ជាតិ
នយោបាយជាតិ
មេធាវី៖ លោក កឹម សុខា មានសិទ្ធិបង្ហាញឆន្ទៈខ្លួន តាមរយៈមេធាវី ប៉ុន្តែមិនស្ថិតក្នុងសកម្មភាពនយោបាយ រូបពីហ្វេសប៊ុកលោក កឹម សុខា
× ភ្នំពេញ៖ មេធាវីលោក កឹម សុខា គឺជាអ្នកនាំពាក្យ និងចេញសេចក្តីថ្លែងការណ៍បង្ហាញពីឆន្ទៈរបស់លោក កឹម សុខា ទៅលើចំណុចអ្វីមួយអ្វីដែលកើតឡើង។ នេះបើតាមលោក កឹម សុខា ដែលបានផ្ទេរសិទ្ធិបង្ហាញឆន្ទៈខ្លួន ទៅឲ្យមេធាវី។
ក្នុងរូបថតមួយសន្លឹក ដែលបានបង្ហោះលើហ្វេសប៊ុកខ្លួន លោក កឹម សុខា និងក្រុមមេធាវី បានជួបពិភាក្សាគ្នាពីរឿងកិច្ចការមួយចំនួន នៅក្នុងគេហដ្ឋានរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។ តាមរយៈរូបភាព ដែលបង្ហោះនៅថ្ងៃទី២ ធ្នូនេះ លោក កឹម សុខា បានសរសេរដូច្នេះថា៖«ខ្ញុំមានសិទ្ធិឲ្យមេធាវីរបស់ខ្ញុំនាំពាក្យនិងបង្ហាញពីឆន្ទៈខ្ញុំដែលជាកូនក្តីជាផ្លូវការស្របតាមបញ្ញត្តិច្បាប់»។
ត្រង់ចំណុចនេះលោក ចាន់ ចេន មេធាវីម្នាក់ ក្នុងចំណោមមេធាវីផ្សេងទៀតរបស់លោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលលោក កឹម សុខា សរសេរនេះ គឺចង់បញ្ជាក់ពីឆន្ទៈខ្លួន ក្នុងការបញ្ចេញមតិតាមរយៈមេធាវី ដែលវាមិនមែនស្ថិតនៅក្នុងសកម្មភាពនយោបាយនោះទេ។
«ខ្ញុំសូមបញ្ជាក់ថា ទោះបីលោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតុលាការក៏ដោយ ប៉ុន្តែលោក កឹម សុខា គាត់នៅមានបុព្វសិទ្ធិការពារដោយច្បាប់ ។ហើយសិទ្ធិរបស់លោក កឹម សុខា ពេលនេះ អាចបង្ហាញឆន្ទៈខ្លួនបាន តាមរយៈមេធាវី ដែលវាស្របតាមច្បាប់ ក្នុងការឲ្យមេធាវីធ្វើជាអ្នកនាំពាក្យខ្លួន។ ដូច្នេះអ្វីដែលលោក កឹម សុខា កូនក្តីខ្ញុំ ប្រាប់ឲ្យមេធាវីនាំពាក្យបង្ហាញឆន្ទៈខ្លួន ទៅមជ្ឈដ្ឋានខាងក្រៅគឺគ្មានអ្វីខុសច្បាប់ទេ ហើយវាក៏មិនមែនជាសកម្មភាពនយោបាយដែរ»។ នេះជាការបញ្ជាក់របស់លោក ចាន់ ចេន។
កាលពីពេលថ្មីៗនេះ មេធាវីការពារក្តីលោក កឹម សុខា ក៏ធ្លាប់បានបង្ហាញពីឆន្ទៈរបស់កូនក្តីខ្លួន តាមរយៈសេចក្តីថ្លែងការណ៍ និងបណ្ដាញផ្សព្វផ្សាយនានាផងដែរ។ ជាក់ស្ដែងដូចជាឆន្ទៈរបស់លោក កឹម សុខា ដែលមិនគាំទ្រសាខាគណបក្សសង្គ្រោះជាតិធ្វើសន្និសីទនៅក្រៅប្រទេសជាដើម។
សូមរម្លឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា បានសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ហើយឲ្យទៅរស់នៅក្នុងផ្ទះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌយ៉ាងតឹងរឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com