ជាតិ
បុណ្យអុំទូក
មេជាង​ធ្វើ​ទូក​«​ង​»​វែង​ជាងគេ​៖«​ខ្ញុំ​ចាប់​អាជីព​នេះ ព្រោះ​ចង់បង្ហាញ​ថ្វីដៃ ដែល​បាន​រៀន​ពី​ចាស់ៗ​ជំនាន់​មុន​»
21, Nov 2018 , 7:59 am        
រូបភាព
លោក គី ឡេង មេជាងធ្វើទូក«ង» របស់កម្ពុជា ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក   ជាងគេ
លោក គី ឡេង មេជាងធ្វើទូក«ង» របស់កម្ពុជា ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ជាងគេ
​ភ្នំពេញ​៖ ទូក​«​ង​»​វែង​ជាងគេ​របស់​កម្ពុជា ទើបតែ​បានជា​ប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​កាលពីពេល​ថ្មីៗ​នេះ​។ លោក គា ឡេង និង​កូនជាង​ចំណានៗ​ប្រមាណ​១០​នាក់​ទៀត ជា​អ្នក​រចនា និង​ផលិត​ទូក​«​ង​» វែង​ជាងគេ​នេះ​ឡើង​។ លោក គា ឡេង ដែលមាន​ពិសោធន៍​ធ្វើ​ទូក​ជាង​២០​ឆ្នាំ​មកហើយ​នោះ បញ្ជាក់ថា​ខ្លួន និង​កូនជាង​ទាំងអស់ ពិតជា​មោទកភាព​យ៉ាងខ្លាំង ដែល​ទូក​«​ង​»​ក្រោម​ថ្វី​ដៃ​ក្រុម​ខ្លួន​បានទទួល​ងារ​ជាង​ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក​នាពេលនេះ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក គា ឡេង បាន​រំ​ឮ​ក​មូល​ហេតុដែល​លោក​ចាប់ផ្តើម​អាជីព​ជា​អ្នកធ្វើ​ទូក​នេះ ព្រោះតែ​លោក​ស្រឡាញ់ និង​ចូលចិត្ត​។ ជាពិសេស គឺ​ចង់បង្ហាញ​ថ្វី​ដៃ ដែល​ខ្លួន​បាន​រៀន​ចេះ​ពី​អ្នក​ជំនាន់​មុន​។​

 
​ទូក​«​ង​»​វែង​ជាងគេ​របស់​កម្ពុជា ដែល​បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ត្រូវបាន​ផលិតឡើង ក្រោម​សា្ន​ដៃ​កីឡាករ​អុំទូក​ជាច្រើនរូប​ដែល​សុទ្ធសឹង​មាន​ពិសោធន៍​ច្រើន​ឆ្នាំ​។ លោក គា ឡេង ជា​មេជាង​ធ្វើ​ទូក​ដ៏​វែង​នេះ​។ លោក​មានបទពិសោធន៍​ធ្វើ​ទូក​«​ង​»​នេះ ជាង​២០​ឆ្នាំ​មកហើយ​។ បុរស​វ័យ​៥១​ឆ្នាំ​រូបនេះ ក៏​ជា​កីឡាករ​ផងដែរ ដែល​ទូក​របស់គាត់​តែងតែ​ចូលរួម​ប្រណាំង​នៅ​ទន្លេចតុមុខ ជា​រៀងរាល់ឆ្នាំ​។ 


 
​លោក គា ឡេង ឲ្យ​ដឹងថា លោក​ចាប់​ផ្តើមធ្វើ​ទូក ព្រម​ពេល​ជាមួយគ្នា​ដែល​លោក​ចាប់ផ្តើម​ចូលរួម​ប្រកួត​អុំទូក​នៅ​ទីក្រុង​ភ្នំពេញ ពោលគឺ​នៅ​គ្រា​ដែល​លោក​មាន​វ័យ​ប្រមាណ​២៨​ឆ្នាំ​។ ព្រោះតែ​ស្រឡាញ់ និង​ចូលចិត្ត​ទូក ទើប​លោក គា ឡេង ចាប់​អាជីព​ជាជាង​ធ្វើ​ទូក​។ ប៉ុន្តែ​ហេតុផល​ដ៏​សំខាន់​មួយទៀត​នោះ គឺ​លោក​ចង់បង្ហាញ​ថ្វីដៃ ដែល​លោក​បាន​រៀន​ចេះ​ពី​មនុស្ស​ចាស់​ជំនាន់​មុន​។ «​ហេតុផល​ចាប់យក​អាជីព​ជាជាង​ទូក​នេះ  ដោយសារ​ខ្ញុំ​ស្រលាញ់ និង​ការចូល​ចិត្ត​ទូក​។ ម្យ៉ាងទៀត ខ្ញុំ​ចង់បង្ហាញ​ស្នាដៃ​របស់ខ្ញុំ​ដែល​រៀន​ចេះ​ពី​មនុស្ស​ចាស់​ជំនាន់​មុន តាមរយៈ​ការប្រកបមុខរបរ​នេះ​ឡើង​»​។​


បុរសពាក់អាវខ្មៅ ជាមេជាងធ្វើទូក វែងជាងគេនៅលើពិភពលោក លោក គា ឡេង ស្ថិតនៅក្នុងពិធីអុំទូក នៅខេត្តពោធិ៍សាត់
 
​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ លោក គា ឡេង ដែល​ចេះ​ធ្វើ​ទូក​ជាង​២០​ឆ្នាំ​មកនេះ អះអាងថា​ភាគច្រើន​លោក​ផលិត​ទូក​«​ង​»​វែង ដែលមាន​ចំណុះ​កីឡា​ករពី​៧៣ ទៅ​៧៥​នាក់​។ លោក ឡេង ឲ្យ​ដឹង​ទៀតថា ទូកវែង​មួយ​ត្រូវ​ចំណាយ​ថវិកា​ជា​មធ្យម ១​ម៉ឺន​ដុល្លារ និង​ចំណាយ​ពេលធ្វើ​ប្រមាណ​១​ខែ ដោយមាន​ជាង​ធ្វើ​ពី ៤ ទៅ​៥​នាក់​។ តម្លៃ និង​ពេលវេលា​ទាំងនេះ មិន​រាប់បញ្ចូល លើ​ការ​ឆ្លាក់​ក្បាច់ និង​ការ​រចនា​រូប លើ​ដងខ្លួន​ទូក ឬ​ក្បាលទូក​នោះទេ​។ នេះ​បើតាម​លោក គា ឡេង ដែល​បញ្ជាក់ទៀតថា លោក ក៏បាន​ធ្វើ​ទូក សម្រាប់​អ្នកនេសាទ​បាន​មួយចំនួន​ដែរ​៕ 
 

Tag:
 ទូក​
  កីឡាករ​
  គា ឡេង​
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com