ONE Championship
កីឡាជាតិ
ជាតិ
MMA៖ ចាន់ រតនា ប៉ះ Abro Fernandes ឯម សុវណ្ណារី ជួប Iryna Kyselova
× អ្នកលេងគុនចម្រុះ ចាន់ រតនា ត្រូវប៉ះជាមួយកីឡាករកូនកាត់ឥណ្ឌូណេស៊ី-ទីម័រខាងកើត Abro Fernandes ក្នុងព្រឹត្តិការណ៍ ONE: Destiny of Champions នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាកីឡដ្ឋាន Axiata Arena នៅល្ងាចថ្ងៃទី៧ ខែធ្នូ នេះ។ ចំណែកកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី ត្រូវតទល់ជាមួយកីឡាការិនីអ៊ុយក្រែន Iryna Kyselova។
ក្រោយបាត់មុខពីសង្វៀន MMA មួយរយៈធំ អ្នកលេងគុនខ្មែរ និងគុនចម្រុះ ចាន់ រតនា នឹងបង្ហាញមុខសាជាថ្មីក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ី ONE Championship នៅល្ងាចថ្ងៃសុក្រនេះ។ សម្រាប់ការបង្ហាញខ្លួនជាលើកទី៦នេះ អ្នកស្នងគុនខ្មែរមកពីខេត្តបាត់ដំបងរូបនេះ ត្រូវប្រជែងជាមួយកីឡាករកូនកាត់ឥណ្ឌូណេស៊ី-ទីម័រខាងកើត Abro Fernandes ក្នុងកម្មវិធី ONE: Destiny of Championship ចាប់ពីម៉ោង៦:៣០នាទីល្ងាចតទៅ។
ចាន់ រតនា ធ្លាប់ឡើងសង្វៀនគុនចម្រុះ MMA ចំនួន៥លើករួចមកហើយ ដោយឈ្នះ២ និងចាញ់៣ ខណៈគូប្រកួតរបស់គេ Abro ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៧លើក និងទទួលបានជ័យជម្នះទាំង៧លើក។ លើសពីនេះ រូបគេជាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម(Flyweight) ប្រចាំព្រឹត្តិការណ៍នេះថែមទៀតផង។ ការជួបគ្នារវាងកីឡាករទាំងពីរល្ងាចនេះ នឹងក្លាយជាជំនួបដ៏ស្វិតស្វាញ និងតានតឹងបំផុត។
ក្រៅពីគូដ៏ជក់ចិត្តខាងលើ ក៏មានការប្រកួតរវាងកីឡាការិនីកម្ពុជាជាមួយកីឡាការិនីអ៊ុយក្រែន១គូទៀតផងដែរ គឺកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី ប៉ះជាមួយកីឡាការិនី Iryna Kyselova លើប្រទម្ងន់មធ្យមផងដែរ។ ទោះបីធ្លាប់ឆ្លងកាត់ការប្រកួតកន្លងមកក៏ដោយ តែនេះជាការបង្ហាញខ្លួនលើកដំបូងក្នុងសង្វៀន MMA របស់ ឯម សុវណ្ណារី ខណៈគូប្រកួតរបស់នាង Iryna ធ្លាប់ឆ្លងកាត់ការប្រកួតរហូត១០លើក ដោយឈ្នះ៧ និងចាញ់៣៕
Tag:
ប្រដាល់គុនខ្មែរ
ចាន់ រតនា
ឯម សុវណ្ណារី
ONE Champions
© រក្សាសិទ្ធិដោយ thmeythmey.com