ជាតិ
រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ពន្យល់​ពី​មូល​ហេតុដែល​អាយ​ស៊ី​ស៊ី​-​អង្គរ មាន​អាយុ​លើស​អាយ​ស៊ី​ស៊ី​នៅ​ប្រទេស​ដទៃ​
05, Dec 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥ របស់​គណៈកម្មាធិការ​អន្ដរ​សម្រប​សម្រួលការ​គាំពារ និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ  បាន​បិទ​បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃទី​៥ ធ្នូ​។ មាន​ចំណុច​ជាច្រើន ត្រូវបាន​លើក​យកមក​ជជែក​គ្នា ដើម្បី​សិក្សា​ពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់ ទាំង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដូចជា​កំណើន​ភ្ញៀវទេសចរ មកកាន់​ខេត្តសៀមរាប​ជាដើម​។​

 
​ក្រៅពី​ការងារ​ខាងលើ ក៏​មានការ​ចោទសួរ ពី​តួនាទី​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ​មួយ​នេះ ថា​នឹង​បន្ដ​យន្តការ​របស់ខ្លួន ក្នុង​រមណីយដ្ឋាន​អង្គរ​ដល់​ពេលណា ខណៈដែល​វា​មាន​រយៈពេល ២៥​ឆ្នាំ​មកហើយ​នោះ​។ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន លោកស្រី ភឿង ស​កុ​ណា ពន្យល់ថា​ជាធម្មតា​គណៈកម្មាធិការ​មួយ​នេះ តែងមាន​កិច្ចប្រជុំ​រាល់​១០​ឆ្នាំ ដើម្បី​ពិភាក្សា​ថា​នឹង​បន្ត​ទៅណា​ទៀត​។ តែ​សម្រាប់​កម្ពុជា មាន​លក្ខណៈពិសេស​ត្រង់​ថា ឧទ្យាន​អង្គរ បាន​ក្លាយជា​គំរូ​របស់​យន្តការ​អន្ដរជាតិ ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​មួយ ដែលមាន​លទ្ធផល​គួរ​ជាទី​មោ​ទក​។​
 
«​សព្វថ្ងៃ យើង​មាន​ដៃគូ​ចូលរួម​រាប់រយ​ប្រទេស អ្នកជំនាញការ​រាប់ពាន់​នាក់ ធ្វើការ​ដើម្បី​បេតិកភណ្ឌ​ពិភពលោក​អង្គរ អាច​ប្រមូល​ជំនួយ​ពី​បរទេស​រាប់រយ​លាន​ដុល្លារ​។ ដូច្នេះ​លទ្ធផល​នៃ​ភាពជោគជ័យ​នេះ ធ្វើឱ្យ​បរទេស​នៅតែ​ចង់​ចូលរួម​ជាមួយ​យើង​។ ធម្មតា​ទេ តែ​ធ្វើការ​ហើយ​ទទួលបាន​លទ្ធផល​ច្រើន គួរ​មិន​ចង់​ចាកចេញ​ទេ​»​។ នេះ​ជា​ពន្យល់​បន្ថែម​របស់លោក​ស្រី ភឿង ស​កុ​ណា​។​

សូមស្តាប់សំឡេង៖



 
​គួររម្លឹកថា គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ គឺជា​យន្តការ​អន្ដរជាតិ ដើម្បី​កៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស ពី​សហគមន៍​អន្ដរជាតិ ដើម្បី​ជួសជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ ដែលមាន​ភាព​ធំធេង និង​ត្រូវការ​ធនធាន​ច្រើន​ដើម្បី​អនុវត្ត​កាតព្វកិច្ច​នេះ​។ ក្នុង​ដំណើរការ​របស់ខ្លួន គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​ចំនួន ៣១​ដង  និង​កិច្ចប្រជុំពេញអង្គ​ចំនួន ២៥​ដង​រួចមកហើយ ហើយ​ដែល​ថវិកា​រាប់រយ​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់ និង​អ្នកជំនាញ​បច្ចេកទេស​ជាតិ​រាប់រយ​នាក់ បានទទួល​ការបណ្ដុះបណ្តាល និង​បន្ដវេន​យ៉ាងរឹងមាំ ដើម្បី​ធានា​នូវ​ការអភិរក្ស​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អង្គរ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com