ជាតិ
នៅពេល​ទិញ​ផ្ទះ​លើកដំបូង តើ​ត្រូវ​ចំណាយ​លើ​សេវា​បន្ថែម​អ្វីខ្លះ​?
08, Dec 2018 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទិញ​ផ្ទះ​ថ្មី ដើម្បី​រស់នៅ​គឺជា​រឿង​ចាំបាច់​មួយ សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​ភាគច្រើន​អ្នក​ទាំងនេះ កំពុង​ជួល​ផ្ទះ​ដើម្បី​ស្នាក់នៅ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ពិចារណា​ទិញ​ផ្ទះមួយ សម្រាប់​គ្រួសារ​ទាំងមូល​ដែរ​។​


 
​ទោះជា​យ៉ាងណាក៏ដោយ ការទិញ​ផ្ទះ​ថ្មី មិន​មានន័យថា អ្នកចំណាយ​តែ​លើ​តម្លៃ​ផ្ទះ​នោះទេ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ចំណាយ លើ​ការចំណាយ​ផ្សេងៗ​បន្ថែមទៀត ទាក់ទង​នឹង​អចលនទ្រព្យ​នេះ​។ ដូច្នេះ វា​ជាការ​សំខាន់បំផុត ដែល​អ្នក​ត្រូវ​ស្វែងយល់​អំពី​ការចំណាយ​បន្ថែម ដែល​ទាក់ទង​នៅពេល​ទិញ​អចលនទ្រព្យ ដើម្បី​ជៀសវាង​ការខកចិត្ត​ណាមួយ​។​


 
​ខាងក្រោម​នេះ ជា​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​ផ្តល់ជូន​ដោយ Realestate.com.kh នឹង​ជួយ​ដល់​អ្នកទិញ​ផ្ទះ​លើកដំបូង ឲ្យ​គ្រប់គ្រង និង​បែងចែក​ថវិកា​សម្រាប់​ផ្ទះ​ថ្មី​នេះ បាន​ត្រឹមត្រូវ​៖

​ថ្លៃ​សេវា​កម្ចី​ឥណទាន និង​ថ្លៃ​សេវា​ផ្នែក​ច្បាប់​
 
​នៅពេល​អ្នកដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ទិញ​ផ្ទះ អ្នកផ្តល់​កម្ចី ឬ​ធនាគារ តម្រូវ​ឲ្យ​អ្នក​បង់ថ្លៃ​សេវាកម្ម នៃ​ការវាយតម្លៃ និង​ប្រតិបត្តិការ​ប្រាក់កម្ចី​។ មានន័យថា អ្នក​ត្រូវ​បង់ ១​ភាគរយ នៃ​ប្រាក់កម្ចី​សរុប​ដល់​ធនាគារ​។ ដូចគ្នានេះដែរ អ្នក​ក៏ត្រូវ​បង់ប្រាក់​ចំនួន ២៥០​ដុល្លារ ទៅឱ្យ​មេធាវី​សម្រាប់​សេវាកម្ម​ផ្នែក​ច្បាប់ ពាក់ព័ន្ធ​នឹង​ដំបូន្មាន​ផ្នែក​ច្បាប់ ការត្រួតពិនិត្យ​អចលនទ្រព្យ និង​ដំណើរការ​ច្បាប់​។​
 
​ថ្លៃ​សេវា​លើ​ការផ្ទេរកម្មសិទ្ធិ​
 
​វា​គឺជា​ថ្លៃ​សេវា​ពន្ធ​ប្រថាប់ត្រា ដែល​ត្រូវ​ផ្ទេរកម្មសិទ្ធិ ពី​អ្នកលក់​ទៅ​អ្នកទិញ​។ អ្នកទិញ​ផ្ទះ ត្រូវ​បង់​៤% នៃ​តម្លៃ​ផ្ទះ​សរុប​ដែល​ត្រូវ​ផ្ទេរកម្មសិទ្ធិ ហើយក៏​ត្រូវ​បង់ប្រាក់​ចំនួន​១,០០០​ដុល្លារ​សម្រាប់​សេវាកម្ម​របស់​ការិយាល័យ​សុរិយោដី​។ ជាធម្មតា ដំណើរ​ផ្ទេរ​ប្លង់ ត្រូវ​ចំណាយ​រយៈពេល​ប្រហែល​១២​សប្តាហ៍ ដើម្បី​បញ្ចប់​ការផ្ទេរ​ប្លង់រឹង ដែល​បានធ្វើ​នៅ​ការិយាល័យ​សុរិយោដី​។ ប្លង់រឹង ជា​លិខិតបញ្ជាក់​កម្មសិទ្ធិ ដែល​ចេញ​ដោយ​ការិយាល័យ​សុរិយោដី​ថ្នាក់ជាតិ ដែលជា​ទម្រង់​នៃ​បណ្ណ​កម្មសិទ្ធិ ដែលមាន​សុវត្ថិភាព​បំផុត ហើយ​ត្រូវបាន​ទទួលស្គាល់​នៅ​ថ្នាក់ជាតិ​ក៏ដូចជា​នៅ​ថ្នាក់ស្រុក និង​ឃុំ​។​
 
