អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ​៖ ទំនាក់ទំនង​អន្តរ​កូរ៉េ មិនគួរ​ទៅមុខ​លឿន​ជាង​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ​
21, Nov 2018 , 1:49 pm        
រូបភាព
​ខណៈ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​គ្មាន​ដំណើរការ ទំនាក់ទំនង​អន្តរ​កូរ៉េ​បែរជា​ស្រស់បំព្រង​ទៅវិញ​។ ដំណើរ​បញ្ច្រាស់​គ្នា​នេះ ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ អាច​គ្មាន​ប្រសិទ្ធភាព​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ក៏​និយាយថា អាមេរិក​ចង់ឃើញ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ និង​ការរំសាយ​នុយ​ក្លេ​អែរ​ដើរ​ទន្ទឹមគ្នា​។​

 
​ទំនាក់ទំនង​បងប្អូន​កូរ៉េខាងជើង និង​ខាងត្បូង គឺជា​រឿង​ល្អ ព្រោះ​នាំ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ដេ​ល​ធ្លាប់​តានតឹង​នោះ ប្រែ​ទៅជា​ធូរស្រាល​កក់ក្ដៅ​វិញ​។ មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ជួបគ្នា​ដល់​ទៅ​៣​ដង​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង និង​សម្រេចបាន​កិច្ចព្រមព្រៀង​ជាច្រើន​សំដៅ​កាត់បន្ថយ​ការប្រឈមមុខ​ផ្នែក​យោធា​នៅតាម​បណ្ដោយ​ព្រំដែន​គោក និង​ព្រំ​ដែនទឹក​។ យ៉ាងណាមិញ ភាព​ល្អូក​ល្អូ​ន​រវាង​កូរ៉េ​ទាំងពីរ​នេះ​កំពុង​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ លើកឡើងថា អាមេរិក​មិន​ចង់​ឲ្យ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​មានដំណើរ​យឺត​ជាង​ការពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឡើយ​។ សម្ដី​របស់លោក ប៉ុ​ម​ប៉េ​អូ ជាការ​បង្ហាញ​ក្ដីបារម្ភ​ថា ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ដែល​កំពុង​ល្អប្រសើរ​អាចធ្វើ​ប៉ះពាល់​ទណ្ឌកម្ម​រាប់សិប​ជាន់​ដែល​ដាក់​លើ​កូរ៉េខាងជើង​ជុំវិញ​សកម្មភាព​សាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​។​
 
«​យើង​បាន​ប្រាប់​កូរ៉េខាងត្បូង​ច្បាស់​ហើយ​ថា យើង​មិន​ចង់​ឲ្យ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ និង​ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង ដើរ​ក្រោយ​ការកើនឡើង​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឡើយ​។ យើង​ចាត់ទុក​ដំណើរការ​ទាំងពីរ​ជា​កង់រទេះ ដែល​ទៅមុខ​ជាមួយគ្នា និង​ជា​ដំណើរ​ស្របគ្នា​ដ៏​សំខាន់​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ុ​ម​ប៉េ​អូ ដែល​ទទួលបន្ទុក​ការចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​។​
 
​យ៉ាងណាក្ដី ការចរចា​ប៉ុន្មាន​ដង​រវាង​អាមេរិក និង​កូរ៉េខាងជើង​មិនបាន​ផល​អ្វី​ទេ ខណៈ​ភាគី​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ​ផ្ទុយគ្នា​ដដែល​។ កូរ៉េខាងជើង ដែល​បាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​មជ្ឈមណ្ឌល​មី​ស៊ី​ល​មួយកន្លែង​នោះ ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​តប​វិញ​ដើម្បី​ជាការ​លើកទឹកចិត្ត​ខ្លួន​។ ប៉ុន្តែ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​ឲ្យ​ជាក់ស្ដែង​ជាង​ពេលមុនៗ សឹម​ខ្លួន​ផ្ដល់​រង្វាន់​ដែល​អាចជា​ការព្យួរ​ទណ្ឌ​កម្ម ឬក៏​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ផ្លូវការ​។​
 
​កូរ៉េខាងត្បូង​ក្រោម​អាណត្តិ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​អនុវត្ត​នយោបាយ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង ជាជាង​នយោបាយ​បង្ករឿង​។ ជាមួយ​គោលនយោបាយ​នេះ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង​ខិតជិត​គ្នា​កាន់​តែង​ខ្លាំង ហើយ​នៅពេល​ជួបគ្នា​ម្ដងៗ លោក មូ​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តែង​បង្ហាញ​ភាពស្និទ្ធស្នាល​ខ្លាំង​ទៀតផង​។ កូរ៉េ​ទាំងពីរ ក៏បាន​អនុវត្ត​ជា​ហូរហែ​នូវ​សកម្មភាព​រួមគ្នា​ដូចជា​ការដោះមីន​តាម​ព្រំដែន ការកម្ទេច​ប៉ុស្តិ៍​យាម និង​គម្រោង​ភ្ជាប់​ផ្លូវដែក​អន្តរ​កូរ៉េ​ផង​។​

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com