ONE Championship
ជាតិ
ហេតុផល​៣​យ៉ាង​ដែល​អ្នក​ស្នេហា​ប្រដាល់​គួរ​តាមដាន​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS
05, Dec 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ កម្ពុជា​នឹង​បង្ហាញមុខ​ម្តងទៀត​លើ​ឆាក​ក្បាច់គុន​អន្តរជាតិ ដែល​ក្នុងនោះ​មាន​វត្តមាន​កីឡាករ​ជើងចាស់ ចាន់ រតនា ព្រមទាំង​កីឡាការិនី​ខ្មែរ​-​អាមេរិក​ទើប​រះ ឯម សុ​វណ្ណា​រី ដើម្បី​ត្រៀម​បញ្ចេញថ្វីដៃ​ដែល​ខ្លួន​សម្លៀង​ទុកជា​យូរ​មកហើយ​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS​។


 
​ការប្រកួត​ដ៏​ធំ​នៅ​កីឡាដ្ឋាន Axiata Arena ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី អាទិត្យ​នេះ នឹងមាន​ជើង​ខ្លាំង​ចំនួន ១៣​គូ ត្រៀមខ្លួន​ដណ្តើមពាន​រង្វាន់​ពីស​ង្វៀន ONE ដោយ​ក្នុងនោះ​កីឡាករ​កីឡាការិនី​ប្រដាល់​ទាំង​ពីររូប​របស់​កម្ពុ​ជា ក៏បាន​ត្រៀមលក្ខណៈ​រៀងខ្លួន​ដើម្បី​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​នេះ​តែម្តង​។ 


 
​ខាងក្រោម​ជាហេតុ​ផល ៣​យ៉ាង​ដែល​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​របស់​កម្ពុជា​គួរ​រង់ចាំ​ទស្សនា​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​៖ 
 
១- ការបង្ហាញ​ខ្លួន​របស់​តារា​ប្រដាល់​ទើប​រះ​ថ្មី​
 
​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី មានឱកាស​បញ្ចេញស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​របស់ ONE ដែល​មិនមែន​គ្រប់គ្នា​អាចធ្វើ​បាន​នោះទេ​។ ការប្រកួត​មុនៗ​របស់​នាង គឺ​នាង​បាន​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ត្រឹមតែ ១៨ វិនាទី ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​នាង​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​គូប្រកួត​រឹតតែ​ខ្លាំងខ្លា​ជាង​មុន​ទៀត​គឺ​នាង Iryna “Delsa” Kyselova ជើងឯក​ស្រី​អ៊ុយ​ក្រែ​ន សម្រាប់​ការប្រកួត​បើកឆាក​នៃ​កម្មវិធី​នោះ​តែម្តង​។ 
 
​ការប្រកួត​ប្រភេទ​ទម្ងន់ ៥១ គីឡូ​នេះ ប្រាកដជា​អង្រួន​បេះដូង​អ្នកទស្សនា​ឲ្យ​ញាប់​ញ័រ ដោយសារ​មួយគូ​នេះ​សុទ្ធសឹងតែ​ជាមាន​កិត្តិសព្ទ​ខាង​វាយ​សម្រុក​ផ្តួល​ដៃគូ​ឲ្យ​ក្រាប​ដល់​ដី​តែម្តង​។​
​និយាយ​ពី Iryna វិញ​នាង​មានបទពិសោធន៍​លើស​ង្វៀន​ប្រដាល់​ច្រើនជាង សុ​វណ្ណា​រី ដល់​ទៅ ៦​ដង​ឯណោះ​។ តែ​យ៉ាងណា កីឡាការិនី​ខ្មែរ​-​អាមេរិក ក៏បាន​ត្រៀម​ស្នៀត​ជាស្រេច​ដែរ ហើយ​នាង​បាន​ប្រាប់​ដល់​ទស្សនិកជន​ថា​៖ «​ចិត្ត​និង​កាយ ខ្ញុំ​ត្រៀម​រួចរាល់​ហើយ ខ្ញុំ​ទន្ទឹង​ចាំតែ​ទៅដល់​នោះទេ​»​។ 
 
២- ការទន្ទឹងរង់ចាំ​យូរ​បស់ ចាន់ រតនា បានមក​ដល់​ហើយ​
 
​តារា​ប្រដាល់​ប្រចាំ​ដួងចិត្ត​កម្ពុជា ចាន់ រតនា ស្រេកឃ្លាន​ដើម្បី​ចូល​ប្រកួត​សង្វៀន ONE វិញ​ជា​យូ​មកហើយ ដែល​លើក​នេះ​រូបគេ​ពុះកញ្ជ្រោល​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​បញ្ចេញ​ស្នៀត​ថ្មីៗ​ដែល​ខ្លួន​បាន​សំងំ​ហាត់​ជា​យូរ ហើយ​អ្នកគាំទ្រ​ទាំងអស់​ប្រាកដជា​មិន​ខកបំណង​ឡើយ​។ 
 
​សូមបញ្ជាក់ថា អ្នកដឹកនាំ​ក្លិប «​សិល្បៈ​» មួយរូប​នេះ មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​ប្រហែល ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​គាត់​បន្ត​ការហ្វឹកហាត់​បន្ថែម​វិជ្ជា​គុន​រង់ចាំ​ឱកាសល្អ​ជានិច្ច​។ 
​ថ្ងៃ​សុក្រ​នេះ ចាន់ រតនា នឹងត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​របស់​ឥណ្ឌូណេស៊ី Abro Fernandes ដែល​យើង​ជឿជាក់ថា​មួយគូ​នេះ នឹងធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ជាក់​ជាមិនខាន​។ ក្រឡេកមើល​ពី​ស្នាដៃ​ភាគី​ខាង​ឥណ្ឌូណេស៊ី​វិញ ចាប់តាំងពី​ចូលក្នុង​ទ្រុង ONE ៧​ដង​មក មិនទាន់មាន​ប្រវត្តិ​ចាញ់​ម្តង​ឡើយ​។ រីឯ ចាន់ រតនា វិញ​ជ័យជម្នះ​របស់គេ​នីមួយៗ សុទ្ធសឹង​បាន​ដោយ​ផ្តួល​គូប្រកួត​មុន​ទឹក​ទី ៣​ទាំងអស់​។ 
 