​ថ្លៃ​សេវា​ធានារ៉ាប់រង​ផ្ទះ​
 
​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចកម្ពុជា តម្រូវឱ្យ​អ្នកទិញ​ផ្ទះ ទិញ​សេវា​ធានារ៉ាប់រង​ផ្ទះ ប្រសិនបើ​ពួកគេ​ខ្ចីលុយ​ពី​ធនាគារ​។ ថ្លៃ​សេវា​ធានារ៉ាប់រង​ផ្ទះ អាស្រ័យ​ទៅតាម​ទំហំ និង​តម្លៃ​នៃ​ផ្ទះ​។ ប្រសិនបើ​តម្លៃ​ផ្ទះ​ខ្ពស់ជាង ១០០,០០០​ដុល្លារ ម្ចាស់ផ្ទះ​ត្រូវ​បង់ប្រាក់ ១០០​ដុល្លារ ឬ​ខ្ពស់ជាង​នេះ​ក្នុង​មួយឆ្នាំ​។ ប្រសិនបើ​តម្លៃ​ផ្ទះ​ត្រឹម ១០០,០០០​ដុល្លារ ឬ​ក្រោម​នេះ ម្ចាស់ផ្ទះ​ត្រូវតែ​បង់ប្រាក់​ក្រោម ១០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ថ្លៃ​សេវា​ភ្នាក់ងារ​អចលនទ្រព្យ​
 
​នៅក្នុង​ប្រទេស​កម្ពុជា ភ្នាក់ងារ​អចលនទ្រព្យ គិត​កម្រៃជើងសារ​ចំនួន ៣%​ពី​អ្នកលក់ ហើយ​មិន​គិត​សេវា​ពី​អ្នកទិញ​នោះទេ សម្រាប់​ប្រតិបត្តិ​ការទិញ​ផ្ទះ​។ ប៉ុន្តែ​ក្នុង​ករណីខ្លះ អ្នកទិញ​ក៏ត្រូវ​បង់ថ្លៃ​កម្រៃ ជើងសារ ៣%​ដែរ នៅពេល​ពួកគេ​ចង់​ទិញ​អចលនទ្រព្យ​ពី​នរណាម្នាក់​។ ករណីនេះ កើតឡើង​នៅពេលដែល​អ្នកលក់ មិនមាន​បំណង​លក់​ផ្ទះ ប៉ុន្តែ​អ្នកទិញ​នោះ ចង់​ទិញ​ហើយ​សុំឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ បញ្ចុះបញ្ចូល​ម្ចាស់ផ្ទះ​ឲ្យ​លក់​ផ្ទះ​ឲ្យ​។​
 
​អត្រា​ការប្រាក់​នៃ​កម្ចី​ទិញ​ផ្ទះ​
 
​អ្នកទិញ​ភាគច្រើន​នៅ​កម្ពុជា ជាធម្មតា​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​បង់​ផ្តាច់​នោះទេ​។ ដូច្នេះ​ពួកគេ​ជ្រើស​រើសយក​កម្ចី​ទិញ​ផ្ទះ ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ ឬ​ធនាគារ​។ មិន​ថា​អ្នក​ជ្រើស​រើសយក​ការចំណាយ ជាមួយ​គម្រោង​របស់​ស្ថាប័នហិរញ្ញវត្ថុ ឬ​ធនាគារ​នោះទេ អ្នក​នៅតែ​ត្រូវ​ចំណាយ​លើ​ការប្រាក់​នៃ​កម្ចី​ទិញ​ផ្ទះ​នោះ​។ នៅពេល​អ្នកស្នើ​ប្រាក់កម្ចី​ពី​ធនាគារ អ្នក​ត្រូវ​មានទ្រព្យ​ធានា​ដូចជា​៖ ប្លង់រឹង និង​លិខិតបញ្ជាក់ ប្រាក់ចំណូល​ជាដើម ទើប​ទទួលបាន​ការអនុម័ត​ប្រាក់កម្ចី​។ លក្ខខណ្ឌ​ប្រាក់កម្ចី​របស់​ធនាគារ អាចមាន​រយៈពេល​រហូត​ដល់ ១៥ ឬ ២០​ឆ្នាំ អាស្រ័យ​លើ​លក្ខខណ្ឌ ដែល​ធនាគារ​ផ្តល់ជូន​។ អត្រា​ការប្រាក់ អាច​ចាប់ពី ៧% ទៅ ១០% ក្នុង​មួយឆ្នាំ​។ ជាទូទៅ​ធនាគារ នឹងមិន​ផ្តល់​កម្ចី​ឱ្យ​អ្នក ១០០% នៃ​តម្លៃ​ផ្ទះ​សរុប​នោះទេ ប៉ុន្តែ​បាន​ត្រឹម ៧០% ប៉ុណ្ណោះ​។​
 
