អន្តរជាតិ
រចនាសម្ព័ន្ធ​បក្ស​កុម្មុយនីស្ត​ចិន​មាន​លក្ខណៈ​ដូចម្តេច​?
21, Nov 2018 , 3:02 pm        
រូបភាព
ចិន​ជា​ប្រទេស​ឯក​បក្ស ហើយ​បក្ស​កាន់អំណាច គឺ​បក្ស​កុម្មុយនីស្ត​ចិន (CPC) ដែល​សមាជិក​ជាង​៩០​លាន​នាក់​។ បក្ស​កុម្មុយនីស្ត​ចិន​ដែល​ចាប់កំណើត​នៅ​ឆ្នាំ​១៩២១ មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​តាំងពី​ថ្នាក់ជាតិ ថ្នាក់​តំបន់ ថ្នាក់មូលដ្ឋាន និង​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ​ផងដែរ​។ គណៈកម្មាធិការ​មជ្ឈិម ជា​ស្ថាប័ន​មានអំណាច​របស់​បក្ស ដែលមាន​លោក ស៊ី ជិន​ភីង ជា​អគ្គលេខាធិការ​។

 
​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន ជា​ស្ថាប័ន​មានអំណាច​ខ្ពស់​ជាងគេ​នៅពេលដែល​សមាជជាតិ មិន​ស្ថិត​ក្នុងពេល​ប្រជុំ​។ ក្រោយ​សមាជ​លើក​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន មាន​សមាជិក​ពេញសិទ្ធិ​២០៥​នាក់ និង​សមាជិក​បម្រុង​១៧១​នាក់​។ គណៈកម្មាធិការ​មជ្ឈិម​ត្រូវបាន​កោះប្រជុំ​ពេញអង្គ​យ៉ាងតិចណាស់​ម្ដង​ក្នុង​មួយឆ្នាំ​ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​នានា​របស់​បក្ស និង​គោលនយោបាយ​សំខាន់​ផ្សេងទៀត​។​
 
​ដោយសារ​គណៈកម្មាធិកា​រ​មជ្ឈិម​មាន​សមាជិក​ច្រើន ពិបាក​ជួបប្រជុំ​នោះ ការងារ​សំខាន់ៗ​ធ្លាក់​ទៅលើ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​។ ស្ថាប័ន​នេះ មាន​សមាជិក​២៥​នាក់ និង​មានអំណាច​ខ្ពស់​ជាងគេ ពេល​គណៈកម្មាធិការ​ម​ជ្ឈិ​ម​មិន​ស្ថិត​ក្នុងពេល​ប្រជុំ​របស់ខ្លួន​។ សមាជិក​ទាំងអស់​នៃ​ការិយាល័យ​នយោបាយ ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​មជ្ឈិម ហើយ​សុទ្ធតែ​កាន់តំណែង​ធំៗ​ទាំង​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​។ 
 
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម ប្រមូលផ្ដុំ​ដោយ​មេដឹកនាំ​ជាន់ខ្ពស់​ទាំង​៧​នាក់ និង​ជា​ស្ថាប័ន​សម្រេចចិត្ត​ខ្ពស់​បង្អស់​ក្នុង​ការិយាល័យ​នយោបាយ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ តែង​ជួបប្រជុំ​ញឹកញាប់ និង​សម្រេច​រាល់​ការងារ​សំខាន់ៗ ដោយ​មិនចាំបាច់​ឆ្លង​យោបល់ ឬ​ពិភាក្សា​ការសម្រេចចិត្ត​នោះ​ក្នុង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​ឡើយ​។ និយាយ​ឲ្យ​ខ្លី គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ ជា​ស្ថាប័ន​ក្ដាប់​អំណាច​ពិតប្រាកដ​របស់​បក្ស​កុម្មុយនីស្ត ក៏ដូចជា​ចិន​ទាំងមូល​។​
 
​សមាជិក​ទាំង​៧​នាក់​តាម​លំដាប់​អំណាច​មាន​ដូចនេះ​៖១. អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស ស៊ី ជិន​ភីង និង​ជា​ប្រធានាធិបតី​, ២. លី ខឹ​ឈាំ​ង (​នាយករដ្ឋមន្ត្រី​), ៣. លី ចាន់​ស៊ូ (​ប្រធានសភា​តំណាង​ប្រជាជន​), ៤. វ៉ាង យ៉ាង (​ប្រធានសភា​ពិគ្រោះ​យោបល់​), ៥. វ៉ាង ហ៊ូ​នី​ង (​ប្រធាន​គណៈកម្មការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ​របស​បក្ស​), ៦. ចាវ ឡឺ​ជី (​ប្រធាន​គណៈកម្មការ​ម​ជ្ឈិ​ម​ត្រួតពិនិត្យ​វិន័យ​របស់​បក្ស​) និង​៧. ហាន ជឹ​ង (​ឧបនាយករដ្ឋមន្ត្រី​ទី​១)៕
 

Tag:
 ស៊ី ជិន​ភីង​
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com