អន្តរជាតិ
ប៉ូលិស​អន្តរជាតិ ជ្រើសរើស​ជនជាតិ​កូរ៉េខាងត្បូង​ជា​ប្រធាន​ថ្មី
21, Nov 2018 , 6:09 pm        
រូបភាព
លោក Kim Jong Yang ប្រធានថ្មីរបស់ Interpol ។ (រូបភាពពី Twitter របស់ Interpol)
លោក Kim Jong Yang ប្រធានថ្មីរបស់ Interpol ។ (រូបភាពពី Twitter របស់ Interpol)
​អង្គការ​ប៉ូលិស​អន្តរជាតិ ឬ​ហៅថា Interpol បានជ្រើសរើស​ជនជាតិ​កូរ៉េខាងត្បូង Kim Jong Yang ជា​ប្រធាន​ថ្មី​របស់ខ្លួន​។ លោក Kim ដែល​កំពុងកាន់​តំណែង​ជា​ប្រធានស្ដីទី​ដែរនោះ នឹង​ជំនួស​តំណែង​លោក ម៉ឹង ហុង​វៃ ជា​ជន​ជាតិចិន​ដែល​សុំលាលែង​ក្រោយ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ក្រុង​ប៉េកាំង​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មន្ត្រីប៉ូលិស​កូរ៉េខាងត្បូង​រូបនេះ​បាន​ផ្ដួល​បេក្ខជន​ជាតិ​រុស្ស៊ី Alexander Prokopchuk ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ប្រឆាំង​ដាច់​ណាត់​។

 
​វិវាទ​រវាង​រុស្ស៊ី និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​គ្របដណ្ដប់​ពេញ​ជំនួប​ប៉ូលិស​អន្តរជាតិ​ដែល​ធ្វើឡើង​នៅ​ទី​ក្រង​ឌូ​បៃ ទឹកដី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ជំនួប​រយៈពេល​ពីរ​ថ្ងៃ ក៏​ជ្រើសរើស​ប្រធាន​ថ្មី​ជា​ជនជាតិ​កូរ៉េខាងត្បូង ជំនួស​ប្រធាន​ចាស់​លោក ម៉ឹង ហុង​វៃ ដែល​បាន​សុំលាលែង​ពី​តំណែង​ក្រោយ​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ មុននឹង​ត្រូវបាន​ប្រកាស​ពី​ការចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចិន​។ 
 
​បើតាម​ការ​របស់ Interpol មន្ត្រីប៉ូលិស​កូរ៉េខាងត្បូង Kim Jong Yang បានទទួល​សំឡេងគាំទ្រ​លើស​ពីរភាគបី​ក្នុងចំណោម​សមាជិក​ចំនួន​១៩៤ ប្រទេស​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២១ ខែវិច្ឆិកា​។ លោក Kim ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​កាន់តំណែង​នេះ បាន​ប្រកួតប្រជែង​យ៉ាងខ្លាំង​ជាមួយ​បេក្ខជន​រុស្ស៊ី និង​ជាម​ន្ត្រី​ជើងចាស់​ផង Alexander Prokopchuk ។ លោក Kim នឹង​កាន់តំណែង​ដល់​ឆ្នាំ​២០២០ ដែលជា​រយៈពេល​សេសសល់​ពី​អាណត្តិ​លោក ម៉ឹង ។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​រឿងរ៉ាវ​ខាងក្រោយ​ឆាក​នៃ​ការបោះឆ្នោត​នេះ​។ តាមពិត​ទៅជា​លោក Prokopchuk ជា​បេក្ខជន​ដែលមាន​ក្ដីសង្ឃឹម​ខ្ពស់ ប៉ុន្តែ​អាមេរិក និង​បក្សពួក​នៅ​តំបន់​អឺរ៉ុប​មិន​ពេញ​ចិត្តនឹង​បេក្ខភាព​របស់លោក​ឡើយ​។ ក្រុម​បស្ចិម​លោក​បាន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក Interpol កុំ​បោះឆ្នោត​ឲ្យ​មន្ត្រី​សន្តិសុខ​រុស្ស៊ី​រូបនេះ​ដោយ​អះអាងថា នឹងធ្វើ​ឲ្យ​រុស្ស៊ី​អាច​ប្រើ​ស្ថាប័ន​នេះ​ដើម្បី​កម្ចាត់​អ្នកប្រឆាំង​។​
 
​មុន​ការបោះឆ្នោត​នេះ អាមេរិក​បាន​វាយប្រហារ​បេក្ខជន​របស់​រុស្ស៊ី​ជាខ្លាំង ដោយ​ចោទថា ក្រុង​មូ​ស្គូ​នឹង​ប្រើ Intepol ដើម្បី​បោសសម្អាត​គូប្រជែង​នយោបាយ​របស់ខ្លួន​។ នៅ​ក្រុង​វ៉ាស៊ីនតោន​វិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​រើស​មេដឹកនាំ​ថ្មី​ដែលមាន​សុចរិត ហើយ​អាច​ជឿថា លោក Kim ជា​បុគ្គល​ដ៏​សក្តិសម​។ 
 
​តាមពិតទៅ តំណែង​ប្រធាន Interpol នេះ មិនមាន​អំណាច​អ្វី​ធំដុំ​ឡើយ ដោយ​ការងារ​ប្រចាំថ្ងៃ​របស់​ស្ថាប​អន្តរជាតិ​មាន​ទីតាំងនៅ​ក្រុង​លី​យ៉ុង​នេះ ចាត់ចែង​ដោយ​អគ្គលេខាធិការ​ជនជាតិ​អាល្លឺម៉ង់ Jurgen Stock ៕
 
     

Tag:
 Interpol
  អាមេរិក​
  រុស្ស៊ី​
  កូរ៉េខាងត្បូង​
  Kim Jong Yang
© រក្សាសិទ្ធិដោយ thmeythmey.com