ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ បានបញ្ចប់យ៉ាងជោគជ័យ ដោយទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិចំនួន១០,៥០០នាក់មកពី៧៨ប្រទេសចូលរួម។ ក្នុងចំណោមអត្តពលិកទាំងនេះ មានអ្នកខ្លះមកជាមួយក្រុមការងារ មិត្តភក្តិ និងលក្ខណគ្រួសារ ដែលបង្ហាញឲ្យឃើញថា កម្ពុជាមានសន្តិសុខប្រកបដោយសុវត្ថិភាព និងសុខសន្តិភាព។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា បរទេសដែលចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ដែលរៀបចំនៅបរិវេណអង្គរខេត្តសៀមរាប ភាគច្រើនមកជាមួយមិត្តភក្តិ ក្រុមការងារ និងគ្រួសារ។ ការចូលរួមក្រោមបែបនេះ ត្រូវរដ្ឋមន្ត្រីក្រសួងទេចរណ៍វាយតម្លៃថា ពួកគេទាំងនោះជឿជាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់កម្ពុជា។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានលោក ថោង ខុន បានរៀបរាប់ដូច្នេះថា៖«ប្រទេសមួយកាលណាភ្ញៀវទេសចរគេយកទាំងកូនចៅមកលេង មានន័យថា គេជឿជាក់លើសុខសុវត្ថិភាពរបស់ប្រទេសនោះ។ បើសិនប្រទេសមួយគ្មានសុខសន្តិភាព និងសុវត្ថិភាព ភ្ញៀវទេសចរគេមកតែម្នាក់ឯងនោះទេ គេមិនបាននាំទាំងគ្រួសារមកលេងឡើយ។ នេះបញ្ជាក់ឲ្យឃើញថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ គឺពោរពេញដោយសុខសន្តិភាព»។
ជាមួយការអរគុណចំពោះការរៀបចំព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុន អត្តពលិកបរទេសទាំងនោះសុទ្ធតែបានអះអាងថា ពួកគេនឹងត្រឡប់មកចូលរួមនៅឆ្នាំក្រោយៗទៀត។ លើសពីនេះ ពួកគេនឹងយកដំណឹងនេះទៅប្រាប់មិត្តភក្តិ ឬក្រុមការងារឲ្យបានដឹងពីព្រឹត្តិការណ៍នេះផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើ។
កត្តាខាងលើគួបផ្សំជាមួយការរៀបចំល្អ ធ្វើឲ្យព្រឹត្តិការណ៍នេះ អាចទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិរហូត១០,៥០០នាក់ចូលរួមជាមួយកំណើន១៥ភាគរយ។ ក្នុងនោះបរទេសមានចំនួន៥,២០០នាក់ កើនឡើង២០ភាគរយបើធៀបនឹងឆ្នាំមុន។ អត្តពលិកទាំងនេះមកពី៧៨ប្រទេស ខណៈអង់គ្លេសឈរលំដាប់ទី១មានអ្នកចូលរួមច្រើនជាងគេ បន្ទាប់មកអាមេរិក បារាំង អូស្ត្រាលី និងជប៉ុន។
ក្រោយឆ្លងការប្រកួតយ៉ាងស្វិតស្វាញ កីឡាករបារាំង Cuzzucoli Valentin គ្រងជើងឯកលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុន ក្រោយប្រើពេល១ម៉ោង១៧នាទីនិង១៨វិនាទី រីឯកីឡាករជប៉ុន Daisuke Yamauchi ក្រោយប្រើពេល១ម៉ោង១៨នាទីនិង១២វិនាទីទទួលបានលេខ២ និងលេខ៣បានទៅកីឡាករចិន Chap Man Jackey ក្រោយប្រើពេល១ម៉ោង១៨នាទីនិង៤៧វិនាទី។
ចំណែកកីឡាការិនីអូស្ត្រាលី Rosel Bec គ្រងជើងឯកវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុននារីក្រោយប្រើពេល១ម៉ោង២៨នាទីនិង៤៥វិនាទី ខណៈ Maire Nic Amhlocibh របស់អៀរឡង់ទទួលបានលេខ២ក្រោយប្រើពេល១ម៉ោង៣១នាទីនិង៣៣វិនាទី និងលេខ៣បានទៅកីឡាការិនីអាហ្វ្រិកខាងត្បូង Small Bronuyn ក្រោយប្រើពេល១ម៉ោង៣៣នាទីនិង៤វិនាទី។
វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកបុរសជើងឯកបានទៅលើកីឡាករ វ៉ាន់ ភារ៉ា ក្រោយចាយពេល៣៤នាទីនិង៤៧វិនាទី ខណៈ ជា សម្ផស្ស បានលេខ២ក្រោយប្រើពេល៣៥នាទីនិង៣៥វិនាទី និងលេខ៣បានទៅកីឡាករអូស្ត្រាលី Happel James ជាមួយពេលវេលា៣៦នាទីនិង៧វិនាទី។
ផ្នែកនារីលេខ១បានទៅកីឡាការិនីអង់គ្លេស Clarke Lyndsay ក្រោយប្រើពេល៤០នាទីនិង៤៦វិនាទី រីឯលេខ២បានទៅ Watanabe Chiharu របស់ជប៉ុនក្រោយប្រើពេល៤១នាទីនិង១៨វិនាទី និងលេខ៣បានទៅកីឡាការិនីបារាំង Geyercarles Maeva ក្រោយប្រើពេល៤១នាទីនិង៥៧វិនាទី៕