើយខ្លួនឯង(អ្នកត្រៀមឡើងអភិបាលថ្មី) នៅពេលហ្នឹងគឺមិនធ្វើទេ ហើយរវល់ទៅនេះបន្តិច រវល់ទៅនោះបន្តិច។ ដល់ពេលយកអ្នកចាស់ចេញ ហើយត្រូវតែងតាំងគាត់មកជំនួស គាត់ចាប់ផ្ដើមធ្វើប៉ុន្តែគាត់ទៅលុបស្នាដៃរបស់អ្នកចាស់ចោល។ នែក៎! ខ្ញុំហាមត្រង់ហ្នឹងណា! វារលាយហ្មងបើធ្វើអ៊ីចឹង ទៅឈូសទៅឆាយចោល ហើយមិននិយាយគ្នា វាទើសស្អីគ្រាន់តែប៉ុណ្ណឹង»។
បើតាមសម្ដេច ស ខេង អភិបាលខេត្តថ្មី មិនគួរលុបបំបាត់សមិទ្ធផលរបស់អ្នកចាស់ចោលទេ ពោលគឺត្រូវជួយបន្តរក្សាទុកទាំងអស់គ្នា ដើម្បីបង្ហាញពីស្នាដៃរបស់ចៅហ្វាយខេត្តពីមួយជំនាន់ទៅមួយជំនាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com