អន្តរជាតិ
ឃាតកម្ម​អ្នកកាសែត Khashoggi៖​លោក ត្រាំ ថា អាមេរិក​ឈរ​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត​
21, Nov 2018 , 9:29 pm        
រូបភាព
លោក ដូណាល់ ត្រាំ ចាប់ដៃរជ្ជទាយាទអារ៉ាប៊ីសាអូឌីត (រូបភាព AP)
លោក ដូណាល់ ត្រាំ ចាប់ដៃរជ្ជទាយាទអារ៉ាប៊ីសាអូឌីត (រូបភាព AP)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា បានប្រកាសថា អាមេរិក​នឹង​នៅតែ​ជា​ដៃគូ​ឥត​ងាករេ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទោះជា​សម្ព័ន្ធមិត្ត​មួយ​នេះ​រង​ការរិះគន់​ខ្លាំង​លើ​សំណុំរឿង​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi ក្ដី​។ ទោះជា​ទទួលស្គាល់ថា រជ្ជទាយាទ Mohammed bin Salman អាចជា​អ្នកបញ្ជា​ក្ដី លោក ត្រាំ នៅតែ​អះអាងថា ទំនាក់ទំនង​រវាង​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​គឺជា​រឿង​សំខាន់​ជាង​សំណុំ​រឿងនេះ​ទៅទៀត​។​

 
​អាមេរិក​នៅ​ឈរ​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត​។ នេះ​ជា​អត្ថន័យ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្ងៃទី​២០ ខែវិច្ឆិកា ជុំវិញ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​អ្នកសារព័ត៌មាន​របស់​កាសែត Washington Post លោក Jamal Kashoggi ។ រដ្ឋបាល​លោក ត្រាំ បាន​រង​សម្ពាធ​ខ្លាំង និង​ត្រូវ​បានស្នើ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត និង​រកមុខ​អ្នក​នៅ​ពីក្រោយ​ការស្លាប់​របស់លោក Khashoggi ឲ្យ​ឃើញ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​ដោយ​សេត​វិមាន លោក ត្រាំ បាន​ប្រើពាក្យ​ទំនងជា​ទៅលើ​លទ្ធភាព​ដែល​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman (MBS) អាច​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ខាងក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ លោក​ថា ទ្រង់ MBS ទំនងជា​ជាប់ទាក់ទង ឬ​មិន​ជាប់ទាក់ទង​រឿងនេះ ប៉ុន្តែ​គេ​អាច​មិនដឹង​ការពិត​ទាំងអស់​នៅ​ជុំវិញ​ករណី​ឃាតកម្ម​នេះ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក​បញ្ជាក់​ច្បាស់​ថា ទំនាក់ទំនង​របស់​អា​មេ​រិ​ក គឺ​នៅ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​អាមេរិក​នៅតែមាន​បំណង​ធ្វើជា​ដៃគូ​ឥត​ប្រែ​ដដែល​។ លោក ត្រាំ មិនសូវ​និយាយ​អ្វី​ច្រើន​ឡើយ​បន្ទាប់​ផ្ទុះឡើង​ករណី​ឃាតកម្ម​លើ​លោក Kashoggi ទោះ​ជាមាន​ភស្តុតាង​ជាច្រើន​បាន​ភ្ជាប់​ករណីនេះ​ទៅ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុង​រី​យ៉ា​ដ​ក្ដី​។ ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល CIA ក៏​ជឿថា ទ្រង់ MBS ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ​ទៅទៀត​។​
 
​ជាមួយគ្នានេះ លោក ត្រាំ រៀបរាប់​ពី​គុណសម្បត្តិ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នាពេល​កន្លងមក​ដូច​ជាការ​រុញច្រាន​ការពង្រីក​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា និង​បាន​ទិញ​អាវុធ​ពី​អាមេរិក​ដល់​ទៅ​៤៥០​ពាន់​លាន​ដុល្លារ ព្រមទាំង​បាន​វិនិយោគ​ជាមួយ​អាមេរិក​លើ​វិស័យ​ជាច្រើន​ផង​។ លោក ត្រាំ បន្តថា ដោយសារ​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ជួយ​ទប់ទល់​តម្លៃ​ប្រេង​ឆៅ​កុំ​ឲ្យ​ឡើងថ្លៃ​ដែរ ខណៈ​ប្រទេស​នេះ​ជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​របស់​ពិភពលោក​។​
 
​ទោះជា​យ៉ាងណា លោក ត្រាំ ក៏​ទទួលស្គាល់​ពី​សម្ពាធ​ខាងក្នុង​អាមេរិក ជាពិសេស​ពី​សំណាក់​រដ្ឋសភា​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​រដ្ឋបាល​លោក​ដាក់ទណ្ឌកម្ម​លើ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ចាត់​វិធា​ការ​ផ្សេងទៀត​លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រុង​រី​យ៉ា​ដ​។ លោក ត្រាំ បាន​ឆ្លើយ​វិញ​ថា លោក​នឹង​ពិចារណា​ចំណាត់​ការដែល​បង្ហាញ​ចំពោះមុខ​លោក តែ​ត្រូវ​ស្របតាម​គោលការណ៍​សន្តិសុខ និង​សុវត្ថិភាព​របស់​អាមេរិក​៕
 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី សា​អូឌីត​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com