​សេវា​ផ្ទៀងផ្ទាត់​ប្លង់​
 
​នៅ​ការិយាល័យ​សូ​រិ​យោ​ដី នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ អ្នក​ត្រូវ​បង់ថ្លៃ​សេវា​ផ្ទេរ ៦០០,០០០​រៀល ដើម្បី​បញ្ចូល​ឈ្មោះ​ម្ចាស់​ថ្មី នៅលើ​ឯកសារ​ច្បាប់​។ យោងទៅតាម​ប្រកា​សលេខ ៩៩៥ ដែល​ចុះ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ការត្រួត​ពិនិត្យមើល​ប​ណ្ណ​ឯកសិទ្ធិ​នឹង​គិត តម្លៃ​ប្រហែលជា ១,២៥០​ដុល្លារ​។​

​ពន្ធ​លើ​អចលនទ្រព្យ​
 
​គ្រប់​អចលនវត្ថុ​ទាំងអស់ ត្រូវ​បង់ពន្ធ​ប្រចាំឆ្នាំ​។ ទោះជា​យ៉ាងណាក៏ដោយ ពន្ធ​នេះ នឹង​ត្រូវបាន​អនុវត្តន៍ តែ​លើ​អចលនទ្រព្យ​ទាំងឡាយណា ដែលមាន​តម្លៃ​ចាប់ពី​២៥,០០០​ដុល្លារ ឡើងទៅ​។ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពន្ធ​អចលនទ្រព្យ ត្រូវបាន​ប្រមូល​ជា​រៀងរាល់ឆ្នាំ ក្នុង​អត្រា ០.១% នៃ​តម្លៃ​អចលនទ្រព្យ​សរុប​។​
 
​ពន្ធ​លើ​អចលនទ្រព្យ​នេះ ត្រូវបាន​គណនា​ដោយ​យក ៨០​ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ សរុប​ដក​នឹង​ចំនួន ២៥,០០០​ដុល្លារ ហើយ​បន្ទាប់មក​គុណ​នឹង ០.១ ភាគរយ​។ តម្លៃ​អចលនទ្រព្យ​អាច​ទទួលបាន​តាមរយៈ​ការវាយតម្លៃ​របស់​រដ្ឋា​ភិ​បាល ដោយ​ផ្អែកលើ​កត្តា​ជាច្រើន ក្នុងនោះ​ការប្រមូល​ទិន្នន័យ​លើ​អចលនទ្រព្យ គឺ​ទាក់ទង​នឹង​តម្លៃ​ទីផ្សារ គុណភាព និង​ទីតាំង​របស់​វា​។​

​ការចំណាយ​សេវា​ផ្សេងៗ​
 
​ថ្លៃ​សេវា​ទាំងនេះ រួមបញ្ចូល​សេវា​ថែទាំ​ជួសជុល និង​សេវា​អ៊ី​ធឺ​ណិ​ត ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក​។ ការចំណាយ​លើ​ការថែទាំ ត្រូវបាន​បង់​ដោយ​ម្ចាស់ផ្ទះ សម្រាប់​ការថែរក្សា​អគារ​។ តម្លៃ​នេះ​ប្រែប្រួល រវាង​ផ្ទះ​ក្នុង​បុរី និង​ខុន​ដូ​។​
 
​សម្រាប់​ផ្ទះ​បុរី ថ្លៃ​សេវា​ថែទាំ​រួមមាន​៖ សេវា​អ្នក​បោសសំអាត សន្តិសុខ និង​ភ្លើង​សាធារណៈ​នៅក្នុង​តំបន់​គម្រោង​។ ថ្លៃ​ចំណាយ​ចន្លោះ​ពី​២០​ដុល្លារ ទៅ​៥០​ដុល្លារ​ក្នុង​មួយខែ​។ សម្រាប់​ខុន​ដូ តម្លៃ​សេវា​គ្រប់គ្រង ពី ០.៥០ ទៅ ២ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ លើសពីនេះ​ទៀត ការរស់នៅ​ក្នុង​ខុន​ដូ តម្រូវឱ្យ​អ្នក​បង់ថ្លៃ​សេវា​ដូចជា​៖ ចំណតរថយន្ត ដែលមាន​តម្លៃ​ចាប់ពី ៥០​ដុល្លារ​ទៅ ៦០​ដុល្លារ​ក្នុង​មួយខែ​។ ដូចគ្នានេះ​ផងដែរ អ្នក​គួរតែ​ត្រៀម​ប្រាក់ សម្រាប់​គ្រឿងសង្ហារិម និង​ការជួលជុល​កែលម្អ នាពេល​អនាគត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com