​តារា​ប្រដាល់​កម្ពុជា​លើកឡើងថា​៖ «​ខ្ញុំ​ចង់បង្ហាញ​អ្វីដែល​ថ្មី​ទៅ ONE Championship ឱ្យគេ​ចាប់អារម្មណ៍​ខ្ញុំ​ច្រើន​ជាងនេះទៀត​។ ខ្ញុំ​ប្រកួត​មិន​សម្រាប់តែ​ខ្លួនឯង​ទេ ប៉ុន្តែ​ខ្ញុំ​ប្រកួត​សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់​ផងដែរ​។ តាមពិត​ខ្ញុំ​សប្បាយចិត្ត​ជាង ពេល​ឃើញ​អ្នកគាំទ្រ​ខ្ញុំ​សប្បាយចិត្ត​»​។ 
 
៣- ការ​ប៉ះគ្នា​រវាង​ជើង​ខ្លាំង​ពិភពលោក​
 
​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS បាន​ចាប់​គូប្រយុទ្ធ​កម្រិត​ពិភពលោក​មួយគូ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ក្នុង​រាត្រី​នោះ​។ រហូតមកដល់​សព្វថ្ងៃ​មាន​ជើង​ខ្លាំង​មិន​ច្រើន​ទេ ដែលមាន​ថ្វីដៃ​ខ្លាំង​ដូច​ជើងឯក​ក្បាច់គុន​មួយ​ថៃ Yodsanklai IWE Fairtex និង​គូប្រយុទ្ធ​ជនជាតិ​អូស្ត្រាលី Luis Regis​។ 
 
Yodsanklai ជើងឯក​ខ្សែក្រវាត់​ពិភពលោក Muay Thai World Champion នៅ​ពហុ​កីឡដ្ឋាន Lumpinee បាន​កសាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​ការដណ្តើម​ពានរង្វាន់​ធំៗ​ជា​ហូ​ហែ​ក្នុង​អាជីព​រួច​ម​ម​ហើយ ហើយ​ការប្រកួត​ខាងមុខនេះ​រូបគេ​មានបំណង​ផ្តួល​គូប្រកួត​អូស្ត្រាលី​ឲ្យ​ផ្អើល​សង្វៀន​តែម្តង​។ 
 
​ចំពោះ​ជើង​ខ្លាំង Regis ដើមកំណើត​នៅ​ប្រទេស​ប្រ​ស៊ី​ល តែ​រស់នៅ​ប្រទេស​អូស្ត្រាលី​វិញ បាន​ឲ្យ​ដឹងថា​ខ្លួន​បានដាក់​ទាំង​ចិត្ត​និង​កាយ​ធ្វើជា​អ្នក​ប្រដាល់​រហូតដល់​សព្វថ្ងៃ ហើយ​គាត់​មានកំណត់​ត្រា​ជា​ជើងឯក​ប្រដាល់​មួយ​ថៃ​កម្រិត​ពិភពលោក​ម្នាក់​ប្រចាំ WORLD FIGHT ORGANISATION ហើយ​អាទិត្យ​នេះ​ផងដែរ Regis នឹង​បន្ថែម​កំណត់ត្រា​ធំ​មួយទៀត​ក្នុង​អាជីព​។​
 
Regis ថា​៖ «​បើ​មើល​កំណត់ត្រា​ផ្ទាល់​របស់ខ្ញុំ វា​មិនធំ​ដំ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ឈ្នះ​ទាំង ២៥​ដងនោះ សុទ្ធតែ​បាន​ដោយ​វាយ​ភាគី​ឲ្យ​សន្លប់​ដល់​ដី​ទាំងអស់​»​។ 
«​ពេល​គេ​កំពុង​ឈរ​វាយ​តទល់​ពីមុខ​ខ្ញុំ បើសិន​ខ្ញុំ​ចាប់​គេ​ជាប់ ខ្ញុំ​ដឹងថា​ខ្ញុំ​អាច​បង្ក្រាប​គេ​ក្រោម​កណ្តាប់ដៃ​របស់ខ្ញុំ​បាន​»​។ 
 
​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន ONE ទើបតែ​មាន​គូ​ខ្លាំង​ខាង​ក្បាច់គុន​មួយ​ថៃ ONE Super Series មួយគូ​នេះ​ទេ ដែល​នឹង​បិទ​ឆាក​ជា​គូ​សំខាន់បំផុត​ក្នុង​ព្រឹត្តិការណ៍​ទាំងមូល នេះ​រឹតតែ​ធ្វើ​ឲ្យ​សង្វៀន​ដ៏​ធំ​នៅ​អាស៊ី​មួយ​នេះ កាន់តែ​ពិសេស​ថែមទៀត​។ អ្នកឈ្នះ​ក្នុងការ​ប្រយុទ្ធ នឹង​ចារ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ជា​រៀងរហូត​៕ 
 
​អត្ថបទ​៖ Matias Andres

© រក្សាសិទ្ធិដោយ thmeythmey.com